តើនរណាដែលមានកម្រិត IQ ខ្ពស់ជាងអ្នកប្រាជ្ញ Albert Einstein និង Stephen Hawking?

Rtvik Patel ក្មេងប្រុស​ ដែលទើបតែមានវ័យ ១៤ឆ្នាំ ប៉ុណ្ណោះ តែមានទេពកោស ដ៏អស្ចារ្យ គឺបានធ្វើតេស្តវាស់កម្រិតនៃភាពវៃឆ្លាតរប​ស់ខ្លួន ដោយទទួលបានកម្រិត IQ ១៦២ វ៉ាដាច់ អ្នកប្រាជ្ញ Albert Einstein និង លោក Stephen Hawking ដែលអ្នកទាំង២នេះ មានកម្រិត IQ ១៦០ប៉ុណ្ណោះ។

ការចុះផ្សាររបស់សារព័ត៌មាន dailymail មិនបានបញ្ជាក់ថា​ ក្មេងប្រុសដ៏សែនឆ្លាតរូបនេះ មានសញ្ជាតិអ្វីនោះទេ តែបើយើងមើលពីមុខមាត់របស់គេ មើលទៅហាក់ដូចជាគេមានសញ្ជាតិជាជនជាតិឥណ្ឌា។ បច្ចុប្បន្ននេះ ក្មេងប្រុស Rtvik Patel បានចូលជា​សមាជិក នៃ អង្គការ Mensa ដែលជាអង្គការ ប្រមូលផ្ដុំទៅដោយអ្នកដែលមានកម្រិត IQខ្ពស់។

ជាមធ្យម មនុស្សពេញវ័យ មានកម្រិត​ IQ ១០០ ខណៈ លោក Albert Einstein អ្នកប្រាជ្ញអាល្លឺម៉ង់ដ៏ល្បី និង​ លោក ​Stephen Hawking អ្នកពូកែខាងព្យាករណ៍ដំណើរនៃភពផែនដី មាន IQ ចំនួន ១៦០។ Rtvik Patel បាននិយាយថារូបគេសប្បាយចិត្តណាស់នៅពេលដែលដឹងលទ្ធផលថា រូបគេមាន IQ ខ្ពស់ ពីការរំពឹងទុក ដោយលើសទាំង Albert Einstein ទៅទៀត។

កាលពីឆ្នាំមុន​ Rtvik Patel ត្រូវបានគេដាក់ចូលក្នុងបេក្ខជនកំពូល ទាំង៥០ទូទាំងប្រទេសជាកុមារដែលពូកែខាងគណិតវិទ្យា។ បច្ចុប្បន្ននេះ រូបគេកំពុងសិក្សា ភាសា ឡាតាំង គ្រិច អាល្លឺម៉ង់ និង បារាំង ហើយមិនតែប៉ុណ្ណោះ គេក៏ ហាត់កីឡា​ Karate ខ្សែប្រវ៉ាត់ខ្មៅផងដែរ។

គួរជម្រាប់ផងដែរថា Rtvik Patel​ មិនមែនជា កុមារដំបូងនោះទេដែល មានកម្រិត IQ ដ៏អស្ចារ្យនេះ។ កាលពីឆ្នាំ ២០១៥ក្មេង​ស្រីជនជាតិ ឥណ្ឌា ឈ្មោះ Lydia Sebastian វ័យ ១២ឆ្នាំ បានធ្វើតេស្ដ បាន IQ ១៦២ ក្នុងរយៈពេលធ្វើតេស្ដ ៥០នាទី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia