សហគ្រិន​វ័យក្មេង​៤​រូប នឹង​បើក​អាជីវកម្ម​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០១៩នេះ

សហគ្រិន​វ័យក្មេង​៤​រូប នឹង​បើក​អាជីវកម្ម​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០១៩​។ ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ រួមមាន MotorGears ផ្នែក​សេវាកម្ម និង​សំភារ​ម៉ូតូ​ធំ​, Malis សេវាកម្ម​សាឡ​ន​, ហាង​នាឡិកាដៃ​ម៉ាក​«​ពូ​-PU» និង GoGo Taxi Cambodia គឺជា​សេវាកម្ម​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី តាម​ទូរ​សព្ទ​។​
ខណៈ​អាជីវកម្ម​ជាច្រើន កំពុង​រីកដុះដាល​ជា​បន្តបន្ទាប់ ដោយ​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​គ្នា​នោះ សហគ្រិន​វ័យក្មេង ដែល​បើក​អាជីវកម្ម​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៩ បា​នរក​មធ្យោបាយ​ប្រជែង​ទីផ្សារ តាមរយៈ​ការបង្កើត App ដើម្បី​ផ្ដល់​សេវាកម្ម​រហ័ស​ងាយស្រួល ដល់​អតិថិជន​។​

GoGo Taxi Cambodia គឺជា​សេវាកម្ម​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី តាម​កម្មវិធី​ទូរ​សព្ទ​(Application)​ថ្មី​មួយទៀត ដែល​ទើប​ប្រឡូក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩​នេះ​។ GoGo Taxi Cambodia នឹង​ប្រកាស​ប្រតិបត្តិការ APP របស់ខ្លួន​ជា​ផ្លូវការ​នៅ​អំឡុង​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩​។ លោក ទូច ពិសិដ្ឋ សហ​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន GoGo Taxi Cambodia បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី​តាម​ទូរ​សព្ទ​មួយ​នេះ នឹង​បង្កើត​ជម្រើស​កាន់តែ​ល្អប្រសើ​សម្រាប់​អតិថិជន​។ ជាមួយគ្នានេះ GoGo Taxi Cambodia ចូលមក​បំពេញ​ភាពខ្វះ​ចន្លោះ​នៃ​ជំនួញ​មួយ​នេះ នៅក្នុង​ទីផ្សារ​បាន​។​

​ចំណែក​លោក មាស វុទ្ធី សហ​ស្ថាបនិក​ក្រុមហ៊ុន MotorGears ដែលជា​ក្រុមហ៊ុន​ផ្គត់​ផ្គង​សម្ភារ និង​សេវា​ថែទាំ និង​ជួសជុល​ម៉ូតូ​ធំ បាន​និយាយថា ក្រុមការងារ​លោក​កំពុង​រៀប app សម្រាប់​ឲ្យ​អតិថិជន ហៅ​សេវាកម្ម​ជួសជុល​ដល់ទី​កន្លែង និង​តុបតែង​ហាង​។ លោក វុទ្ធី បាន​បញ្ជាក់ថា App ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​នេះ នឹង​អាច​ឲ្យ​រួចរាល់ មុន​ពេលដែល​អាជីវកម្ម​លោក បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០១៩​។​

​សហ​ស្ថាបនិក​ក្រុមហ៊ុន MotorGears បានបញ្ជាក់​ដូច្នេះ​ថា​៖« ឥឡូវនេះ​យើង​កំពុង​រៀបចំ​ហាង​បាន​៩០​ភាគរយ​ហើយ យើង​បាន​ដំណើរការ​ជា​បណ្ដើៗ​ហើយ យើង​កំពុងតែ​សាកល្បង app ឲ្យ​មានដំណើរ​ការល្អ ។ app មានមុខ​ងារ​ជួយ​ដល់​អតិថិជន​អាច​ចូល​មើល​ពី​សម្ភារ​ម៉ូតូ​ដែល​ខ្លួន​ចង់បាន ទាំងពី​តម្លៃ អ្វីដែល​ពិសេស​នោះ​អាច​ហៅ​សេវាកម្ម​ជួសជុល និង​រក​ទីតាំង​យើង​តាមរយៈ app បាន​ផងដែរ ហើយ app អាច​កត់ត្រា​អត្តសញ្ញាណ​អតិថិជន​ពេលដែល​គាត់​មករក​សេវាកម្ម​ពួកយើង​»​។

​លោក សែត ពិទូរ្យ ស្ថាបនិក​ក្រុមហ៊ុន​នាឡិកា​ម៉ាក​ជា​ភាសា​ខ្មែរ «​ពូ​-PU» បានចាប់ផ្ដើម​ដំណើរការ​ជា​បណ្ដើរៗ​តាំងពី​ខែតុលា ឆ្នាំ​២០១៨​មកម្ល៉េះ ដើម្បី​សាក​ស្បង​នូវ​ផលិត​នាឡិកា​របស់ខ្លួន​។ តាមរយៈ​ការ​ចរាចរ​ផលិតផល​នាឡិកា​ម៉ាក​ខ្មែរ រយៈពេល​ជាង​៣​ខែ​មកនេះ លោក ពិទូរ្យ សង្កេតឃើញថា អាជីវកម្ម​របស់ខ្លួន អាចមាន​ដំណើរ​ការល្អ​ទៅ​ថ្ងៃ​អនាគត ក្រោយពី​មានការ​គាំទ្រ​ពី​អតិថិ​ជនជាតិ និង​អន្តរជាតិ​ផង ពោលគឺ​លោក​បាន​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​អារ៉ាប់ សហរដ្ឋអាមេរិក​ជាដើម​។

​ដោយសារ​ឃើញ​សក្ដានុពល​ផលិតផល​ខ្លួន​បែបនេះ ទើប​លោក ពិទូរ្យ គ្រោង​សម្ពោធ​អាជីវកម្ម​ជា​ផ្លូវការ នៅ​ចុងខែ​មករា​ឆ្នាំ​២០១៩​ខាងមុខនេះ ព្រោះ​បច្ចុប្បន្ន​លោក កំពុង​រៀបចំ​រចនាសម្ព័ន្ធ​បុគ្គលិក និង​រៀបចំ​កន្លែង​ថ្មី​ឲ្យ​កាន់តែ​ធំ​ជាង​មុន​។

​លោក​និយាយថា​៖« ខ្ញុំ​កំពុង​រៀបចំ​ការិយាល័យ​ថ្មី ព្រោះ​ត្រូវការ​ពង្រីក​បន្ថែម​ធំ​ជាង​មុន ដែលមាន​កន្លែង​តាំង​បង្ហាញ​នាឡិកា​ដល់​ភ្ញៀវ និង​រៀបចំ​ផ្នែក​នីមួយៗ​ឲ្យ​នៅ​ជិតគ្នា ព្រោះ​ពីមុន​ផ្នែក ដំឡើង​នាឡិកា​, ផ្លាក​ទិន និង​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ឆ្ងាយ​ពីគ្នា​ដែល​នាំ​ឲ្យ​ពិបាក​ធ្វើការ ដូច្នេះ​កន្លែង​ថ្មី​នេះ​យើង​ប្រមូល​មក​ជុំគ្នា​តែម្ដង ឲ្យ​ក្លាយជា​រោងចក្រ​មួយ​តែម្ដង ប្រហែល​ក្នុង​កំឡុង​ខែមករា​ឆ្នាំក្រោយ ដូច្នេះ​យើង​នឹង​អាច​សម្ពោធ​ជា​ផ្ឡូ​វ​កា​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ​»​។​

​ចំណែក​កញ្ញា ហួន ចាន់​ដេ​វី​ផា សហ​ស្ថាបនិក Malis ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​សេវាកម្ម​សាឡ​ន​សម្រាប់​សុភាពនារី ក៏​ត្រៀម​បើក​ដំណើរការ​អាជីវកម្ម​ខ្លួន​ជា​ផ្លូវការ​នា​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​ផងដែរ​។ ទាំងនេះ​គឺជា​សកម្មភាព​អាជីវកម្ម​ថ្មី​របស់​សហគ្រិន​វ័យក្មេង​៤​រូប ក្នុងចំណោម​សហគ្រិន​ជាច្រើនរូប​ទៀត ដែល​សារព័ត៌មាន​ថ្មីៗ​បាន​ជួប​សម្ភាស ពី​គម្រោង​អ្នកជំនួញ​វ័យក្មេង​នៅ​កម្ពុជា​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey