អាចជៀសបានជៀសទៅ! សារធាតុប្រើសម្រាប់រក្សាសាច់ អាចបង្កជំងឺមហារីក

នៅកិច្ចពិភាក្សាដឹកនាំដោយក្រុមស្រាវជ្រាវចំណីអាហារនិងអ្នកនយោបាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានដាក់ស្នើឲ្យរដ្ឋាភិបាលរឹត​បន្តឹងនិងហាមឃាត់​ការដាក់សារធាតុនីត្រាត​ដើម្បីរក្សាសាច់ និងអាហារវិចខ្ចប់តាមរោងចក្រ ដោយហេតុថាសារធាតុនីត្រាតអាចបង្កើតសារធាតុគីមី Nitrosamine ដែលជាប្រភេទសារធាតុអាចបង្កកោសិកាមហារីក។

សារធាតុនីត្រាតត្រូវបានគេប្រើប្រាស់លាយផ្សំជាមួយប្រភេទអាហារវេចខ្ចប់ជាច្រើនប្រភេទ ដើម្បីរក្សាទុកគុណភាពម្ហូប ឬក៏សាច់ឲ្យបានយូរ។ ទោះបីយ៉ាងណា ថ្មីៗនេះគេបានសិក្សារកឃើញថា សារធាតុនីត្រាត ដែលគេប្រើប្រាស់ជាពិសេសក្នុងអាហារវេចខ្ចប់ដូចជាសាច់ជ្រូកបីជាន់ សាច់ក្រក ប្រហិត សាច់ហែម ជាដើម ត្រូវបានចាត់ទុកជាសារធាតុ Carcinogen បានន័យថា សារធាតុគីមីដែលអាចបង្កហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីក។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា ហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកមានទាក់ទងនឹងសារធាតុនីត្រាត ដែលមិនថាអាហារវេចខ្ចប់ឡើយ សូម្បីបន្លែបៃតង និងផ្លែឈើមួយចំនួនដែលពុំមានការត្រួតពិនិត្យហ្មត់ចត់នៅតាមបណ្តាប្រទេសមួយចំនួនធំផងដែរ។

ដោយហេតុនេះហើយវាមានអន្តរាគមន៍ចូលរួមពីផ្នែកផ្សេងៗជាច្រើនទៀតដើម្បីទប់ទល់នឹងបញ្ហាប្រើប្រាស់នីត្រាតមានដូចជាអ្នកឯកទេសចំណីអាហារ ឯកទេសអាហារបំប៉ន អង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថាន Belfast នៃសាកលវិទ្យាល័យ Queen ជាដើម។

ទោះបីការប្រើប្រាស់សារធាតុនីត្រាត អាចជួយរក្សាគុណភាពនៃអាហារវេចខ្ចប់ក្តី និងប្រឆាំងនឹងពពួកបាក់តេរីមួយចំនួនក្តី ក៏ហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកគឺជាគុណ​វិបត្តិមួយ​ដ៏ធំធេងខ្លាំងណាស់ ដែលជាទុក្ខកង្វល់នៃសុខភាពសាធារណៈ ជាពិសេសប្រជាជនទូទាំងពិភពលោកពីព្រោះសារធាតុនេះត្រូវបានគេប្រើប្រាស់ទូទាំងសកលលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload