ប្រធានាធិបតីអាមេរិកតែ៣រូបគត់ ដែលសុខចិត្តយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ

កាន់ដំណែងជាមេដឹកនាំប្រទេសមិនមែនជាការងារងាយស្រួលនោះទេ ដូចនេះហើយត្រូវទទួលបានប្រាក់ខែខ្ពស់ខ្លាំងណាស់។ មេដឹកនាំខ្លះមានប្រាក់ខែខ្ពស់រហូតដល់ខ្ទង់លានដុល្លារឯណោះ ខណៈមេដឹកនាំខ្លះទទួលបានប្រាក់ខែតិចទៅតាមកំរិតសេដ្ឋកិច្ចក្នុងប្រទេសរបស់ពួកគេ តែក៏មានមេដឹកនាំពិភពលោកខ្លះមិនខ្ចីយកប្រាក់ខែនោះទេ ពីព្រោះពួកគេសុទ្ធតែជាសេដ្ឋីទៅហើយ។

(ពីឆ្វេងមកស្តាំ) ប្រធានាធិបតីអាមេរិក Herbert Hoover, John F. Kennedy និង Donald Trump

ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញមុខមេដឹកនាំដែលកាន់ដំណែងជាប្រធានាធិបតីអាមេរិកចំនួន ៣រូបគត់ ដែលសុខចិត្តយកប្រាក់ខែតែ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈមកទល់ពេលនេះ​ អាមេរិក មានប្រធានាធិបតីសរុបចំនួន ៤៤រូបមកហើយ។ តើប្រធានាធិបតីអាមេរិករូបណាខ្លះ​ដែលសុខចិត្តយកប្រាក់ខែតែ ១ដុល្លារក្នុងមួយឆ្នាំ៖

១)​ លោក Herbert Hoover​ ជាប្រធានាធិបតីអាមេរិកទី​​ ៣១ (កាន់ដំណែងនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ១៩២៩-​ ៤ ខែមីនា ឆ្នាំ១៩៣៣)

លោក Herbert Hoover កើតនៅថ្ងៃទី​ ១០ ខែសីហា ឆ្នាំ១៨៧៤ នៅក្នុងទីក្រុង West Branch, Iowa នៃប្រទេសអាមេរិក។ ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក គឺមកពីលោកធ្លាប់កាន់ដំណែងជា នាយកប្រតិបត្តិនៃក្រុមហ៊ុនជីកយករ៉ែ។ បន្ទាប់ពីទទួលសញ្ញាបត្រផ្នែកភូមិវិទ្យា ពីសាកលវិទ្យាល័យ Stanford រួចមក លោកបានទទួលការអនុញ្ញាតិឱ្យធ្វើអាជីវកម្មជីកយករ៉ែនៅរដ្ឋកាលីហ្វាញ៉ា, ភាគខាងលិចនៃប្រទេសអូស្រ្តាលី​ និងប្រទេសចិន។ សូមបញ្ជាក់ផងដែរថា លោកបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មឈ្មោះ​  Rio Tinto Group ដែលគ្របដណ្តប់ទៅលើការជីកយករ៉ែនៅទ្វីបចំនួន៦ មុនសង្គ្រាមលោក និងមុនចូលឆាកនយោបាយរបស់លោក។ សូមបញ្ជាក់ផងដែរថា កាលនោះលោកមានទ្រព្យសម្បត្តិសរុបចំនួន ៧៥លានដុល្លារអាមេរិក ហើយលោកយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

២) លោក John F. Kennedy ជាប្រធានាធិបតីអាមេរិកទី​ ៣៥ (កាន់ដំណែងនៅថ្ងៃទី​ ២០ ខែមករា ឆ្នាំ១៩៦១-២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣)

លោក John F. Kennedy កើតនៅថ្ងៃទី​ ២៩ ខែឧសភា ឆ្នាំ១៩១៧ នៅទីក្រុង Brookline រដ្ឋ Massachusetts ប្រទេសអាមេរិក។ លោកកើតក្នុងត្រកូលអភិជនម្នាក់ឈ្មោះ​ Joseph P. Kennedy ដែលមានទ្រព្យសម្បត្តិមហាសាល តែរូបលោកមិនបានទទួលកេរ្តិ៍មរតកពីឪពុករបស់លោកទេ ព្រោះទ្រព្យសម្បត្តិបានធ្លាក់ទៅលើកណ្តាប់ដៃបងប្អូនបង្កើតរបស់លោកទាំងអស់។ សូមបញ្ជាក់ផងដែរថា បងប្រុសរបស់លោកកាន់កាប់ជំនួញជាច្រើនដូចជា ធនាគារ, ការវិនិយោគ​, ផលិតកម្ម និងហិរញ្ញវត្ថុផ្សេងៗទៅលើ​ប្រាក់សម្រាប់អ្នកនយោបាយក្នុងប្រវត្តិសាស្រ្តអាមេរិក។​ គួរបញ្ជាក់ផងដែរថា លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុប ១០លានដុល្លារ (ហើយលោកយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ)​ ខណៈគ្រួសារ​ Kennedy ទាំងមូល មានទ្រព្យសម្បត្តិសរុបរហូតដល់ ១ពាន់លានដុល្លារឯណោះ តែគួរឱ្យស្តាយលោក John F. Kennedy ត្រូវគេលួចធ្វើឃាតនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ខណៈកំពុងកាន់ដំណែងនៅឡើយ។

៣)​ លោក Donald Trump សព្វថ្ងៃកំពុងកាន់ដំណែងជាប្រធានាធិបតីអាមេរិកទី​ ៤៥

លោក Trump កើតថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៤៦ នៅក្នុងទីក្រុងញូវយ៉ក និងបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania។ គាត់បានគ្រប់គ្រងជំនួញអចលនទ្រព្យរបស់គ្រួសារគាត់នៅក្នុងឆ្នាំ ១៩៧១ ហើយបានផ្លាស់ប្តូរឈ្មោះវាទៅជា “The Trump Organization” ហើយបានពង្រីកវាពីរដ្ឋ Queens និង Brooklyn ទៅ Manhattan ហើយនៅទីបំផុតទៅបណ្តាប្រទេសជាច្រើនទៀត។ លោក Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានវ័យចំណាស់ជាងគេ និងមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រធានាធិបតីអាមេរិក ហើយសព្វថ្ងៃនេះលោកមានទ្រព្យសម្បត្តិសរុបជាង ៤.៥ ពាន់លានដុល្លារអាមេរិក ហើយលោកយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, fool