ក្រោយល្បីថា ចិន​ ​រឹបអូស​យក​កំពង់ផែ​ដ៏​ធំ​បំផុត​របស់​កេ​ន​យ៉ា ពេលនេះរដ្ឋាភិបាលតបថា ……..

សារព័ត៌មាន​ក្នុងស្រុក​អាហ្វ្រិក​មួយ​បាន​ចុះផ្សាយ​ថា ចិន​នឹង​រឹបអូស​យក​កំពង់ផែ​ដ៏​ធំ​បំផុត​របស់​កេ​ន​យ៉ា ប្រសិនបើ​រដ្ឋ​ក្នុង​តំបន់​អាហ្វ្រិក​នេះ​ពុំមាន​លទ្ធភាព​សងបំណុល​ចិន​ទេនោះ​។ ក្រោយពី​ធ្លាយ​ដំណឹង​នេះ ប្រធានាធិបតី​កេ​ន​យ៉ា បានចេញ​មុខ​ទាត់ចោល​របាយការណ៍​នេះ ដោយ​ចាត់ទុក​វា​ថា ជាការ​លាប​ពណ៌​សម្រាប់​ផលប្រយោជន៍​នយោបាយ​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត លោក​ក៏​ប្តេជ្ញា​បន្ត​ខ្ចី​បុល​ពី​បរទេស​ទៀតផង​ដែរ ដើម្បី​អភិ​វ​ឌ្ឍប្រទេស​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​អាហ្វ្រិក​មួយ ឈ្មោះថា African Stand នាពេល​ឆាប់ៗ​ខាងមុខ កេ​ន​យ៉ា​ប្រហែលជា​នឹងត្រូវ​ប្រគល់​កំពង់ផែ Mombasa ដ៏​ធំ និង​អភិវឌ្ឍន៍​បំផុត​របស់ខ្លួន ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ប្រសិនបើ​ខ្លួន​ពុំមាន​លទ្ធភាព​សងបំណុល​ចិន​ទេនោះ​។

(ពីឆ្វេងមកស្តាំ) ប្រធានាធិបតី​កេ​ន​យ៉ា លោក Uhuru Kenyatta និងប្រធានាធិបតីចិនលោក Xi Jinping

​ជាការ​ឆ្លើយតប​នឹង​ការចុះផ្សាយ​នេះ នា​ជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ប្រធានាធិបតី​កេ​ន​យ៉ា លោក Uhuru Kenyatta បាន​ច្រានចោល​របាយការណ៍​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​នេះ និង​ចាត់ទុក​ថា ជាការ​លាប​ពណ៌​សម្រាប់​ផលប្រយោជន៍​នយោបាយ​តែប៉ុណ្ណោះ​។ យោងតាម​សារព័ត៌មាន​កេ​ន​យ៉ា The Star លោក Kenyatta បាន​បកស្រាយ​ថា រដ្ឋាភិបាល​លោក​ពុំមាន​បញ្ហា​ចោទ​ចំពោះ​បំណុល​របស់​ចិន​នោះទេ ហើយក៏​គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះដែរ​។

​មែនទែនទៅ កេ​ន​យ៉ា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​បី ជា​ប្រទេស​ដែល​ជំពាក់​បំណុល​ចិន​ច្រើនជាងគេបង្អស់ ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​២០០០ ដល់ ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ផ្តួចផ្តើម​ការស្រាវជ្រាវ​អាហ្វ្រិក-​ចិន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ បើតាម​ការប៉ាន់ស្មាន បច្ចុប្បន្ននេះ កេ​ន​យ៉ា​ជំពាក់​បំណុល​ចិន​សរុប​ប្រមាណ ៩,៨​ពាន់​លាន​ឯណោះ​។ ហើយ​ភាគច្រើន​នៃ​បំណុល​នេះ​គឺ​ចំណាយ​ទៅលើ​ការសាងសង់​ហេ​ដ្ឋ​រចនា​សម្ព័ន្ធជាតិ រួមមាន ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក​ជាដើម​។

កំពង់ផែ Mombasa របស់ប្រទេសកេនយ៉ា

​ទោះបីជា​មានការ​ព្រួយបារម្ភ និង​រិះគន់​យ៉ាង​ចាស់ដៃ​ពីសារ​ធារ​ណៈ​ពាក់ព័ន្ធ​នឹង ការបាត់បង់​សិទ្ធិ​កាន់កាប់​កំពង់ផែ Mombasa ក្តី លោក​ប្រធានាធិបតី​កេ​ន​យ៉ា Kenyatta បានលើកឡើង​ទៀតថា រដ្ឋាភិបាល​លោក​នឹង​នៅតែ​ប្តេជ្ញា​ខ្ចីបុល​បរទេស​បន្តទៀត ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រទេស​។ «​យើង​មិនបាន​ខ្ចីលុយ​ចិន​តែមួយ​នោះទេ ប៉ុន្តែ​យើង​ក៏បាន​ខ្ចីលុយ​ជប៉ុន​, បារាំង​, អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​ផងដែរ​»​។

​ឲ្យ​ពិត​ទៅ គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​របស់​កេ​ន​យ៉ា​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​វិថី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​ឆ្នាំ​២០១៣​។ អ្នកជំនាញ​អះអាងថា គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រាប់ពាន់​លាន​ដុល្លារ​របស់​ចិន​នេះ គឺមាន​គោលដៅ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​, អាហ្វ្រិក និង​អឺរ៉ុប​។​

​តួយ៉ាង គិត​ចាប់ពី​គម្រោង​នេះ​ត្រូវបាន​ប្រកា​សមក ចិន​បាន​ផ្តល់ប្រាក់​ក្នុង​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជាច្រើន​ក្នុង​តំបន់​អាហ្វ្រិក រួមមាន ផ្លូវដែក​ត​ភ្ជាប់​ប្រទេស Ethiopia និង Djibouti, ផ្លូវដែក​ត​ភ្ជាប់​ទីក្រុង ឆកសមុទ្រ Mombasa និង រដ្ឋធានី Nairobi ប្រទេស​កេ​ន​យ៉ា និង​ស្ពាន​ឆ្លង​សមុទ្រ​ក្នុងប្រទេស Mozambique ស្ថិតនៅ​អាហ្វ្រិក​ខាងកើត​ជាដើម​។

កំពង់ផែ Mombasa របស់ប្រទេសកេនយ៉ា

​ទោះបីជា ប្រធានាធិបតី ស៊ី ជីន​ភីង ធ្លាប់បាន​លើកឡើងថា គំនិត​ផ្តួចផ្តើម​នេះ​មាន​ដំណើរការ​ដោយ បើកចំហ​និង​បរិ​យា​ប័ន្ន និង​ពុំមាន​មហិច្ឆតា​ទាញយក​ផលប្រយោជន៍​ផ្តាច់មុខ​សម្រាប់​ចិន​ក្តី ក៏​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រង​ព្យុះ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អង្គការ​អន្តរជាតិ​, អ្នកជំនាញ​, បណ្តា​មេដឹកនាំ និង​មជ្ឈដ្ឋាន​អន្តរជាតិ​។​

​ដោយ​ពួកគេ​បាន​ចោទថា គម្រោង​នេះ​គ្រាន់តែ​ឧបករណ៍​នយោបាយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើប្រាស់ ក្នុង​គោលដៅ​បង្កើន​ការពឹងផ្អែក​កាន់តែខ្លាំង​លើ​ចិន​តែប៉ុណ្ណោះ​។ ហើយ​ការណ៍​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកជំនាញ​ព្រួយបារម្ភ​ថា ប្រទេស​ដែល​ជំពាក់​បំណុល​ចិន​កាន់តែច្រើន​នោះ នឹង​បាត់បង់​អធិបតេយ្យភាព​របស់​ពួកគេ ។

​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែមីនា ឆ្នាំ​២០១៧ ស្រីលង្កា​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​កាន់កាប់​លើ កំពង់ផែ​យុទ្ធសាស្ត្រ Hambantota ក្នុង​រយៈពេល ៩៩​ឆ្នាំទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះថា Merchant Port Holdings ដ្បិត​ខ្លួន​ពុំមាន​លទ្ធភាព​សងបំណុល​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១,៤​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នេះឡើយ​។ កំពង់ផែ​នេះ ត្រូវបាន​សាងសង់ឡើង​ជាមួយ​ទឹកប្រាក់​ដែល​ស្រីលង្ការ​ខ្ចីបុល​ពី​ចិន ហើយ​ឥឡូវនេះ វា​បាន​ធ្លាក់​ចូលក្នុង​កណ្តប់​ដៃ​របស់​ចិន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey