អុញនោះថាមែនៗ! ចិនប្រកាស​ប្រឆាំង​និងអាមេរិកយ៉ាង​ដាច់ខាត ចំពោះការ​….

រដ្ឋាភិបាលទីក្រុង​ប៉េកាំងនា​ថ្ងៃពុធនេះ បានសម្តែង​ការតវ៉ាជាខ្លាំងចំពោះ​សហរដ្ឋអាមេរិក ជុំវិញការ​ចុះហត្ថលេ​ខា​​លើច្បាប់មួយ ស្តីពី​ការផ្តល់ទំនុកចិត្ត​ឲ្យអាស៊ី (Asia Reassurance Initiative Act)។ នេះបើតាម​ការដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។

នាដើម​សប្តាហ៍​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​ឲ្យច្បាប់ខាងលើចូលជាធរមាន​ពេញលេញ​ ដែលជំរុញឲ្យ​អាមេរិកបង្កើនសកម្មភាព​ចូលរួមពាក់ព័ន្ធ​ នៅក្នុងកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាពង្រឹង​ការគាំទ្រ​ដល់​តំបន់នេះ​ ដោយរួមមាន​ទាំងការលក់សព្វាវុធ​ ដល់បណ្តាសម្ព័ន្ធមិត្ត​របស់ទីក្រុង​វ៉ាស៊ីនតោន ក្នុងនោះក៏មានកោះតៃវ៉ាន់​​ផងដែរ។

អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានលើកឡើងថា ច្បាប់ផ្តល់ទំនុកចិត្ត​ឲ្យអាស៊ីនេះ បំពានលើ​គោលនយោ​បាយ​ចិនតែមួយ និងប៉ះពាល់​ដល់​កិច្ចការផ្ទៃក្នុង​របស់ចិន។ បើតាម​លោក Lu ទីក្រុងប៉េកាំង​​ទទូចឲ្យ​អាមេរិកបញ្ឈប់​ការអនុវត្តច្បាប់នេះ ហើយដោះស្រាយបញ្ហា​តៃវ៉ាន់ឲ្យ​បានត្រឹមត្រូវ ដើម្បីចៀសវាង​​​ការបំផ្លិចបំផ្លាញ​ដល់ទំនាក់ទំនង​​ទ្វេភាគី ព្រមទាំង​សុខសន្តិភាព និងស្ថិរភាព​នៅតំបន់​ច្រកសមុទ្រ​តៃវ៉ាន់។

គួរជម្រាបថា ក្នុងថ្ងៃជា​មួយគ្នានេះ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បានកត់សង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជា​រឿងផ្ទៃ​ក្នុង​​​របស់ចិន ហើយមិនអនុញ្ញាត​ឲ្យមានការលូកលាន់ពី​ខាងក្រៅដាច់ខាត។ បន្ថែមពីនេះប្រធានាធិបតីចិនក៏បានអំពាវនាវឲ្យកោះតៃវ៉ាន់ មករួបរួម​ជាមួយទីក្រុងប៉េកាំង ដើម្បីទទួលបានការធានាសន្តិភាពយូរអង្វែង ខណៈចិនក៏បាន​ព្រមាន​ផងដែរថា ការប្រើប្រាស់កម្លាំងបាយនៅតែអាចកើតមាន ក្នុងករណីមានបរទេសណាមួយ​ចង់បំបែកកោះតៃវ៉ាន់ពីចិនដីគោកនោះ៕ឮ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia