ត្រឹមដំណាច់ឆ្នាំ ២០១៨ ខេត្តព្រះសីហនុ មានកាស៊ីណូសរុប ៨៨ទីតាំងឯណោះ

គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ចំនួនកាស៊ីណូនៅកម្ពុជា បានកើនឡើងដល់ចំនួន១៥០ ក្នុងនោះ ភាគច្រើន ជាអាជ្ញាប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការនៅខេត្តព្រះសីហនុ ដែលមានវិនិយោ គិនចិន និង ទេសចរចិន កំពុងស្នាក់នៅយ៉ាងច្រើន ។


យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច ដែលជានិយតករអាជីវកម្មកាស៊ីណូ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា ចំនួនអាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ សរុបគិតត្រឹមដំណាច់ឆ្នាំ ២០១៨ មានកំណើនរហូតដល់ទៅ ៥៣ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៧ ដែលមានចំនួនអាជ្ញាប័ណ្ណ សរុបមានត្រឹមតែ ៩៨ ប៉ុណ្ណោះ ។

ក្នុងចំណោមកាស៊ីណូ ដែលមានអាជ្ញាប័ណ្ណចំនួន ១៥០ នៅដំណាច់ឆ្នាំ ២០១៨ ក្នុងខេត្តព្រះសីហនុ មានទីតាំងកាស៊ីណូរហូតដល់ ៨៨ ទីតាំង ។
បើតាមការចេញផ្សាយ ក្រសួងសេដ្ឋកិច្ច ក៏កំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីព្រាងច្បាប់គ្រប់គ្រងកាស៊ីណូ និងអាជីវកម្មភ្នាល់ល្បែង ដើម្បីដាក់ឲ្យអនុវត្ត ដោយសង្ឃឹមថា ប្រាក់ចំណូលបានពីវិ ស័យនេះ នឹងកាន់តែកើនឡើងច្រើន ។


មានការកត់សម្គាល់ថា ក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មាត់សមុទ្រដ៏ល្បីល្បាញរបស់ កម្ពុជា កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈវិនិយោគិនជនជាតិចិនយ៉ាងច្រើន បានចាប់ផ្ដើមបង្កើត ដូចជា កាស៊ីណូ រមណីយដ្ឋានប្រណីត ភោជនីយដ្ឋាន ស្ដង់ និង ហាងលក់តាមដងផ្លូវ ។
ជាមួយគ្នានេះ កំណើននៃបើកកាស៊ីណូនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានផ្ដល់ផលវិជ្ជមានមួយចំនួន ដូចជាឱកាសការងារសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែការមានកាស៊ីណូកាន់តែច្រើន ក៏ត្រូវបានគេព្រួយបារម្ភថា អាចបង្កើតបញ្ហា ប្រសិនបើមិនមានការគ្រប់គ្រង់អោយបានត្រឹមត្រូវ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus