អំនួតពេកហើយ! ក្រោយពីចុះចាញ់ Floyd កីឡាករជប៉ុន Tenshin សារភាពថា…

កីឡាករប្រដាល់ជប៉ុន Tenshin Nasukawa និយាយថាគេបានមើលស្រាល Floyd Mayweather ប៉ុន្តែថាគេ​ក៏​មានក្ដីបារម្ភមុនប្រកួតចាញ់​សន្លប់ទឹក១ក្នុងការប្រកួតមិត្តភាពកាល​ពីថ្ងៃចន្ទទី៣១ខែធ្នូឆ្នាំ២០១៨។

អតីតជើងឯកពិភពលោក៥ប្រភេទទម្ងន់ជនជាតិអាមេរិកវ័យ៤១ឆ្នាំ Mayweather បានប្រើពេលត្រឹម១៤០វិនាទីប៉ុណ្ណោះដើម្បីបញ្ចប់ Nasukawa នៅតូក្យូ។Nasukawa វ័យ២០ឆ្នាំត្រូវបាន Mayweather វាយដួល៣ដងក្នុងមួយទឹក ហើយបានបញ្ចប់ការប្រកួតទាំងទឹកភ្នែក បន្ទាប់ពីក្រុមការងាររបស់គេបោះកន្សែងសុំចុះចាញ់។

Nasukawa ដែលមានប្រវត្តិប្រកួតផ្លូវការឈ្នះគ្រប់ប្រកួតទាំងប្រដាល់ kickboxing និង MMA និយាយថា៖ “តាំងពីការប្រកួតត្រូវបានបញ្ជាក់ ថ្ងៃបន្តបន្ទាប់មកនោះជាថ្ងៃរីករាយតែ​ក៏​មានលាយ​ក្ដីបារម្ភដែរ។ ខ្ញុំខកចិត្តចំពោះខ្លួនឯងតាំងពីខ្ញុំបានគិតថាខ្ញុំសមតែអាចធ្វើបានល្អជាងនេះ។ ប៉ុន្តែខ្ញុំនឹងប្រឈមនឹងការពិត ហើយនឹងបន្តទទួលការប្រកួតប្រជែងនានាទៀត”។

“ខ្ញុំបានដឹងថាខ្ញុំមិនបានប្រឹងហាត់គ្រប់គ្រាន់ដើម្បីទទួលបានឱកាសនេះទេ ហើយខ្ញុំនឹងប្រើបរាជ័យនេះដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំនិងឆ្ពោះទៅមុខក្នុងឆ្នាំនេះ”។

Mayweather លើសទម្ងន់៤គីឡូក្រាមក្នុងការប្រកួតដែលប្រើច្បាប់ប្រដាល់សកល ដែលវីរបុរសអាមេរិករូបនេះទទួលបានតម្លៃខ្លួន៩លានដុល្លារ។ទោះបែបនេះក្ដី Nasukawa អះអាងថា​គេមិនស្ដាយក្រោយឡើយចំពោះការយល់ព្រមវាយជាមួយ Mayweather។

“ខ្ញុំបានគិតថានេះជាឱកាសដែលមានតែម្ដងក្នុងឆាកជីវិត ហើយទោះបីមានភាពខុសគ្នាច្រើនលើប្រភេទទម្ងន់និងសមិទ្ធផលក្នុងអាជីព តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនត្រូវរត់ទេ ហើយត្រូវប្រកួតប្រជែង។ មិនថារឿងអ្វីខ្លះបានកើតឡើងទេ ខ្ញុំចាប់ផ្ដើមដឹងថា Mayweather ពិតជាអស្ចារ្យយ៉ាងណា។ ខ្ញុំជាអ្នកមើលស្រាលគាត់។ ខ្ញុំសន្យាថានឹងខិតខំឱ្យឈានដល់កម្រិតនោះ”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ keiladaily