ក្រុមហ៊ុន Microsoft ត្រូវសងជំងឺចិត្ត​​១,២០០ដុល្លារដល់បុរសម្នាក់ ព្រោះតែ….

គណៈប្រឹក្សាភិបាលដោះស្រាយជម្លោះ​នៃប្រទេសហ្វាំងឡង់ (CDB) បានបង្គាប់ឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក Microsoft សងថ្លៃជំងឺចិត្តដល់​បុរសជនជាតិហ្វាំងឡង់ម្នាក់ ដោយសារតែប្រព័ន្ធប្រតិបត្តិការ (OS) Window 10 ​សុខៗត្រូវបានដំឡើងដោយមិនមានការអនុញ្ញាតពីបុរសម្នាក់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

ការដំឡើង Window 10 បានចាប់ផ្តើមនៅពេលម្ចាស់កុំព្យូទ័រខាងលើ កំពុងតែធ្វើការងារនៅលើកុំព្យូទ័រ​របស់ខ្លួន កាលពី​ខែមីនា ឆ្នាំ២០១៦ ដោយពេលនោះ Microsoft មិនបានស្នើសុំការអនុញ្ញាត ហើយ​សមីខ្លួនផ្ទាល់ក៏ពុំបាន​ផ្តល់សិទ្ធិអនុ​ញ្ញាត​អ្វី​ដែរ។ ក្រោយមក ប្រព័ន្ធកុំព្យូរទ័រនោះបានចាប់ផ្តើមលោតចេញសារ Error ជាបន្តបន្ទាប់។

ជុំវិញរឿងនេះ CDB បានសន្និដ្ឋានថា ក្រុមហ៊ុន Microsoft គ្មានសិទ្ធិដំឡើង​ Window 10 ដោយពុំមានការយល់ព្រម​ឡើយ​ ហើយបញ្ហាបានកើតមានក្នុងការដំឡើងថែមទៀត ដូច្នេះ Microsoft មានភារកិច្ចត្រូវសងជំងឺចិត្ត​ដល់ម្ចាស់កុំព្យូទ័រ​។ CDB ក៏បានសម្រេចថា Microsoft ត្រូវសងថវិកាចំនួន១,២៥៣ដុល្លារ ដល់បុរសជនជាតិ​ហ្វាំងឡង់ខាងលើ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia