​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ សាកលវិទ្យាល័យ​ល្បីៗ​បំផុត​ នៅកម្ពុជាឆ្នាំ២០១៧

បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជា​ច្រើន ​កំពុង​បណ្ដុះ​បណ្ដាល​ជំនាញ ដ៏​សម្បូរ​បែប​ទៅ​កាន់​និស្សិត ដើម្បី​ក្លាយ​ជា​ធនធាន​មនុស្ស​​ពោរពេញ​ដោយ​សមត្ថភាព ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ។ ថ្ងៃ​នេះ Sabay សូម​ណែនាំ​សាកលវិទ្យាល័យ​ល្បី​ៗ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ និង​ឯកជន ព្រម​ទាំង​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។

១) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ចំពោះ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​សាធារណៈ​ដ៏​ល្បីល្បាញ​មួយ​នេះ គ្រប់​មុខ​ជំនាញ​ទាំង​អស់ ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៣០០ ទៅ​ ៥០០​ដុល្លារ។ ក្នុង​នោះ​ជំនាញ​សិក្សា​ល្បីៗ​រួម​មាន៖ អក្សរសាស្ត្រ​ខ្មែរ ទេសចរណ៍ វិស្វកម្ម ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ចិត្តវិទ្យា ជា​ដើម។

២) សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

ការ​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ដ៏​ចំណាស់​មួយ​នេះ​វិញ និស្សិត​ត្រូវ​បង់​ ៤៨០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​គ្រប់​ជំនាញ លើក​លែង​តែ​ថ្នាក់​សិក្សា​អន្តរជាតិ​ប៉ុណ្ណោះ។ ចំពោះ​មុខ​ជំនាញ​ ផ្ដោត​សំខាន់​​ជាង​គេ​នៅ​ក្នុង​សាកលវិទ្យាល័យ​នេះ មាន​ដូច​ជា ​ជំនាញ​នីតិសាស្ត្រ សេដ្ឋកិច្ច​ និង​ការ​អប់រំ​ពាណិជ្ជកម្ម ជា​ដើម។

៣) សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ឬ​ហៅ​កាត់​ថា (NUM) ក៏​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដ៏​ចំណាស់​មួយ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ឯ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិញ ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​បង់ ៥៤០​ដុល្លារ​ លើក​លែង​តែ​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស និង​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ផ្សេង។

៤) សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា

ចំពោះ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ឯកជន​ដ៏​ល្បីល្បាញ​នេះ​វិញ និស្សិត​ត្រូវ​បង់​​តាម​មុខ​វិជ្ជា​ ក្នុង​នោះ​១​មុខ​វិជ្ជា​តម្លៃ ៨២​ដុល្លារ ហើយ​ការ​សិក្សា​រយៈពេល ៤​ឆ្នាំ​មុខ​វិជ្ជា​សរុប​​ទាំង​អស់​មាន​ចំនួន ចន្លោះ​ពី ៤៥ ទៅ​ ៤៦​មុខ​វិជ្ជា។

៥) សាកលវិទ្យាល័យ​កម្ពុជា

ចំពោះ​ការ​បង់​ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​នេះ និស្សិត​ត្រូវ​បង់​តាម​មុខ​វិជ្ជា​ដែរ។ ក្នុង​នោះ​១​មុខ​តម្លៃ ៩០​ដុល្លារ ដោយ​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្នាក់​មូលដ្ឋាន​មាន ១០​មុខ​វិជ្ជា ហើយ​ចាប់​ពី​ឆ្នាំ​ទី ២ ឡើង​ទៅ​ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​សិក្សា ១២​មុខ​វិជ្ជា។

៦) សាកលវិទ្យាល័យ​ន័រតុន

ន័រតុន ជា​សាកលវិទ្យាល័យ​ដ៏​ធំ និង​ល្បី​ល្បាញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ចំពោះ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៥០០ ទៅ ៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៧) សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា

ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ តាម​កម្មវិធី​សិក្សា​ទូទៅ​និស្សិត​ត្រូវ​បង់ ចន្លោះ​ពី ៦៥០ ទៅ ៧៥០​ដុល្លារ​ទៅ​លើ​គ្រប់​ជំនាញ លើក​លែង​តែ​កម្មវិធី​សិក្សា​អន្តរជាតិ​និស្សិត​ត្រូវ​បង់ ១ ៦០០​ដុល្លារ ទៅ ២ ៤០០​ដុល្លារ។

៨) សាកលវិទ្យាល័យ​ហ្សាម៉ាន់

ចំណែក​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯក​ជន​ដ៏​ល្បីល្បាញ​នេះ និស្សិត​ត្រូវ​បង់​ថ្លៃ​សិក្សា​ចន្លោះ​ពី ៣ ០០០ ទៅ​៤ ០០០​ដុល្លារ​ក្នុង​១​ឆ្នាំ អាស្រ័យ​ទៅ​តាម​ជំនាញ​ដែល​ជ្រើស​រើស។

៩) សាកលវិទ្យាល័យ​បៀលប្រាយ

បៀលប្រាយ​ ឬហៅកាត់ជាភាសាអង់គ្លេស (BBU) ជា​សាកលវិទ្យាល័យ​ឯកជន មួយ​ដ៏​ល្បីល្បាញ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ធំៗ នៅ​ប្រទេស​កម្ពុជា។ ជា​ពិសេស​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯក​ជន​ដ៏​ធំ​នេះ មាន​ ៧​សាខា​ផ្សេងទៀត ក្រៅពីរាជធានីភ្នំពេញ ទូទាំង​ប្រទេស​ទៀត​ផង។ ចំណែក​ឯ​តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ក្នុង​១​ឆ្នាំ​និស្សិត​ត្រូវ​បង់​ចន្លោះ​ពី ៤០០ ទៅ ៦០០​ដុល្លារ​ប៉ុណ្ណោះ។ ចំពោះកម្មវិធីសិក្សាវិញរួមមាន៖ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងរហូតដល់ថ្នាក់បណ្ឌិត៕

 

បន្តចុចអាននៅទីនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay