ជៀសបានជៀសទៅ! អាហារ ៥ប្រភេទនេះធ្វើឱ្យ​អ្នក​មាន​អាកា​រៈ​ជំងឺ​ញ័រ​ទ្រូង​

មាន​កត្តា​ច្រើនណាស់​ដែល​រួមចំណែក​ធ្វើឱ្យ​អ្នក​ជួបប្រទះ​អាកា​រៈ ឬ​ជំងឺ​ញ័រ​ទ្រូង​ដូចជា ស្ត្រេ​ស​, ថប់​អារម្មណ៍​, ខ្វះ​គ្រាប់​ឈាមក្រហម​, ភ័យខ្លាច និង​សូម្បី​ការប្រើប្រាស់​ប្រភេទ​នៃ​ថ្នាំពេទ្យ​មួយចំនួន​ផងដែរ​។ ក្រៅពីនេះ​ក៏​នៅមាន​ប្រភេទ​នៃ​អាហារ និង​ភេសជ្ជៈ​ដែល​បង្កើន​អត្រា​នៃ​ចង្វាក់បេះដូង​គួរឱ្យកត់សម្គាល់​។ ថា​តើ​អាហារ និង​ភេសជ្ជៈ​អ្វី​ខ្លះទៅ​ដែល​បង្ក​អាកា​រៈ​ញ័រ​ទ្រូង​?
ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យ​អ្នក​ពី​អាហារ ក៏ដូចជា​ភេសជ្ជៈ​ដែល​អ្នក​គួរ​ជៀសវាង ប្រសិនបើ​មិន​ចង់​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ៖

១. គ្រឿង​ស្រវឹង​

​ការទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បង្ក​អាកា​រៈ​ញ័រ​ទ្រូង​ចំពោះ​អ្នក​ដែលមាន​ចង្វាក់បេះដូង​ធម្មតា​។ អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ជាប្រចាំ​បណ្ដាលឱ្យ​បេះដូង​របស់​ពួកគេ​ចុះខ្សោយ​ដោយ​ចង្វាក់បេះដូង​លោត​មិន​ទៀង ឬ​លោត​ញាប់​បង្ក​ជា​ជំងឺ Atrial fibrillation (​បេះដូង​លោត​មិន​ប្រក្រតី​)​។​

២. ឱសថ​រុក្ខជាតិ​

​មាន​ប្រភេទ​នៃ​ឱសថ​រុក្ខជាតិ​មួយចំនួន​អាច​បណ្ដាលឱ្យ​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​នៅពេល​ទទួលទាន​ច្រើន​។ ឧទាហរណ៍​ដូចជា ឱសថ​រុក្ខជាតិ ephedra (​អេ​ហ្វេ​ដ្រា​) ដែល​ត្រូវបាន​ប្រើ​ជាទូទៅ​សម្រាប់​ព្យាបាល​ជំងឺ​ផ្ដាសាយ និង​រោគសញ្ញា​នៃ​ប្រតិកម្ម​អា​ឡែក​ស៊ី​។ នៅពេល​ទទួលទាន​ច្រើន​អេ​ហ្វេ​ដ្រា​អាច​បណ្ដាលឱ្យ​បេះដូង​លោត​ញាប់ និង​ឡើង​សម្ពាធ​ឈាម​ដែលជា​លទ្ធផល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​គំរាមកំហែង​ដល់​អាយុជីវិត​គួរឱ្យ​ព្រួយបារម្ភ​។​

៣. អតុល្យភាព​នៃ​របប​អាហារ​

​ពិតណាស់​រាងកាយ​ត្រូវការ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​ដើម្បី​រក្សាសុខ​ភាពរឹងមាំ ជាពិសេស​អាច​ដំណើរការ​មុខងារ​សរីរាង្គ​ផ្សេងៗ​បាន​ត្រឹមត្រូវ​។ ទោះជា​យ៉ាងណាក៏ដោយ ជាតិ​រ៉ែ ឬ​វីតាមីន​ច្រើន ឬ​តិចពេក​អាច​បង្កបញ្ហា​សុខភាព​មួយចំនួន​។ ជា​ឧទាហរណ៍ ជាតិ​កាល់ស្យូម​ច្រើនពេក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យមាន​ការខូចខាត​ដល់​បេះដូង ខណៈដែល​កង្វះ​ជាតិ​កាល់ស្យូម​បង្កបញ្ហា​ញ័រ​ទ្រូង និង​ផលប៉ះពាល់​ផ្សេងៗ​ទៀត​។​

៤. កាហ្វេ​អុីន​

​អ្នក​អាច​ទទួលទាន​កាហ្វេ​, ទឹកក្រូច​កំប៉ុង​, តែ​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​, សូកូឡា និង​អាហារ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អុី​ន​បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ថា​នឹង​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ប្រសិនបើ​ក្នុង​កម្រិត​សមល្មម​។ ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អុីន​ច្រើនពេក​ដូចជា កាហ្វេ​ច្រើនជាង ៣ ពែង​ក្នុង​មួយថ្ងៃ​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ញ័រ​ទ្រូង​, ថប់​អារម្មណ៍ និង​គេង​មិន​លក់​។ ប្រសិនបើ​អ្នក​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង​នៅពេល​ទទួលទាន​កាហ្វេ ចូរ​ព្យាយាម​កាត់បន្ថយ​ការ​ទទួលទាន​រហូតដល់​អា​ការៈបាត់​ទៅវិញ​។​

៥. របប​អាហារ​សម្រក​ទម្ងន់​លឿន​

​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ចូរ​កុំ​ជ្រើសរើស​របប​អាហារ​សម្រក​ទម្ងន់ ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ញ័រ​ទ្រូង​បាន​។ របប​អាហារ​មាន​ជាតិ​ប្រូតេអុីន ឬ​ជាតិ​ខ្លាញ់​ខ្ពស់​អាច​បង្ក​ផលប៉ះពាល់​ដល់​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​។ ជា​លទ្ធផល​ធ្វើឱ្យមាន​ភាពប្រែប្រួល​ខុស​ប្រក្រតី​ក្នុង​ប្រព័ន្ធ​បេះដូង​។​

​ជំងឺ ឬ​អាកា​រៈ​ញ័រ​ទ្រូង​អាច​បង្ក​ភាពមិន​ស្រួល​ខ្លាំង ជាពិសេស​នៅពេល​វា​កើតឡើង​ភ្លាមៗ​ដោយ​នឹកស្មាន​មិន​ដល់​។ ការយកចិត្តទុកដាក់ ឬ​ផ្ដោត​សំខាន់​លើ​អ្វីដែល​អ្នក​កំពុង​ទទួលទាន គឺ​អាចជួយ​ទប់ស្កាត់​បញ្ហា​បាន​គួរឱ្យកត់សម្គាល់​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey