កម្ពុជាបានចាត់ទុកថា អង្គការ​កម្មវិធីស្បៀងអាហារពិភពលោក (WFP) ជា……

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា កម្ពុជាបានចាត់ទុកថា អង្គការ​កម្មវិធីស្បៀងអាហារពិភពលោក World Food Program (WFP) គឺជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយអនុវត្តនូវផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម តំណាងថ្មីអង្គការ​ World Food Program (WFP) លោកស្រី Francesca Erdelmann និងប្រគល់លិខិតសារតាំងនៅទីស្តីការក្រសួង ដែលលោកស្រី​ត្រូវបានអង្គការ World Food Program តែងតាំងជាតំណាងប្រចាំកម្ពុជា។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយដល់ប្រជាជនកម្ពុជា ក្នុងគ្រាលំបាកដែលកម្ពុជាខ្វះស្បៀងអាហារ ប៉ុន្ដែពលេនេះ WFP បានផ្លាស់ប្ដូរតួនាទី​របស់ខ្លួនពីការផ្ដល់ស្បៀងដើម្បីប្រជាជនរស់ ទៅជាដៃគូរបស់រាជរដ្ឋាភិបាលដល់ល្អ និងរឹងមាំ ជួយដល់យុទ្ធសាស្ដ្រអនុវត្តប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកស្រី Francesca Erdelmann បានប្រាប់ប្រមុខកាទូតកម្ពុជាថា WFP នឹងមានកម្មវិធីផែនការយុទ្ធសាស្ដ្រជាតិសម្រាប់ប្រជាជនកម្ពុជា ដែលនឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះ។ បើទោះបីផែនការនេះមិនទាន់អនុម័តក៏ពិតមែន ប៉ុន្ដែលោកស្រី បញ្ជាក់ថាយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា មានភាពដូចគ្នាយ៉ាងច្រើនទៅនឹងផែនការរបស់ WFP។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានសម្ដែងនូវការរីករាយ នៅពេលដែលបានលឺថា ផែនការយុទ្ធសាស្ដ្រប្រចាំប្រទេសរបស់ WFP មានសុគតភាព ជាមួយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia