ភ្ញាក់ផ្អើល! ប្រធានាធិបតី​ហ្វីលីពីន បង្ហាញ​បំណង​ចាក​ចេញពី​តំណែង ទោះជា…

នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបង្ហាញ​បំណង​ចាក​ចេញពី​តំណែង​ប្រធានាធិបតី​ហ្វីលីពីន ទោះជា​អាណត្តិ​របស់លោក​សល់​បួន​ឆ្នាំ​ទៀត​ក៏ដោយ​។ លោក ឌូ​ទើ​តេ បាន​លើក​ហេតុផល​ថា លោក​មាន​វ័យ​ចំណាស់ ហើយ​លោក​ក៏​គ្មាន​បំណង​អង្គុយ​កៅអី​ប្រធានាធិបតី​យូរ​ដែរ​។ ការប្រកាស​នេះ​ធ្វើឡើង ខណៈ​មានការ​បារម្ភ​ថា លោក ឌូ​ទើ​តេ ចង់​កាន់តំណែង​យូរ​ឆ្នាំ​ទៅមុខ តាមរយៈ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​។

«​ខ្ញុំ​នឹង​ចុះចេញ​នៅ​ឆ្នាំ​២០២០ ។ ខ្ញុំ​នឹងមិន​រង់ចាំ​ដល់​ឆ្នាំ​២០២២​ឡើយ ហើយ​ខ្ញុំ​ក៏​គ្មាន​មហិច្ឆតា​អ្វី​ទៀត​ដែរ​។ ខ្ញុំ​ចង់​សម្រាក​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែលជា​ការឆ្លើយតប​ទៅនឹង​ការ​លើកឡើងថា លោក​ចង់​កាន់អំណាច​មិន​លែង ហើយ​ក្លាយជា​ជន​ផ្ដាច់ការ​។ ប៉ុន្តែ​លោក​ចង់​សម្រេច​គោលដៅ​ធំ​មួយ​សិន មុននឹង​លាលែង​ពី​តំណែង គឺ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុវត្ត​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​តាមបែប​សហព័ន្ធ​និយម​។

គម្រោង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​រិះគន់​លោក ឌូ​ទើ​តេ ប្រតិកម្ម​យ៉ាងខ្លាំង​។ តាម​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​បច្ចុប្បន្ន បុគ្គល​ម្នាក់​កាន់តំណែង​ប្រធានាធិបតី​តែមួយ​អាណត្តិ​រយៈពេល​៦​ឆ្នាំ​ប៉ុណ្ណោះ និង​មិនអាច​បន្ត​អាណត្តិ​មួយទៀត​ឡើយ ឯ​អាណត្តិ​បច្ចុប្បន្ន​របស់លោក ឌូ​ទើ​តេ នឹងត្រូវ​ចប់​នៅ​ឆ្នាំ​២០២២ ។ ប៉ុន្តែ​ក្រោម​គម្រោង​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ លោក ឌូ​ទើ​តេ មាន​សិទ្ធិ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បន្តទៀត​។​

​បើតាម​សារព័ត៌មាន Manila Bulletin ក្នុង​ពិធី​មួយ​នៅឯ​ទីក្រុង​ម៉ា​រ៉ាវី​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​លោក ឌូ​ទើ​តេ បានប្រកាសថា លោក​គ្មាន​មហិច្ឆតា​កាន់អំណាច​យូរ​ដូច​គេ​និយាយ​ឡើយ​។ ប្រធានាធិបតី​វ័យ​៧២​ឆ្នាំ​រូបនេះ​បញ្ជាក់ថា លោក​ចាស់​ហើយ និង​ចង់​សម្រាក​ចូលនិវត្តន៍​នៅ​កន្លែង​ដែល​ស្អាត​។ ជាមួយគ្នា​នោះ បើ​ការកែ​រដ្ឋធម្មនុញ្ញ​ចេញ​កាន់តែ​ឆាប់ លោក​ក៏​អាច​ចាក​ចេញពី​តំណែង​កាន់តែ​ឆាប់​ដែរ មិនបាច់ចាំ​ដល់​ចប់​អាណត្តិ​ទេ​។

តាមពិតទៅ គម្រោង​កែ​រដ្ឋធម្មនុញ្ញ​នេះ អាច​នឹង​លេច​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​បំណង​របស់លោក ឌូ​ទើ​តេ ក៏​អាច​សម្រេច​បានដែរ​។ អតីត​អភិបាលក្រុង Davao រូបនេះ មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​ប្រជាជន ហើយ​លោក​ក៏មាន​សំឡេងគាំទ្រ​លើសលប់​នៅឯ​សភា​ទាំងពីរ​ជាន់​របស់​ហ្វីលីពីន​ផង​។ ប៉ុន្តែ​បញ្ហា​ដែល​រាំងស្ទះ​នោះ គឺ​សភា​ទាំងពីរ​មិន​ឯកភាពគ្នា​ដើម្បី​កោះប្រជុំ​រួមគ្នា​ពិភាក្សា​គម្រោង​នេះ​នៅឡើយ​។​

​ក្រៅពី​បញ្ហា​ទាក់ទង​លោក ឌូ​ទើ​តេ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៧​នេះ ក៏​នឹង​បញ្ចូល​ការលុបចោល​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ឆ្នាំក្រោយ ក៏ដូចជា​ពង្រីក​អាណត្តិ​មន្ត្រី​ជាប់ឆ្នោត​ទាំងអស់​រាប់ទាំង​សមាជិកសភា​ផង​។ ក្រុមប្រឆាំង​គម្រោង​នេះ​រិះគន់ថា វិសោធន​កម្មនេះ នឹង​នាំ​ហ្វីលីពីន​ទៅរក​របប​ផ្ដាច់ការ​ដូច​សម័យកាល​លោក Ferdinand Marcos ដែល​ក្រោយមក​ត្រូវបាន​បដិវត្តន៍​ប្រជាជន​ទម្លាក់​ពី​អំណាច​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey