ផ្អែមល្ហែមអ្វីម៉្លេះ! ឱក សុគន្ធកញ្ញា ដឹកដៃអនាគត​ស្វាមីទៅលេង​ប្រទេសចិន

កំពូលតារាចម្រៀងលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេសង្កេតឃើញថា នាងនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ ពីសំណាក់មហាជន ស្ទើរគ្រប់ស្រទាប់ បានភ្ជាប់ពាក្យមានគូដណ្ដឹង ជាមួយប្អូន​ប្រុស​ថៅកែ​ផលិតកម្មហង្សមាស គឺលោក អ៊ឹង សុខលី រួចមកហើយក្ដី។ ថ្មីៗនេះស្រីស្រស់ ឱក សុគន្ធកញ្ញា បានដឹកដៃលោក អ៊ឹង សុខលី ​ជាគួស្នេហ៍ នាំគ្នាទៅជិះស្គីលេងយ៉ាងសប្បាយ ក្នុងប្រទេសចិន ក្នុងស្ថានភាពអាកាសធាតុដ៏ត្រជាក់។

យ៉ាងណាមិញ ទោះបីជាមិនទាន់បង្ហើបពីថ្ងៃ រៀបមង្គលការឲ្យជាក់លាក់ តែតារាស្រីមានប្រជាប្រិយភាព​រូបនេះ តែងតែបង្ហាញ​ភាពផ្អែមល្ហែម ជាមួយគូដណ្ដឹងរបស់ខ្លួនកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើបណ្ដាញហ្វេសប៊ុក ធ្វើឲ្យហ្វេនៗជាច្រើន បញ្ចេញក្ដី​រំភើបជំនួស។ ជាក់ស្ដែង ចូលដល់ឆ្នាំ២០១៩ភ្លាម ​ស្រីស្រស់រូបនេះ​ ​និង ​អនាគត​ស្វាមី​ បានបណ្តើរ​គ្នា​​ទៅ​លម្ហែកាយ យ៉ាងរីករាយនៅ​ឯប្រទេស​ចិន ដើម្បីបង្កើនការយល់ចិត្ត​យល់ថ្លើមគ្នា កាន់តែស៊ីជម្រៅ មុនពេលមង្គលការមកដល់។

ជាការពិត ​នៅ​លើ​វាល​ទឹក​ក​ក​ដល់សែនត្រជាក់ កញ្ញា ឱកសុគន្ធកញ្ញា បាន​បង្ហាញ​សារ​យ៉ាង​មានន័យថា ​«អាកាសធាតុ​ត្រ​​ជាក់​ តែ​បេះដូង​នាង​មិន​ត្រជាក់​ទេ​»។​​ តាមរយៈរូបភាព ​សារ​ខ្លី​នេះ​របស់កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមសម្ដែង ការសរសើរ និងជូនពរគូស្នេហ៍មួយគូនេះ ឲ្យទទួលបានសុភមង្គល យូរអង្វែងទៀត រហូតដល់ចាស់កោងខ្នងផងដែរ​។​

គួរជម្រាប​ថា នេះមិនមែន​ជា​លើកទីមួយ​ទេ ​ក្នុង​ការ​​ធ្វើដំណើរកម្សាន្ត​នៅ​ក្រៅប្រទេស ពីសំណាក់តារាចម្រៀងស្ថិតក្នុងដួងចិត្ត​យុវវ័យ ឱក សុគន្ធកញ្ញ ​ជាមួយ​គូ​ដណ្តឹង​ ​ខណៈដែលកន្លងមក នាងធ្លាប់បានធ្វើដំណើរកម្សាន្ត យ៉ាងរ៉ូមែនទិច ជាមួយលោក អ៊ឹង សុខលី នៅប្រទេសផ្សេងៗជាច្រើនទៀត ជាក់ស្ដែងមានដូចជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញនៃកោះម៉ាល់ ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia