ពិសេសអ្វីម៉្លេះ! ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ មានបំពាក់​ដោយ​ QR Code​ …….

គិត​ត្រឹម​រយៈពេល​១៦ខែ​កន្លង​ទៅ​នេះ​ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ សាងសង់​សម្រេច​បាន​ប្រហែល​៤០%​ ទៅ​ហើយ​ និង​កំពុង​ឈាន​ដល់​ដំណាក់កាល​ដាក់​កៅអី​ ខណៈ​ការ​សាងសង់​ប្រើ​សុទ្ធតែ​ឧបករណ៍​ទំនើប​បំផុត។​ ពីរ​ចំណុច​ដែល​អស្ចារ្យ​នោះ​ ទី១​ដងសន្ទូច​អាច​លើក​ទម្ងន់​ដល់​ទៅ​៨០​តោន​ និង​ទី២​ កៅអី​បំពាក់​ដោយ​ QR Code​ ថែម​ទៀត​ផង។​

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​កោត​សរសើរ​ជា​ខ្លាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​នេះ​ពី​​​វិស្វករ​ កម្មករ​ ចិន​ និង​ខ្មែរ។​ ការ​សាងសង់​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​បច្ចេកវិទ្យា​ និង​ឧបករណ៍​ទំនើប​ៗ​បំផុត​។ ជាក់ស្តែង ឧបករណ៍​ស្ទូច​ធំ​ដែល​ប្រើ​រាល់ថ្ងៃ​នេះ​ គឺ​មាន​ដំបូង​គេ​នៅ​កម្ពុជា​ ហើយ​យក​មក​ពី​ប្រទេស​ចិន​ចំនួន​២​ប៉ុណ្ណោះ​ អាច​ស្ទូចសម្ភារៈ​ដែល​មាន​ទម្ងន់​ដល់​ទៅ​​៨០​តោន​បាន។​ ចំណែក​វិញ​ កៅអី​មាន​ QR Code​ នៅ​ពេល​ដែល​ដាក់​ចូល​រួច​ហើយ​ បន្ទាប់​មក​ស្កេន​ (Scan)​ ទៅ​នឹង​មាន​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​គេ។​ អ្នក​នៅ​ក្នុង​ការិយាល័យ​អាច​ដឹង​ថា​ កៅអី​នោះ​មាន​លក្ខណៈ​ត្រឹមត្រូវ​យ៉ាង​ណា​ខ្លះ​ និង​​ដាក់​កន្លែង​ណា​នៅ​ក្នុង​ស្តាត​នោះ។​

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូប​នេះ​លើក​ឡើង​ទៀត​ថា​ បើ​តាម​គម្រោង​ពហុ​កីឡដ្ឋាន​នេះ​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំ​២០២០​ ហើយ​នឹង​ត្រូវ​ប្រគល់​ជូន​កម្ពុជា​នៅ​ពេល​នោះ​តែ​ម្ដង។​ ឯកឧត្ដម​​ក៏​បាន​​អរគុណ​ដល់​ភាគី​សហការ​ទាំង​អស់​មិន​ថា​ភាគី​ខាង​ចិន​ ឬ​ក្រសួង​នានា​នៅ​កម្ពុជា​នោះ​ទេ​ ដែល​បាន​ខិតខំ​ជួយ​សម្រួល​ក្នុង​ការ​កសាង​នេះ។​

រំលឹក​ដែរ​ថា​ ឯកឧត្ដម​ ថោង​ ខុន​ បាន​ចុះ​ទៅ​ពិនិត្យ​​មើល​ការ​ដំឡើង​​​កៅអី​​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ​មរតក​តេជោ​កាល​​ពី​​​ថ្ងៃ​ទី៩​ ខែ​មករា​ ២០១៩​ នេះ​ អម​ដោយ​សហព័ន្ធ​កីឡា​មួយ​ចំនួន​ និង​តំណាង​ក្រសួង​នានា​។​ ដោយ​ឡែក​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ខាង​លើ​នេះ​គ្រោង​ចំណាយ​ប្រហែល​១៦០​លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sport.sabay