ឃើញ Selena Gomez នៅ Single អ្នកប្រដាល់ 6 pack ម្នាក់នេះចង់ញ៉ែភ្លាម

ក្រោយពីបែកបាក់ស្នេហាជាមួយតារាចម្រៀងប៉ុបដ៏ល្បី លោក Justin Bieber មក នាង Selena Gomez បានទុកជីវិតរបស់នាង ឲ្យនៅទំនេរមិនទាន់ឲ្យបុរសណាម្នាក់ ចូលក្នុងបេះដូងរ​បស់​នាងនោះទេ។ ហើយសព្វថ្ងៃនេះ នាងក៏កំពុងតែធ្វើខ្លួនឲ្យសប្បាយរីករាយ ដើម្បីឲ្យជំងឺផ្លូវចិត្តរបស់ខ្លួន កាន់តែធូរស្រាលផងដែរ។

ដោយឡែក ស្រាប់តែថ្មីៗនេះ មានកីឡាករប្រដាល់រូបសង្ហាម្នាក់ ឈ្មោះថា Ryan Garcia បាននិយាយប្រកាសក្តែងៗ ទៅកាន់ទូស្សនាវដ្តីដ៏ល្បីរបស់អាមេរិកឈ្មោះ TMZ ថា៖ “ពេលនេះ Selena នាងនៅទំនេរ ដូច្នេះហើយសូមផ្តល់ឱកាសឲ្យខ្ញុំផង” លោកបានបន្តទៀតថា៖ “បើនាងព្រមទទួលយកខ្ញុំ ខ្ញុំនឹងការពារនាង”។

គួរបញ្ជាក់ផងដែរថា កម្លោះសង្ហារូបនេះ ទើបតែមានវ័យ២០ឆ្នាំ ដោយរូបលោកមានអាយុក្មេងជាងនាង Selena Gomez ដល់ទៅ៦ឆ្នាំឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ លោកគឺជាកីឡាករប្រដាល់មួយរូប ដែលឆាប់ទទួលបានប្រជាប្រិយភាពខ្លាំង ជាមួយនឹងកំណត់ត្រាឈ្នះ ១៧-០ ហើយរូបលោក ថែមទាំងបានចុះកុងត្រា ជាមួយនឹងក្រុមហ៊ុន Golden Boy Promotion របស់កីឡាករប្រដាល់ Oscar De La Hoya ថែមទៀតផង។

ក្រោយពីលោក Ryan និយាយបែបនេះមក មហាជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាកីឡាករប្រដាល់រូបនេះ កំពុងតែចង់ញ៉ែញ៉ង និងមានកូនចិត្តស្រលាញ់នាង Selena Gomez អតីតសង្សាររបស់លោក Justin Bieber នោះទេ។ ចំណែកឯ នាង Selena Gomez វិញ នាងហាក់គ្មានប្រតិកម្មអ្វីចំពោះ ព័ត៌មាននិងពាក្យសម្តីរបស់កីឡាករវ័យក្មេង​នោះទាល់​តែសោះ ព្រោះថាពេលនេះ នាងកំពុងតែផ្តោតលើការព្យាបាលជំងឺផ្លូវចិត្តរបស់ខ្លួន តែម៉្យាងគត់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload