ទីបំផុត! Iniesta សារភាពថា ខ្លួន​ធ្លាប់មាន​ជំងឺ​បាក់​ទឹកចិត្ត (depression)

ខ្សែបម្រើ​ឆ្នើម Andres Iniesta បាន​រៀបរាប់​ពី​ជំងឺ​បាក់​ទឹកចិត្ត (Depression) ដែល​កើត​ឡើងលើ​ខ្លួន​នៅក្រោយពេល​ឈ្នះ​ពានរង្វាន់​ចំនួន​៣​ជាមួយ Barcelona នៅ​រដូវ​កាល ២០០៨-២០០៩​។​
Iniesta ដែល​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប Vissel Kobe នៃ​លី​គ​កំពូល​ជប៉ុន បាន​អធិប្បាយ​ថា​ខ្លួន​បាន​តស៊ូ​នឹង​ជំងឺ Depression អស់​រយៈ​ប៉ុន្មាន​ខែ បន្ទាប់ពី​មិត្តភក្តិ​របស់គេ​ឈ្មោះ Dani Jarque ដែលជា​អតីត​ប្រធាន​ក្រុម Espanyol បាន​ស្លាប់​ដោយសារ​ជំងឺខ្សោយបេះដូង​ក្នុង​។​

​អតីត​សមាជិក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៤​ឆ្នាំ បាន​ចុះ​ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់ខ្លួន​ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១៦ ដោយ​សរសេរថា​ក្នុងស្ថានភាព​ដ៏​លំបាក​បែបនេះ​មនុស្ស​អាចធ្វើ​អ្វី «​ឆ្កួតៗ​»​។​
Iniesta រៀបរាប់ថា​៖«​វា​បានចាប់ផ្តើម​បន្ទាប់ពី​ខ្ញុំ​បានឈ្នះ​ពាន​បី​ជាមួយ Barca នៅ​រដូវ​កាល​២០០៨-២០០៩​។ ខ្ញុំ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​ទល់នឹង Chelsea (​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League) អ្នកឈ្នះ​ពាន​បី​ផ្សេងគ្នា​ក្នុង​ឆ្នាំ​តែមួយ ដែលជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ … ហើយ​មុន​ឆ្លង​ចូលទៅ​រដូវ​កាល​ថ្មី​អំឡុង​ការប្រកួត​កំដៅ​សាច់ដុំ ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍មិនល្អ​តែម្តង​»​។​

​ក្នុង​បទ​សម្ភាស​របស់​ទូរទស្សន៍ La Sexta ដែល​សួរថា​តើ​គាត់​អាច​នឹង​យក​ជីវិត​ខ្លួន​របស់គាត់​ដែរ​ទេ Iniesta ឆ្លើយថា «​មែនហើយ​អ្នក​កំពុងនិយាយ​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​។ មិនមែន​ដោយសារតែ​ខ្ញុំ​ចង់​ធ្វើ​វា ឬ​គិតថា​នឹងធ្វើ​វា​នោះទេ ប៉ុន្តែ​ដោយសារតែ​អ្នក​មិនមែនជា​របស់​ខ្លួនឯង (​ប្រព្រឹត្ត​រឿង​អ្វីមួយ​ដោយ​មិនដឹង​ខ្លួន​)»​។​

Iniesta ដែល​លេង​ឲ្យ Barcelona ១៦​រដូវ​កាល​បន្ថែមថា នៅពេល​អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​បែបនេះ​គឺ​វា​ពិបាក​ក្នុងការ​គ្រប់គ្រង​ខ្លួនឯង​ណាស់ ហើយ​អ្វីៗ​អាច​កើតឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ពួកគេ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ព្រោះ​គិតថា​ពួកគេ​មិនល្អ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey