គួរស្វែងយល់! មិន​ចង់​កើត​ជំងឺ​ធ្លាក់​ទឹកចិត្តជៀសឱ្យផុត​ពី​ទម្លាប់ជា​ប្រចាំទាំងនេះ​

ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ជា​បញ្ហា​ផ្លូវចិត្ត​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​។ មនុស្ស​ភាគច្រើន​គិតថា អាកា​រៈ​នៃ​ជំងឺ​នេះ​គ្រាន់តែ​ធ្វើឱ្យ​ពិបាកចិត្ត​ខ្លាំង​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ជំងឺ​ធ្លាក់​ទឹកចិត្ត ជា​អ្វីមួយ​ដែល​អាចធ្វើឱ្យ​អ្នកជំងឺ​ក្លាយជា​ខ្ជិល​មិន​ចង់​ធ្វើ​អ្វី​សោះ​, អស់សង្ឃឹម​, ហត់នឿយ​ផ្លូវចិត្ត ហើយ​ករណី​ធ្ងន់ធ្ងរ គឺ​គ្មាន​អារម្មណ៍​ចង់​រស់នៅ​បន្តទៀត​។ អ្នក​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត​គួរ​ទទួលយក​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្លូវចិត្ត​ដើម្បី​អាចមាន​អារម្មណ៍​ថា​ចង់​រស់នៅ​ដូច​ធម្មតា​វិញ​ឈប់​គិត​ចង់​សម្លាប់ខ្លួន​។ ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​កើនឡើង​ដោយសារ​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ដែល​អ្នក​ប្រហែលជា​ស្មាន​មិន​ដល់​។ ថា​តើ​ទម្លាប់​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរ​ជៀសវាង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​?
ខាង​ក្រោម​នេះ​​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ទាំងនោះ ៖

១. ការទទួល​ទាន​អាហារ​កែច្នៃ​

​យោងតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា ទោះបី​ជាការ​ទទួលទាន​ដំឡូងបារាំង​បំពង​, ដំឡូងបារាំង​ចៀន ឬ​អាហារ​កែច្នៃ​ដទៃទៀត​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយ​ចិត្តបាន ប៉ុន្តែ​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​សឹង​គ្រប់ពេល​អាច​បង្ក​ជា​បញ្ហា​ធ្លាក់ទឹក​ចិត្ត​នៅ​ថ្ងៃ​ណាមួយ​នាពេល​អនាគត​។ មកទល់នឹង​ពេល​សព្វថ្ងៃនេះ ការសិក្សា​ស្រាវជ្រាវ​កាន់តែ​ច្រើនឡើងៗ​កំពុង​ព្យាយាម​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការ​ទទួលទាន​អាហារ​កែច្នៃ​។ វេជ្ជបណ្ឌិត​ជាច្រើន​ជឿថា គ្រឿងផ្សំ​មួយចំនួន​នៅក្នុង​អាហារ​កែច្នៃ រួមបញ្ចូល​ទាំង​ស្ករ​ចម្រាញ់​, សារធាតុ GMO’s, សារធាតុ​គ្លូ​ទែន (Gluten) និង​គ្រឿងផ្សំ​សិប្បនិម្មិត​បន្ថែម​រសជាតិ​ផ្សេងទៀត គឺអាច​បង្ក​ការរំខាន​ដល់​សារធាតុ​គីមី​របស់​ខួរក្បាល​ដែល​នឹង​នាំឱ្យ​កើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

២. ការ​ចំណាយពេល​ច្រើនពេក​លើ​បណ្ដាញ​សង្គម​

​យោងតាម​ការ​ស្ទាបស្ទង់​មតិ​សាកលវិទ្យាល័យ​រដ្ឋ Michigan សហរដ្ឋអាមេរិក ឆ្នាំ ២០១៣ បានឱ្យដឹងថា អ្នក​ដែល​សារភាពថា​បាន​ចំណាយពេល​ច្រើន​លើ​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​តាមរយៈ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ច្រើន​ជួបប្រទះ​រោគសញ្ញា ឬ​អាកា​រៈ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​។ ហើយ​សូម្បីតែ​ការចំណាយ​ច្រើនពេក​មើល​ទូរទស្សន៍ ខណៈពេល​ស្ដាប់​ចម្រៀង​ក្នុង​កុំ​ព្យូ​រ​ទ័​រ និង​លេង​បណ្ដាញ​សង្គម​ផ្សេងៗ​ក្នុង​ទូរស័ព្ទដៃ ក៏​ជា​សកម្មភាព​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការកើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។​

៣. ការជក់បារី​

​ទម្លាប់​នៃ​ការជក់បារី​មិន​ត្រឹមតែ​បង្កបញ្ហា​ដល់​សួត និង​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផងដែរ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ ២០១៥ លើ​មនុស្ស​ចំនួន ៦៥០០​នាក់ ដែលមាន​វ័យ​លើ ៤០ ឆ្នាំ​បាន​បង្ហាញថា ប្រមាណ​ជា ១៨​ភាគរយ (18%) នៃ​អ្នក​ដែល​ជក់បារី​ប្រឈមមុខ​នឹង​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ចំណែក​អ្នក​ដែល​មិន​ជក់បារី គឺ​គ្មាន​រោគសញ្ញា​ណាមួយ​នៃ​ជំងឺ​ធ្លាក់​ចិត្ត​លេចឡើង​ឡើយ​។ ការសិក្សា​ស្រាវជ្រាវ​ដដែល​នេះ​ក៏បាន​រកឃើញ​ផងដែរ​ថា អ្នក​ដែល​ផ្ដាច់​បារី​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ចិត្ត​គួរឱ្យកត់សម្គាល់​។​

៤. ចូល​គេង​យប់​ជ្រៅ​

​ប្រសិនបើ​អ្នកមាន​ទម្លាប់​យូរៗ​ចូល​គេង នោះ​ឱកាស​នៃ​បញ្ហា​គេង​មិន​គ្រប់ ឬ​កង្វះ​ការ​គេង​ប្រាកដជា​នឹង​លេចឡើង​។ ហើយ​នៅពេល​អ្នក​គេង​មិនបាន​គ្រប់​នោះ​អ្នក​ប្រាកដជា​ងាយ​នឹងមាន​អារម្មណ៍​សោកសៅ​មិន​សប្បាយចិត្ត​នៅ​ថ្ងៃ​បន្ទាប់​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញថា អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ​ច្រើនតែ​មានគំនិត ឬ​ការគិត​អវិជ្ជមាន ហើយ​ការគិត​ច្រើន​បែបនេះ គឺជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​ការវិវត្តន៍​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

៥. នៅ​ជាមួយ​អ្នក​ដែលមាន​គំនិត​អវិជ្ជមាន​

​ថ្ងៃ​ណាមួយ​អ្នកនឹង​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជាក់​មិន​ខាន ប្រសិនបើ​មនុស្ស​ជុំវិញខ្លួន​អ្នក​សុទ្ធតែ​មានគំនិត​អវិជ្ជមាន​, មិន​ផ្ដល់យោបល់​ល្អៗ​បែរជា​រៀបរាប់​តែ​រឿងរ៉ាវ​ពិបាក​នាំឱ្យ​ធ្លាក់​ទឹកចិត្ត​។ យោងតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា អ្នក​ងាយ​នឹងមាន​អារម្មណ៍​ពិបាកចិត្ត​ខ្លាំង ប្រសិនបើ​អ្នកចំណាយ​ពេល​នៅ​ជាមួយ​អ្នក​ដែល​គ្មាន​ការគិត​វិជ្ជមាន ហើយ​តែង​និយាយ​រឿង​បាក់​ទឹកចិត្ត​លែង​ចង់​រស់​ប្រាប់​អ្នក​សឹង​គ្រប់ពេល​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey