សម្រាប់ស្ត្រី គួរជៀសវាងទម្លាប់អាក្រក់ ៨ចំណុច ដែលអាចបង្ករគ្រោះថ្នាក់

ការសម្អាត និងរក្សាអនាម័យខ្លួន សម្រាប់មនុស្សស្រី គឺជារឿងដែលសំខាន់បំផុត។ ក្នុងនោះដែរ ទម្លាប់របស់មនុស្សស្រីមួយចំនួន ដែលធ្លាប់ធ្វើមកជារៀងរាល់ដង បែរជាអាចបង្កគ្រោះថ្នាក់​ដល់សុខភាព នៅពេលមានអាយុច្រើនទៅៗទៅវិញ។

ខាងក្រោមនេះ គឺជាទម្លាប់មិនល្អ ៨ ចំណុច ដែលអ្នកត្រូវតែចៀសវាងចាប់ពីថ្ងៃនេះតទៅ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់សុខភាព ពេលមានអាយុច្រើន នៅថ្ងៃអនាគត ៖

១) សម្អាតប្រដាប់ភេទ ដោយប្រើសាប៊ូ

ការដុសសម្អាតកន្លែងពិសេស ដោយប្រើសាប៊ូ មិនមែនជារឿងល្អទេ ពីព្រោះសាប៊ូទាំងនោះមានសារធាតុគីមី ដែលអាចជ្រាបចូលទ្វារមាស រហូតធ្វើឲ្យស្ងួត និងរមាស់។ ការសម្អាត ដោយប្រើទឹកធម្មតា គឺគ្រប់គ្រាន់ហើយ។ មួយវិញទៀត ទ្វារមាសរបស់មនុស្សស្រី មានសមត្ថភាពអាចលាងសម្អាតដោយខ្លួនឯង ដោយការផលិតទឹករំអិលផងដែរ។

២) មិនផ្លាស់ប្តូរសំឡីអនាម័យពេញមួយថ្ងៃ

សូមចងចាំថា អ្នកត្រូវតែធ្វើការផ្លាស់ប្តូរសំឡីអនាម័យ នៅរៀងរាល់ ៤ ម៉ោងម្តង ដើម្បីការពារការឆ្លងមេរោគ និងបាក់តេរី។ ហើយអ្វីដែលសំខាន់នោះ ទ្វារមាសរបស់អ្នកនឹងឡើងក្រហម ដោយសារមេរោគជាក់ជាមិនខាន។ ហេតុនេះមួយថ្ងៃ អ្នកត្រូវតែផ្លាស់ប្តូរសំឡីអនាម័យយ៉ាងហោចណាស់ក៏ឲ្យបាន ៣ ដងដែរ។

៣) ពាក់អាវទ្រនាប់ដដែល ពេញមួយអាទិត្យទើបបោកម្តង

អ្នកត្រូវដឹងថា អ្នកជំនាញបានណែនាំឲ្យ ធ្វើការបោកសម្អាតអាវទ្រនាប់ក្នុង បន្ទាប់ពីពាក់បាន ៣ ដងរួច។ ការដែលអ្នកប្រើប្រាស់អាវក្នុង រយៈពេលយូរពេល វាអាចបង្កជាក្លិនមិនល្អ ប្រមូលផ្តុំទៅដោយមេរោគ សាច់ក្រណាត់ក៏ឆាប់ខូច ជាពិសេស ឆាប់រលុង បណ្តាល់ឲ្យពាក់លែងកើតតែម្តង។

៤) ពាក់អាវក្នុងពណ៌ខ្មៅ ក្នុងរដូវក្តៅ

សម្រាប់រដូវក្តៅ អ្នកគួរតែជ្រើសរើស អាវទ្រនាប់ដែលមានរូបផ្កា មានពណ៌ស្រស់ ជាពិសេសគឺពណ៌ស តែម្តង។ អ្នកគួរតែចៀសវាង ពាក់អាវទ្រនាប់ក្នុងពណ៌ខ្មៅ ធ្វើឲ្យខ្លួនអ្នកឡើងកម្តៅ ជាជាងអាវក្នុងពណ៌ផ្សេង។

៥) ពាក់អាវទ្រនាប់គេងយប់

ការពាក់អាវទ្រនាប់ដេកយប់ ជារឿងគ្រោះថ្នាក់មួយ ដោយសារតែវាប៉ះពាល់សរសៃប្រសាទឈាមរត់ និងមានសម្ពាធដល់សាច់ដុំដើមទ្រូង។ ជាងនេះទៅទៀត វាអាចបំផ្លាញជាលិកាសុដន់ បានថែមទៀតផង។

៦) ពាក់អាវទ្រនាប់មានដែកកល់ពីក្រោមជាប្រចាំ

បើយោងតាមអ្នកជំនាញលើកឡើង ការពាក់អាវទ្រនាប់មានដែកកល់ពីក្រោមជាប្រចាំ អាចបង្កឲ្យរលាកស្បែក ឡើងផ្សិត និងស្ទះលំហូរឈាម។ ប៉ុន្តែដោយសារនារីអាស៊ីយើង ត្រូវការពាក់វាជាប្រចាំបែប មិនអាចខ្វះបានបែបនេះ គឺមានតែជ្រើសរើសអាវទ្រនាប់មានដែកកល់ ដែលមិនរឹបពេក ទើបជាការប្រសើរ។

៧) បាញ់ទឹកអប់ប៉ះផ្ទាល់នឹងស្បែក

ទឹកអប់ ឬផលិតផលជួយឲ្យមានក្លិនក្រអូប មានផ្ទុកសារធាតុគីមីជាច្រើន ហេតុនេះ វាអាចមានផលប៉ះពាល់ដល់ស្បែក ដល់លំហូរឈាម រហូតបង្កជាមហារីកសុដន់ក៏មាន។ ហេតុនេះ អ្នកគួរតែបាញ់វាលើសម្លៀកបំពាក់ទើបជាការប្រសើរ បើទោះបីជាលើសំបកដប ដាក់ថាអាចបាញ់ផ្ទាល់លើស្បែកក៏ដោយ។

៨) មិនការពារស្បែក ពេលនៅក្រោមកម្តៅថ្ងៃក្តៅ

នៅពេលចេញទៅក្រោមកម្តៅថ្ងៃក្តៅ អ្នកត្រូវតែគ្របដៃ និងគ្របក្បាលឲ្យជិត ពីព្រោះកាំរស្មីអ៊ុលត្រារបស់ព្រះអាទិត្យ អាចធ្វើឲ្យស្បែករបស់អ្នកខ្លោច រហូតបង្កជាជំងឺមហារីកស្បែកបានទៀតផង។ ហេតុនេះ ចេញទៅណាមកណាត្រូវតែលាបឡេការពារកម្តៅថ្ងៃ ឬមានកន្សែងបង់កជាប់ជាមួយ និងមិនត្រូវឲ្យកាំស្មីព្រះអាទិត្យជះចំស្បែកដោយផ្ទាល់ឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload