អ្នកនៅកូរ៉េដឹងតែកក្រើកទៀតហើយ! តារា​ល្បីៗ​ ១៦នាក់ដឹក​ដៃ​គ្នា​ច្រៀង​​នៅកូរ៉េ

មិន​ធ្លាប់​ឃើញ​មាន​តារា​ច្រើន​បែបនេះ​គ្នា​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​រួមគ្នា​នោះទេ នេះ​ជា​លើកដំបូង​ហើយ​ដែលមាន​តារា​ជាង ២០ ដួង ត្រៀម​ដឹក​ដៃ​គ្នា​ចេញទៅ​សម្តែង​នៅលើ​ទឹក​ប្រទេសកូរ៉េ នៅ​ដើមខែកុ​ម្ភៈនេះ ដោយមាន​ការរៀបចំ​ពី​លោក សុខ សៀង​ឌី ដែលជា​តារាចម្រៀង​ពលករខ្មែរមួយរូប ដែល​នឹង​ធ្វើឱ្យ​កក្រើក​ប្រទេស កូរ៉េតែម្តង​នៅ​ឆ្នាំ​ថ្មី​នេះ​ ក្នុង​រដូវ​ធ្លាក់​ព្រិល​ទឹកកក​តែម្តង ។

តាម​ការបញ្ជាក់​ពី​លោក សុខ សៀង​ឌី ដែលជា​ម្ចាស់​បទ «ខ្មាស​មិត្ត​នៅកូរ៉េ» បានបញ្ជាក់​ប្រាប់ថា មូលហេតុ​ដែល​លោក​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​បំពេញ​បំណង​តាម​សំណូមពរ​បងប្អូន​ពល​ករខ្មែរនៅ​ទីនោះ​ដែល​ធ្វើការ​យ៉ាង​លំបាក បាននាំគ្នា​រាំលេង​កម្សាន្ត និង​ បាន​ជួប​ជាមួយ Idol របស់ខ្លួន​មួយៗ​ផងដែរ និង​ ដើម្បី​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន «ភូមិឋាន​សួស្តី» ដែលជា​ក្រុមហ៊ុន​អចលន​ទ្រ​ព​របស់លោក​ទើបនឹង​បើក​ដំណើរ​ការ​ផង ។ ចំណែកឯ​លោក សេង គឹម​ឡែ​ន គឺជា​ដៃ​គូ​របស់លោក ស​ុខ សៀង​ឌី ក៏បាន​និយាយ​ផងដែរ​ថា បងប្អូន​ធ្វើការ​នៅកូរ៉េមានការ​រវល់​ច្រើន ដូច្នេះហើយ​ទើប​លោក​ជ្រើស​រើសយក​ពេលនេះ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​តារាចម្រៀងខ្មែរ និង បងប្អូន​យើង​អាច​ជួបគ្នា រាំលេង​សប្បាយរីករាយ ។ ពេលនេះ​ខាង​លោក​កំពុង​រៀបចំ​ឱ្យ​សិល្បករ​សិល្បការិនី​ជាង ២០ រូប ដើម្បី​បានចេញ​ទៅ​សម្តែង​នៅប្រទេសកូរ៉េតាម​ពេលវេលា​ដែល​បានកំណត់ ។

ទោះបីជា​ការចំណាយ​ទៅលើ​សិល្បករ​សិល្បការី​នី និង ​ការរៀបចំ​អស់​ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​ក្តី តែ​លោក សុខ សៀង​ឌី ហាក់ដូចជា​មិនមាន​ការព្រួយបារម្ភ ឡើយ​ផ្ទុយទៅវិញ លោក​បែរជា​បានបង្ហាញ​នូវ​ការរីករាយ ព្រមទាំង​ក្តី​រំពឹងថា នឹងមាន​បងប្អូន​ចូលរួម​រាំលេង​កម្សាន្ត​ឱ្យបាន​ច្រើន ។

បើតាម​គម្រោងការ​សម្តែង​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែកុ​ម្ភៈ រហូតដល់​ថ្ងៃទី ០៦ ខែកុ​ម្ភៈ ឆ្នាំ ២០១៩ នៅ​តំបន់​មាត់​ស​មុ​ទ្រ ឬ ប៊ូសាន នៃ​ទីក្រុងគឹម​ហេ និង​ ទី ២ នៅ​ទីក្រុងសេ​អ៊ូ​ល ដែលជា​ទីក្រុង​មាន​ពល​ករខ្មែរ ប្រមាណ​ជាង ២ ម៉ឺន​នាក់ ​កំពុង​រស់នៅ​និង​ប្រកបការងារ​នៅ​ទីនោះ ។ សម្រាប់​សិល្បករ​សិល្បការិនី ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ រួមមាន​លោក កែវ វាសនា , ខេ​ម , នី រតនា​, សៅ ឧ​ត្ត​ម , ម៉ៅ ហា​ជី , ថែ​ល ថៃ , ពេជ្រ ថា​ណា , ម៉ា​ដូ​ណា , ថ​មមី , ទ្រី សក្តា , កញ្ញា យូ​រី , សួស វី​សា , លីន​ដា , សុ​ភ័​ក្រ កុ​សុ​ម៉ា , សាឡា​ត់ ស្រី​ឡាង ព្រមទាំង​តារា​ និង​ ក្រុមការងារ​ជាច្រើន​ទៀត ដែល​នឹង​ធ្វើឱ្យ​កក្រើក​ឆាក​ប្រគំតន្ត្រី​តែម្តង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular