គូស្នេហ៍ទាំង១១ ដែលមានអំណាច និងឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត

ជាធម្មតាបុគ្គលល្បីៗ មានទ្រព្យសម្បត្តិ និងជាអ្នកគ្រប់គ្រងប្រទេសណាមួយ រមែងជាបុគ្គលដែលមានឥទ្ធិពលក្នុងសង្គម ឬប្រទេសរបស់ពួកគេ ថែមទាំងពេលខ្លះអាចឈានទៅអាចមានអំណាចលើពិភពលោកផងដែរ។

ទោះជាយ៉ាងនេះក្តី ខ្លួនមួយប្រៀបបីដូចជាមានដៃតែម្ខាង ពោលគឺពេលដែលមានតែម្នាក់ឯង អំណាចទាំងឡាយវាមិនសូវជាស្ថិតស្ថេរ ឬមិនមានឥទ្ធិពលពេញលេញនៅឡើយទេ ដោយសារតែខ្វះជំនួយ ឬប្រឹក្សាផ្ទាល់ខ្លួននោះតែម្តង។ ហើយអ្នកដែលគួរទុកចិត្តបំផុតមានតែគ្រួសារប្តីប្រពន្ធតែប៉ុណ្ណោះ ទើបធ្វើឱ្យជីវិតមានភាពពេញលេញ និងអាចធ្វើឱ្យអំណាចកើនឡើងទ្វេទៀតផង។

ហេតុនេះហើយមានមនុស្សមួយចំនួនធំ តែងតែបង្កើតអាពាហ៍ពិពាហ៍ឡើង ដោយជ្រើសរើសអ្នកដែលស័ក្តិសមនឹងខ្លួន ឬអាចជួយបន្តឥទ្ធិពល បង្កើនអំណាច និងទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងមកតាមដាន ពីគូស្នេហ៍ដែលត្រូវបានគេរកឃើញថា ជាគូស្នេហ៍ដែលមានឥទ្ធិពលជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របុរាណ និងបច្ចុប្បន្នដែលមានដូចជា៖

១. ស្តេច Henry II និង ម្ចាស់ក្សត្រី Eleasnor នៃ Aquitaine

Henry ទី២ គឺជាស្តេចនៃចក្រភពអង់គ្លេស ហើយ Eleanor គឺជាម្ចាស់ក្សត្រី នៃប្រទេសបារាំងដែលមានទ្រព្យសម្បត្តិ និងមានឥទ្ធិពលបំផុតនៅប៉ែកអឺរ៉ុបខាងលិចក្នុងកំឡុងពេលមជ្ឈឹមបូព៌ា។

គូស្វាមីភរិយាមួយគូនេះ ត្រូវបានគេដឹងថាជាគូស្នេហ៍ដែលមានអំណាចបំផុតនៅក្នុងសតវត្សរ៍ទី១១ ដោយបានគ្រប់គ្រងប្រទេសអង់គ្លេស និងបារាំងរួមគ្នា ក្រោយពីបានរៀបអភិសេករួច នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១១៥២ ក្នុងពេលដែលព្រះអង្គម្ចាស់ Henry ទី២ មានព្រះជន្ម ២០ឆ្នាំ និងម្ចាស់ក្សត្រី Eleasnor មានវ័យ៣០ឆ្នាំទៅហើយ។

តែក្រោយពីបានរៀបការរយៈពេល ១៣ឆ្នាំ គូស្វាមីភរិយាមួយគូនេះបានចាប់ផ្តើមរង្គោះរង្គើរ និងមានបញ្ហា ហើយស្តេច Henry ទី២ ក៏បានចាប់ផ្តើមគាបសង្កត់ និងដកហូតអំណាចរាជវង្ស Ramnulfid ដែលជាសមាជិកគ្រួសាររបស់ ម្ចាស់ក្សត្រី Eleanor រហូតទាល់តែទ្រង់ចូលទិវង្គតនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ១១៨៩។

២. អ្នកស្រី Nancy និង លោកRonald Reagan

គូស្នេហ៍ Nancy និង Ronald Reagan បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ១៩៥២ និងធ្លាប់មានអាជីពជាតារាសម្តែងដូចគ្នា។ តែក្រោយពី Ronald Reagan បានឡើងតំណែងជាប្រធានាធិបតីអាមេរិចទី ៤០ រួចមក Nancy ក៏បានឡើងជាស្ត្រីទី១ផងដែរ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩៨១ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩៨៩ (៨ឆ្នាំ)។

Ronald Reagan បានជួយដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិចឱ្យកាន់តែរីកលូតលាស់ និងរីកចម្រើន ធ្វើតម្លៃផលិតផលក្នុងស្រុកសរុបកើនឡើង រួមទាំងកិច្ចការសាធារណៈជាច្រើន ជាពិសេសគឺប្រឆាំងនឹងការឈ្លានពានពីសហភាពសូវៀតផងដែរ។ ហេតុនេះហើយបានជាគូស្នេហ៍មួយគួនេះមិនត្រឹមតែជាគូស្នេហ៍ដែលមានឈ្មោះល្បីល្បាញក្នុងហូលីវូតទេ តែថែមទាំងមានឥទ្ធិពលក្នុងសង្គមទាំងមូលផងដែរ។

៣. លោកម៉ៅ និងអ្នកស្រីម៉ៅ

លោកម៉ៅ និងអ្នកស្រីម៉ៅ គឺជាគូស្នេហ៍ដែលជាក្បាលម៉ាស៊ីនដ៏មានអំណាចមួយ នៅក្នុងការដឹកនាំប្រទេសចិនទាំងមូល។ លោកម៉ៅសេទុង គឺជាបិតាបដិវត្តន៍នៃសាធារណរដ្ឋប្រជាមានិតចិន ហើយភាពផ្តាច់ការរបស់លោកថែមទាំងត្រូវបានគេប្រៀបប្រដូចទៅនឹង អាឌុលហ៊ីត្លែរផងដែរ។

ទោះជាយ៉ាងនេះក្តី ចំណុចល្អរបស់លោកនោះគឺ លោកជាអ្នកដែលធ្វើការបណ្តេញពួកចក្រពត្តិបរទេសឱ្យចេញពី ប្រទេសចិន បង្កើតទំនើបកម្មនៃប្រទេសចិន ធ្វើឱ្យប្រព័ន្ធអប់រំកាន់តែប្រសើរឡើង ជួយដល់ស្ថានភាពស្ត្រី និងការថែទាំសុខភាពផងដែរ។

ចំណែក អ្នកស្រី Mao ដែលគេស្គាល់ថាមានឈ្មោះពិត Jiang Qing គឺជាអតីតតារាសម្តែងដ៏ល្បីមួយរួប ថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងនយោបាយរបស់ប្រទេសចិនផងដែរ។ ឈិង គឺជាអ្នកដែលទទួលខុសត្រូវចំពោះការបង្កើតសម្ព័ន្ធភាពនយោបាយរ៉ាឌីកាល់ “Gang of Four” ថែមទាំងត្រួតពិនិត្យបណ្តាស្ថាប័ននយោបាយចិន និងប្រព័ន្ធឃោសនាផ្សព្វផ្សាយទៀតផង។

៤. លោក Bill និងអ្នកស្រី Hillary Clinton

Bill និង Hillary Clinton បានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី ១១ ខែតុលាឆ្នាំ ១៩៧៥ ហើយនៅក្នុងឆ្នាំ ២០១៦ គូស្នេហ៍មួយគូនេះ ជាគូស្នេហ៍ដែលមានឥទ្ធិពលបំផុតលើពិភពលោក ដោយលោក BIll Clinton គឺជាប្រធានាធិបតីទី ៤២ នៃសហរដ្ឋអាមេរិច ឯ Hilary Clinton ជាភរិយា គឺជាអ្នកនយោបាយ និងជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យឈរឈ្មោះជា ប្រធានាធិបតីអាមេរិចផងដែរ ។ ហើយ Hilary ថែមទាំងមានតួនាទីជារដ្ឋលេខាធិការ ដែលទទួលខុសត្រូវក្នុងការតស៊ូមតិអន្តរាគមន៍ផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសលីប៊ីទៀតផង។

ក្នុងអំឡុងតួនាទីប្រធានាធិបតី ប៊ីលគ្លីនតុន បានអនុម័តកំណែទម្រង់សុខុមាលភាព និងកម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋដែលផ្តល់ការកែទម្រង់ការថែទាំសុខភាពដល់កុមាររាប់លាននាក់។

បើទោះបីជាលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីក៏ដោយ ក៏លោកនៅមានភាពសកម្មនៅក្នុងនយោបាយ ថែមទាំងបានជួយធ្វើយុទ្ធនាផ្សព្វផ្សាយសម្រាប់បេក្ខជនឈរឈ្មោះជាប្រធានាធិបតីថ្មីក្នុងគណបក្សប្រជាធិបតេយ្យ ដូចជាលោកអូបាម៉ា និងប្រពន្ធរបស់លោក អ្នកស្រីហ៊ីលឡារីគ្លីនតុនផងដែរ ។

ក្នុងនោះផងដែរ លោក ប៊ីលគ្លីនតុន ក៏បានចូលរួមជាមួយលោក George W. Bush ដើម្បីបង្កើតមូលនិធិ Clinton Bush ជួយដល់សង្គមនានាទៀតផង។

៥. លោក Pierre Curie និងអ្នកស្រី Marie Curie

គូស្នេហ៍មួយគូនេះ គឺជាគូស្នេហ៍ដ៏ចម្លែកមួយ ព្រោះពួកគេមិនមែនជាអ្នកមាន មិនមែនជាអ្នកនយោបាយ ឬជាអ្នកគ្រប់គ្រងប្រទេសណាមួយឡើយ តែបែរជាក្លាយជាគូស្នេហ៍ដ៏ល្បីល្បាញ និងមានឥទ្ធិពលទៅវិញ គឺដោយសារតែទេពកោសល្យ ភាពឆ្លាតវៃ និងការរុករកឃើញថ្មីរបស់ពួកគេ រហូតទទួលបានពានរង្វាន់សន្តិភាពណូបែលពិភពលោក។

Marie Curie គឺជាស្ត្រីទីមួយដែលទទួលបានពានរង្វាន់ណូបែល ហើយក៏ជាស្ត្រីតែម្នាក់គត់ដែលបានឈ្នះរង្វាន់ណូបែលពីក្នុងវិស័យវិទ្យាសាស្ត្រ២ផ្សេងគ្នា គឺផ្នែករូបវិទ្យា និងគីមីវិទ្យា។

Marie Curie គឺជាជនជាតិប៉ូឡូញ ហើយ Pierre Curie គឺជាជនជាតិប្រទេសបារាំង ដោយអ្នកវិទ្យាសាស្ត្រទាំងពីររូបនេះបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ១៨៩៥ ។

អ្នកទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកវិទ្យាសាស្ត្រក្នុងកិច្ចការងារវិទ្យុសកម្ម ដោយ Marie Curie បានរុករកឃើញធាតុថ្មីពីរគឺប៉ូឡូញ៉ូម(polonium ) និងរ៉ាដ្យូម(radium ) ចំណែកឯ Pierre Curie បានរកឃើញច្បាប់គុយរី។

ដូច្នេះហើយបានជាគូស្នេហ៍ទាំងពីរនេះ សុទ្ធតែមានអំណាច និងឥទ្ធិពលដោយសារតែស្នាដៃរបកគំហើញផ្នែកវិទ្យាសាស្ត្ររបស់ពួកគេ។

៦. លោក Franklin Delano Roosevelt និងអ្នកស្រី Eleanor Roosevelt

Franklin Delano Roosevelt គឺជាប្រធានាធិបតីទី៣២ នៃសហរដ្ឋអាមេរិច និងជាអ្នកដឹកនាំនយោបាយដ៏មានឥទ្ធិពលម្នាក់ផងដែរ ដោយការបោះឆ្នោត៤ដង គឺជាប់ឆ្នោតជាប្រធានាធិបតីទាំង៤ដងតែម្តង។

លោកបានទទួលខុសត្រូវ និងដឹកនាំសេដ្ឋកិច្ចប្រទេសជាតិបានយ៉ាងល្អនៅក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ និងជាអ្នកដែលលេចធ្លោមួយក្នុងការជម្រុញឱ្យមានការអភិវឌ្ឍន៍នុយក្លេអ៊ែរដំបូងគេទៀតផង។

លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Eleanor Roosevelt ដែលជាសកម្មជននយោបាយ និងអ្នកការទូតម្នាក់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ១៩០៥។ ដោយសារតែរងឥទ្ធិពលនៃការរៀបការនេះហើយ ដែលធ្វើឱ្យអ្នកស្រីបានក្លាយទៅជាស្ត្រីទី១ ដ៏យូរបំផុតជាងគេផងដែរក្នុងប្រវត្តិសាស្ត្រអាមេរិច។

បន្ថែមពីនេះ Eleanor ក៏ត្រូវបានគេស្គាល់ថា គឺជាក្មួយស្រីរបស់រដ្ឋមន្ត្រី Theodore Roosevelt ហើយថែមទាំងជាប់ឈ្មោះក្នុងបញ្ជី Gallup ដែលជាស្ត្រីមានប្រជាប្រិយភាពបំផុតនៅក្នុងសតវត្សរ៍ទី២០។ ដូច្នេះហើយបានជាលោក Franklin Delano Roosevelt និងអ្នកស្រី Eleanor Roosevelt ជាប់ឈ្មោះជាគូស្នេហ៍ដ៏មានឥទ្ធិពលម្នាក់នៅប្រវត្តិសាស្ត្របែបនេះ។

៧. ម្ចាស់ក្សត្រី Sabella I នៃ Castile និង Ferdinand II នៃ Aragon

Sabella I នៃ Castile គឺជាម្ចាស់ក្សត្រីដែលមានឥទ្ធិពលបំផុតនៃប្រទសអេស្ប៉ាញ ចំណែកឯ Ferdinand II គឺជាស្តេចដែលគ្រប់គ្រង តំបន់ Sicily និងតំបន់ Aragon នៃប្រទេសអេស្ប៉ាញ។

ក្រោយពីបានរៀបអភិសេកជាមួយគ្នានៅក្នុង ថ្ងៃទី ១៩ ខែតុលា ក្នុងឆ្នាំ ១៤៦៩ គូស្នេហ៍ទាំងពីរនេះបានរួមដៃគ្នាដឹកនាំ និងគ្រប់គ្រងប្រទេសជាច្រើននៅក្នុងតំបន់ប៉ែកអឺរ៉ុបដូចជា អេស្ប៉ាញ Tunisia អ៊ីតាលី ម៉ាល់តា Gibraltar និងប្រទេសផ្សេងៗជាច្រើនទៀត។

ក្រោយពីបានបង្ក្រាបបារាំងបានសម្រេច Ferdinand បានឡើងសោយរាជ្យជាស្តេចនៃទីក្រុង Naples ថែមទាំងបានរួបរួមទីក្រុង Naples និងទីក្រុង Sicily ឱ្យក្លាយជាទីក្រុងតែមួយដោយមាន ឈ្មោះថា Navarre។

នៅក្នុងនោះផងដែរ គេបានដឹងដែរថា គូស្នេហ៍ដែលមានឥទ្ធិពលទាំងពីរនេះថែមទាំងជាអ្នកដែលបានធ្វើការគាំទ្រ និងផ្តល់ជំនួយយ៉ាងពេញទំហឹងដល់លោក Christopher Columbus ក្នុងការធ្វើដំណើររុករកទ្វីបថ្មីទៀតផង។

៨. អធិរាជ Napoleon Bonaparte និងម្ចាស់ក្សត្រី Josephine

ណាប៉ូឡេអុង គឺជាអ្នកនយោបាយ យោធា និងជាជនល្បីឈ្មោះមួយរូបនៅក្នុងប្រវត្តិសាស្រ្ត ថែមទាំងបានឡើងជាអធិរាជនៃប្រទេសបារាំងរយៈពេល១០ឆ្នាំផងដែរ។ ណាប៉ូឡេអុងមានស្នាដៃជាច្រើនក្នុងការដឹកនាំប្រទេសក្នុងពេលមានសង្គ្រាមបដិវត្ត ដែលមានជំនាញខ្ពស់ដោយសារតែបានសិក្សាចំណេះដឹងយ៉ាងខ្ពស់ខ្ពស់នៃសាលាយោធាមួយកន្លែង។ 

ចំណែកឯភរិយារបស់អធិរាជណាប៉ូឡេអុង ម្ចាស់ក្សត្រី Josephine វិញ ត្រូវបានគេដឹងថា មុននឹងបានក្លាយទៅជាស្ត្រីទី១ និងជាមហេសីដំបូងក្នុងប្រទេសបារាំង ម្ចាស់ក្សត្រីធ្លាប់ជាអ្នកម្នាងនៃស្តេចអ៊ីតាលីទៀតផង។

ក្រោយពីបានរៀបអភិសេករួច គូស្នេហ៍ទាំង២នេះរឹតតែមានអំណាចខ្លាំងក្លា ថែមទាំងបានរួមដៃគ្នាគ្រប់គ្រង និងដឹកនាំប្រទេសបារាំងជាមួយគ្នាផងដែរ។

៩. Julius Caesar នៃចក្រភពរ៉ូម៉ាំង និងម្ចាស់ក្សត្រី Cleopatra នៃអេហ្ស៊ីប

ម្ចាស់ក្សត្រី Cleopatra មិនត្រឹមតែមានឈ្មោះល្បីថាជាព្រះចៅផារ៉ាអុងដែលមានរូបសម្ផស្សដាច់គេនោះទេ តែថែមទាំងជាមនុស្សស្រីដ៏ឆ្លាតវៃ មានចំណេះដឹង និងមានភាពជាអ្នកដឹកនាំខ្ពស់ផងដែរ។

ទ្រង់ត្រូវបានគេដឹងថា មានស្នេហាជាមួយនឹងអ្នកនយោបាយ និងជាអ្នកដឹកនាំយោធាម្នាក់ឈ្មោះថា Julius Caesar ដែលជាជនល្បីឈ្មោះម្នាក់នៅក្នុងការពង្រឹងចក្រភពរ៉ូម៉ាំង។ 

Caesar បានជួបនឹងម្ចាស់ក្សត្រី Cleopatra ដំបូងនៅពេលដែលកំពុងតែដេញតាមចាប់សត្រូវក្នុងប្រទេសអេហ្ស៊ីប។ ព្រោះតែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ និងចង់ឱ្យ Cleopatra មានអំណាចផងនោះ Caesar បានសម្លាប់ស្វាមី និងបិតារបស់ ម្ចាស់ក្សត្រី Cleopatra រួចលើករាជបាល្ល៍ង្កឱ្យ Cleopatra គ្រប់គ្រង និងឡើងជាព្រះចៅផារ៉ាអុង។ 

ក្រោយមកពួកគេទាំងពីរក៏បានរៀបអភិសេក ថែមទាំងមានអំណាចកាន់តែខ្លាំងនៅក្នុងការគ្រប់គ្រងប្រទេសអេហ្សីបទាំងមូលរួមគ្នាផងដែរ។

១០. លោក Bill Gates និងអ្នកស្រី Melinda

Bill Gates គឺជាមហាសេដ្ឋីវាល់លាន ដែលមានជំនួញធំៗជាច្រើននៅក្នុងដៃ និងជាអ្នកដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ដ៏ធំ និងជោគជ័យផងដែរ។ លោក Bill Gate បានរៀបការជាមួយនឹងអ្នកស្រី Melinda Ann Gates នៅក្នុងឆ្នាំ ១៩៩៤ ហើយបានបង្កើតមូលនិធិសប្បុរសធម៌មួយមានឈ្មោះថា Bill & Melinda Gates ក្នុងឆ្នាំ ២០០០ ដែលគេបានស្គាល់ថាជាមូលនិធិឯកជនដ៏ធំជាងគេបំផុតក្នុងលោក។ 

ក្រោយការបោះបង់ការសិក្សាចោលនៅក្នុងសាកលវិទ្យាល័យ Harvard ដ៏ល្បី Bill Gates បានក្លាយទៅជាបុគ្គលដ៏ជោគជ័យ មានឈ្មោះល្បី មហាសេដ្ឋី និងជាមនុស្សដែលមានឥទ្ធិពលមួយក្នុងចំណោមបុគ្គលមានឥទ្ធិពលបំផុតក្នុងលោកផងដែរ។

បន្ថែមពីនេះ មិនថាលោក Bill Gates និងភរិយាអ្នកស្រី Melinda ទេ ពួកគេសុទ្ធសឹងតែជាជនល្បីឈ្មោះ និងជាគូស្នេហ៍ដែលមានចិត្តសប្បុរសធម៌ជាងគេផងដែរ នៅក្នុងការផ្តល់ជំនួយជាច្រើនទៅដល់ពិភពលោក។  

១១.  ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី

ព្រះបាទជ័យវរ្ម័នទី៧ គឺជាក្សត្រដ៏ខ្លាំងពូកែរបស់ខ្មែរនៃចក្រភពអង្គរ ដែលបានសាងស្នាដៃជាច្រើននៅក្នុងការរំដោះ និងការពារប្រទេសជាតិពីការឈ្លានពាន រួមទាំងដឹកនាំប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានទឹកដីធំទូលាយ សម្បូរសប្បាយ និងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសគឺការកសាងប្រាសាទ រាជដំណាក់ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងស្ពានជាដើម។

ចំណែកឯ ព្រះនាងឥន្ទ្រទេវីដំបូងឡើយទ្រង់គឺជាបងស្រីបង្កើតរបស់ព្រះនាងជ័យរាជទេវី ដែលជាមហេសីដំបូងរបស់ព្រះបាទជ័យវរ្ម័នទី៧ ប៉ុណ្ណោះ តែក្រោយពីព្រះនាងជ័យរាជទេវីទ្រង់សុគត ព្រះបាទជ័យវរ្ម័នទី៧ បានរៀបអភិសេកជាមួយព្រះនាងឥន្ទ្រទេវីឱ្យក្លាយជាមហេសីទី២។

ព្រះនាងឥន្ទ្រទេវី គឺជាស្ត្រីដែលមានសម្រស់ស្រស់ស្អាត មានភាពឆ្លាតវៃ និងចេះចាំអក្សរសាស្ត្រ ក្បួនច្បាប់ខ្មែរយ៉ាងជ្រៅជ្រះ ថែមទាំងបានចារសិលាចរិកដោយព្រះ​ហស្ថទ្រង់ផ្ទាល់ផងដែរ។

ជាពិសេស ទ្រង់គឺជាសកលវិទ្យាធិកា ដែលបានបង្កើតសកលវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសកម្ពុជាទៀតផង ពោលគឺទ្រង់ចង់ឱ្យបណ្តាប្រជារាស្ត្ររបស់ទ្រង់បានសិក្សារៀនសូត្រ និងមានចំណេះដឹងខ្ពង់ខ្ពស់។

បន្ថែមពីនេះ ទ្រង់នេះហើយគឺជាមនុស្សជំនិតរបស់ព្រះបាទជ័យវរ្ម័ទី៧ ដោយបានធ្វើការប្រឹក្សា ផ្តល់យោបល់ក្នុងការដឹកនាំប្រទេសជាតិ រួមទាំងណែនាំព្រះបាទជ័យវរ្ម័នទី៧ ឱ្យងាកមកកាន់សាសនាព្រះពុទ្ធ រួមទាំងបានធ្វើបុណ្យទានជាច្រើន និងគិតពីសុខទុក្ខប្រជារាស្ត្រទ្រង់ខ្លាំងបំផុត រហូតដល់មានសិលាចរិកមួយបានសរសេរថា «ទុក្ខរបស់ប្រជារាស្ត្រ ជាទុក្ខរបស់ព្រះអង្គ» 

នៅក្នុងសម័យនោះ ទ្រង់ទាំង២ គឺជាអ្នកដែលមានឥទ្ធិពល និងមានអំណាចបំផុតក្នុងមួយផ្នែកធំនៃតំបន់អាស៊ី ដែលបានគ្រប់គ្រងទឹកដីយ៉ាងធំធេង ថែមទាំងមានប្រជារាស្រ្តគោរពស្រលាញ់គ្រប់គ្នាផងដែរ៕  

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload