សម្តេច ហ៊ុន សែន ប្រាប់​មិន​ឲ្យ​ផ្តល់​លិខិតឆ្លងដែន​ការទូត​កម្ពុជា​ ទៅ​…….

រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ថ្ងៃទី​៩ ខែមករា ដោយ​បញ្ជាក់ថា លិខិតឆ្លងដែន​ការទូត​កម្ពុជា មិនត្រូវ​ផ្ដល់ជូន​ទីប្រឹក្សា ឬ​ជំនួយ​ការដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើកលែងតែ​ករណី​ដែល​រដ្ឋាភិបាល​យល់ថា​ចាំបាច់​បំផុត​។ ការណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា ឥស្សរជន និង​ក្រសួង​ស្ថាប័ន​មួយចំនួន បានតែងតាំង​បុគ្គល​ដែលជា​ពលរដ្ឋ​បរទេស ឲ្យ​ធ្វើជា​ទីប្រឹក្សា និង​ជំនួយការ ហើយ​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបានតែងតាំង មាន​ខ្លះ​បាន​ចូលសញ្ជាតិ​ខ្មែរ និង​បានដាក់​ពាក្យសុំ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​កម្ពុជា​។ សម្រាប់​រាជរដ្ឋាភិបាល ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ក្នុងករណីនេះ គឺ​មិនចាំបាច់​។
ដើម្បី​បង្កា និង​ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​មិន​ត្រឹមត្រូវ​ទៅតាម​បេសកកម្ម រដ្ឋាភិបាល បាន​ប្រាប់​ទៅគ្រប់​ក្រសួង ស្ថាប័ន ប្រមូល​លិខិតឆ្លងដែន​ការទូត​ដែល​ក្រសួង ស្ថាប័ន​នោះ ស្នើសុំ​ជូន​ទីប្រឹក្សា និង​ជំនួញ​ការ​របស់ខ្លួន ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ប្រគល់​ទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មិន​ឲ្យ​ហួសពេល​១​ខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ​។

​ក្រសួងការបរទេស ត្រូវ​ពិនិត្យ និង​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត ដែល​បាន​ផ្ដល់ជូន​បុគ្គល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ រីឯ ក្រសួងមហាផ្ទៃ មាន​ភារ​កិច្ចសហការ​ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ទាំងនោះ សម្រាប់​ការចេញចូល​នៅតាម​ច្រកព្រំដែន​នានា តាម​ការស្នើ​របស់​ក្រសួងការបរទេស​។ នេះ​បើតាម​សារាចរ​ដដែល​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey