ពេលនេះ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចការសាងសង់ ៤០% ហើយ

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់បានប្រមាណជា ​៤០% ហើយ ក្នុងនោះការងារគ្រឿងបង្គុំសម្រេចបាន ៨០% ដែលពិធីអបអរនៃការ​ដំឡើងបង្គុំកៅអីអង្គុយ​ជានិមិត្តរូបនេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីនោះថា កម្ពុជាពិតជាអរគុណចំពោះជំនួយឥត​សំណងដ៏ធំធេងរបស់រដ្ឋាភិបាល និង ប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណជា ១៦០លានដុល្លារអាមេរិក។

សមិទ្ធផលដ៏ធំធេង នៃការសាងសង់នាពេលនេះ មិនត្រឹមតែបានបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងមិត្តភាព និង កិច្ចសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែសំណង់ដ៏ស្កឹមស្កៃនេះ ក៏បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និង បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មកររាប់រយនាក់ទៀតផង។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ ក៏ដូចជាកិច្ចការកំពុងដំណើរការសាងសង់នេះ គឺកើតចេញពីការខិតខំរួមគ្នាជួយលើគ្រប់កិច្ចការ​ទាំងអស់​របស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានជួយជំរុញដល់កិច្ចការនេះ បានដំណើរការដោយរលូន និង សម្រេចបានផលជាដំណាក់កាលៗ។ គម្រោងសាងសង់នេះនឹងត្រូវបញ្ចប់ និងប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅដំណាច់ឆ្នាំ២០២០ ខាងមុខ។

តំណាងក្រុមហ៊ុនសាងសង់ បានបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងការដ្ឋានសាង់សង់នេះ ប្រើប្រាស់កម្មករជំនាញចិនចំនួន ៥៨០នាក់ និង កម្មករខ្មែរចំនួន ២៤០នាក់ ហើយការផលិតគ្​រឿងបង្គុំកៅអីអង្គុយ និង ការដំឡើងកៅអីអង្គុយអាចនឹងរួចរាល់ នាខែមិថុនាខាងមុខ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular