ផ្លូវការ! CV-11 ត្រឡប់​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​វិញជាមួយ​ក្លឹប….

ទីបំផុតកីឡាករ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា បានត្រឡប់ទៅប្រកបអាជីព នៅលីគកំពូលម៉ាឡេស៊ី ជាលើកទី២ ហើយ ដោយចូលរួមជាមួយក្រុម​ចំណាត់​ថ្នាក់​លេខ៣ ក្នុងរដូវកាលឆ្នាំ២០១៨ PKNS FC។ នេះបើយោងតាមការប្រកាសរបស់ក្លឹបបឹងកេតអែហ្វស៊ី។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលខាងលើ បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៥ ខែមករានេះថា «ក្លឹបសូមជូនពរដល់កីឡាករ ចាន់ វឌ្ឍនាកា ក្នុងការផ្ទេរទៅកាន់ក្លឹបថ្មី PKNS FC របស់ម៉ាឡេស៊ី។ សូមទទួលបានជោគជ័យសម្រាប់រដូវកាលថ្មីខាងមុខ»។

ប៉ុន្ដែការប្រកាសផ្ទេរកីឡាកររហស្សនាម CV-11 ទៅកាន់លីគកំពូលម៉ាឡេស៊ីជាថ្មីនេះ មិនត្រូវបានបញ្ជាក់ពីសុពលភាព នៃកិច្ចសន្យានោះទេ។ ចំពោះក្លឹបដំបូងដែល ចាន់ វឌ្ឍនាកា ទៅលេងឲ្យកាលពីលើកទី១ គឺក្លឹប PAHANG FA តែគ្រានោះ វឌ្ឍនាកា លេងបានត្រឹមពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ ក៏ត្រូវបានក្លឹបលេខ៤នៃលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៨ នេះប្រកាសចែកផ្លូវគ្នាវិញ។

គួរបញ្ជាក់ថា ក្រោយចាកចេញពី PAHANG FA នៅពាក់កណ្ដាលរដូវកាលមុន ចាន់ វឌ្ឍនាកា បានត្រឡប់មកជួយក្លឹបបឹងកេតបានពាក់កណ្ដាលចុងឆ្នាំ២០១៨។ តែមួយរយៈពេលចុង​​ក្រោយនេះ មានផ្ទុះរឿងជាបន្ដបន្ទាប់ថា វឌ្ឍនាកា និងបឹងកេត មានរឿងមិនពេញចិត្តជាមួយគ្នា ទើបតែពេលនេះ បឹងកេត បានប្រកាសផ្លូវការ ជុំវិញការចាកចេញរបស់​កីឡាករជម្រើស​ជាតិរូបនេះតែម្ដង៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia