ព្រះមហាក្សត្រកម្ពុជា បានស្នើវេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក ពង្រឹងនូវ…..

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរព្រះរាជសារជូនចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃ “វេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលសភាកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខេត្តសៀមរាប ។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស និងមានមោទនភាព ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិទាំងឡាយ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ ក៏ដូចជាចូលរួមចែករំលែកនូវការព្រួយបារម្ភ និង ទស្សនៈវិស័យរួមទាំងអស់គ្នា ក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយរួមនានា ចំពោះបញ្ហា និងការប្រឈមទាំងនោះ ដែលកំពុងកើតមាននៅក្នុងសតវត្សរ៍ទី២១ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល បន្តថា ទាំងអស់គ្នាកំពុងឈានចូលយុគសម័យថ្មីមួយ នៃវិស័យទំនាក់ទំនងអន្តរជាតិ តាមរយៈការវិវត្តន៍នៃសណ្តាប់ធ្នាប់ពិភពលោក ដែលកំពុងប្រឈមមុខនូវបញ្ហាស្មុគ្រស្មាញ និង ប្រទាក់ក្រឡាគ្នាជាច្រើន ។ គ្មានប្រទេសណាមួយ មិនថា ប្រទេសនោះ មានអំណាចយ៉ាងណាក៏ដោយ អាចដោះស្រាយបញ្ហាសកលតែម្នាក់ឯងបានទេ។ ដូចនេះ ចាំបាច់បង្កើតកិច្ចសន្ទនាគ្នា និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយនូវបញ្ហាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភាពក្រីក្រ និង វិសមភាពជាដើម ។

ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល ចាត់ទុកវេទិកានេះ គឺជាពេលវេលាដ៏ល្អមួយ ដែលទាំងអស់គ្នា បានមកជួបជុំគ្នា ដើម្បីត្រិះរិះពិចារណានូវបទពិសោធន៍ទាំងឡាយនាពេលកន្លងមក ព្រមទាំងប្រមើលមើលនូវនិន្នាការធំៗ ដែលនឹងមានឥទ្ធិពលចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក និង ធ្វើការរំពឹងទុក ចំពោះមធ្យោបាយរួមនានាទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព។ ប្រព័ន្ធពហុភាគីនិយម និង ប្រព័ន្ធមូលដ្ឋានច្បាប់ អន្ដរជាតិ ក៏កំពុងទទួលរងនូវការគំរាមកំហែងផងដែរ ដែលបណ្តាលមកពីការកើនឡើងនូវឯកតោភាគីនិយម ការការពារនិយម ភាពជ្រុលនិយម ជាតិនិយម និងប្រជានិយម នៅតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក ។ ដូចនេះ ចាំបាច់ត្រូវមានភាពធន់ និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ប្រព័ន្ធហុភាគីមួយ ដែលមានលក្ខណៈបើកចំហ ស្របតាមមូលដ្ឋានច្បាប់ ។
ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល ជំរុញអោយកសាងភាពជាដៃគូរអន្តរជាតិឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៣០ ខាងមុខនេះ ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកដ៏សកម្មនៃសហគមន៍អន្តរជាតិ បានរៀបចំបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយធ្វើការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងឡាយ ក្នុងការដោះស្រាយបញ្ហាជាសកលទាំងនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧នេះ ត្រូវបានរៀបចំឡើង ដែលមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។ ប្រតិភូសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងពិភាក្សាគ្នាលើការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ ។
ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំ រិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកវេទិកាសភាដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសសមាជិកវេទិកាចំនួន ២៧ប្រទេស ចូលរួម ព្រមទាំងវត្តមាននៃគណៈប្រតិភូភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍ ។
គួររំលឹកថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព ។
សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកានេះ កាលពីឆ្នាំ១៩៩៥ ។ រហូតមកទល់បច្ចុប្បន្ននេះ វេទិកា APPF មានសមាជិកពេញសិទ្ធិ ចំនួន២៧ប្រទេស៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus