ក្តៅៗ! ចាប់ពីថ្ងៃនេះ YouTube លែង​ឲ្យ​បង្ហោះ​វីដេអូ Prank ដែល​គ្រោះថ្នាក់ និង..

បណ្តាញ​សង្គមជួរមុខលើពិភពលោក YouTube បានឱ្យដឹងថា ចាប់ពីថ្ងៃនេះ​តទៅ​រាល់វីដេអូទាំងឡាយ​ណា ដែលបង្ហាញពី​សកម្មភាពប្រកប​ដោយគ្រោះ​ថ្នាក់ ឬក៏ធ្វើឱ្យ​ប៉ះទង្គិចដល់ផ្លូវ​អារម្មណ៍អ្នកប្រើប្រាស់​ជាទូទៅនោះ នឹងត្រូវហាមឃាត់​មិនឲ្យមាននៅលើគេហទំព័រ​របស់ខ្លួន។​ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

ការចាត់វិធានការ​ថ្មីនេះរបស់​ក្រុមហ៊ុន YouTube ធ្វើឡើងជាការឆ្លើយតប ក៏ដូចជាដើម្បី​ទប់ស្កាត់បញ្ហាប្រឈម ​ពាក់ព័ន្ធនឹងគ្រោះ​ថ្នាក់ដល់​អាយុជីវិត និងរបួស ដោយសារតែ​ការថតវីដេអូគ្រោះ​ថ្នាក់ ឬបែបរន្ធត់ៗ​យកមកបង្ហោះ​សំដៅទាក់ទាញ​ការចាប់អារម្មណ៍ នៅក្នុងបណ្តាញសង្គម​ដែល​មានទស្សនារាប់ពាន់លាននាក់ក្នុងថ្ងៃៗនេះ។

YouTube ដែលជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុនយក្ស Google បានបញ្ជាក់​នៅលើគេហទំព័រ​ផ្លូវការរបស់ខ្លួន​យ៉ាងដូច្នេះថា «ការចែក​រំលែកបន្ត និងការបង្ហោះ​វីដេអូបង្ហាញ​ពីសកម្មភាព​ប្រកបដោយ​គ្រោះថ្នាក់ ឬ Prank ឬក៏វីដេអូណាដែលធ្វើឱ្យប៉ះទង្គិច​ដល់ផ្លូវអារម្មណ៍អ្នក​ប្រើប្រាស់ដទៃ នឹងមិនអនុញ្ញាតឲ្យមាន​នៅលើ YouTube ទៀតឡើយ»

គួរបញ្ជាក់ថា បើទោះជា YouTube តែងតែព្យាយាមអនុវត្តន៍វិធានការតឹងរ៉ឹង ក្នុងន័យការពារ​ក្រមប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះ​ក៏ដោយ ក៏កន្លងមកវា​ត្រូវបានគេមើល​ឃើញថា បានបរាជ័យ​ក្នុងការ​អនុវត្តវិធានការ​​បច្ចុប្បន្ន ដែលមានស្រាប់​​មួយចំនួនរបស់ខ្លួន ដូចជាការបង្ការការបង្ហោះវីដេអូ ឬមាតិកា​ដែលលក្ខណៈហិង្សា និងរន្ធត់ៗ។ ទោះជាបែបនេះ​ក្តី អ្នកទស្សនានា​នៅតែអាច Report តាមរយៈប៊ូតុង​ដែលស្ថិតនៅ​ក្រោមវីដេអូ ប្រសិន​បើវាខុស​លក្ខខណ្ឌ ដើម្បីឲ្យ​ក្រុមការងារ YouTube ត្រួតពិនិត្យ​ច្បាស់លាស់ មុននឹងវាត្រូវហាមឃាត់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia