អុញនោះថាមែនៗ! ឥណ្ឌាបានអំពាវនាវឱ្យផ្អាកហ្គេម (PUBG) Mobile ហើយ

សមាគមនិស្សិត Jammu និង Kashmir នៅឥណ្ឌាបានអំពាវនាវឱ្យផ្អាកមិនឱ្យមានហ្គេម (PUBG) Mobile នៅក្នុងប្រទេសឥណ្ឌា ដោយនិយាយថាការវក់ជាមួយនឹងហ្គេមនេះ គឺជាមូលហេតុដែល នាំឱ្យលទ្ធផលនៃការធ្វើតេស្តរបស់សិស្សធ្លាក់ខ្សោយ។

បើយោងតាមរបាយការណ៍មួយរបស់ Pristine Kashmir បានឱ្យដឹងអំពីការអះអាងរបស់សមាគមនិស្សិតនៃប្រទេសឥណ្ឌាដែលបាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំង នៃលទ្ធផលស្តីពីការធ្វើតេស្តរបស់សិស្សកម្រិតទី ១០ និងទី១២ គឺបណ្តាលមកពីការមិនយកចិត្តទុកដាក់លើការរៀនសូត្រ និងញៀននឹងការលេងហ្គេម PUBG នេះពេញទំហឹងតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ សមាគមនិស្សិតទាំងនេះថែមទាំងបានអំពាវនាវ ទៅកាន់អភិបាលរដ្ឋ Jammu និង Kashmir ឱ្យចាត់វិធានការធ្វើយ៉ាងណាដើម្បីផ្អាកមិនឱ្យមានហ្គេមនេះក្នុងតំបន់។ លោក Abrar Ahmad Bhat ដែលជាប្រធានសមាគមនិស្សិត បានចាត់ទុកថាហ្គេម PUBG នេះមានគ្រោះថ្នាក់ដល់អនាគតយុវជនឥណ្ឌា។ ដោយឡែកក៏មានការមិនពេញចិត្តផ្សេងៗទៀតផងដែរ ដោយមានការលើកឡើងថា៖ “ឥទ្ធិពលនៃការញៀនហ្គេម គ្រោះថ្នាក់ជាងគ្រឿងញៀនទៅទៀត”។

គួរបញ្ជាក់ថា នេះមិនមែនជាករណីទី១ ទេសម្រាប់ការអំពាវនាវឱ្យបិទហ្គេម PUBG នៅក្នុងរដ្ឋរបស់ឥណ្ឌាទាំង ២នេះ។ ជាក់ស្តែងកាលពីខែមុន គ្រូផ្នែកហ្វឹកហាត់កាយសម្បទានម្នាក់ត្រូវបានគេដឹងថាមាន “បញ្ហាផ្លូវចិត្ត” ដោយសារវក់នឹង PUBG ខ្លាំងពេក។ ចំពោះករណីផ្សេងមួយទៀតគឺមានគ្រូបង្រៀនក្នុងថ្នាក់ ចាប់បានសិស្សដែលកំពុងលេង PUBG និង Fortnite ក្នុងម៉ោងរៀនផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload