តោះ! មកស្វែងយល់ពីច្បាប់ ការកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់ ទាំងអស់គ្នា

យោងតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រង និងការត្រួតពិនិត្យ ការនាំចូល ការផលិត ការលក់ ការទិញដូរ ការចែកចាយ និងការប្រើប្រាស់អាវុធជាតិផ្ទុះគ្រប់ប្រភេទ បញ្ញត្តិមាត្រា២ បានកំណត់ថា «ត្រូវចាត់ទុកជាអាវុធជាតិផ្ទុះរួមមាន (១) កាំភ្លើងវែង កាំភ្លើងខ្លីគ្រប់ប្រភេទ (២) កាំភ្លើងប្រភេទឧស្ម័នហៀរទឹកភ្នែក ឬសន្លប់ ឬឧស្ម័នពុល (៣) កាំភ្លើងស្វ័យប្រវត្តិ ពាក់កណ្តាលស្វ័យប្រវត្តិគ្រប់ប្រភេទ (៤) កាំភ្លើងខ្ទប់សម្លេង ឬឧបករណ៍ខ្ទប់សម្លេង (៥) រ៉ុកកែតគ្រប់ប្រភេទ (៦) អាវុធគីមីគ្រប់ប្រភេទ (៧) អាវុធជីវសាស្រ្តគ្រប់ប្រភេទ (៨) ដំបងឆក់គ្រប់ប្រភេទ (៩) គ្រាប់បែក គ្រាប់មីនគ្រប់ប្រភេទ (១០) ជាតិផ្ទុះ ឬសារធាតុផ្ទុះគ្រប់ប្រភេទ (១១) គ្រាប់កាំភ្លើងគ្រប់ប្រភេទ» ។

ជាគោលការណ៍ ច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យអាវុធជាតិផ្ទុះក្លាយជាកម្មវត្ថុនៃកម្មសិទ្ធិ ឬការជួញដូរឡើយ លើកលែងតែមានបញ្ញត្តិពិសេសចែង។ ប៉ុន្តែច្បាប់បានអនុញ្ញាតឲ្យបុគ្គលមួយចំនួន អាចមានសិទ្ធិកាន់កាប់ ឬប្រើប្រាស់នូវអាវុធទាំងនោះនៅក្នុងទំហំដែនកំណត់មួយដែលបម្រើដល់ប្រយោជន៍សង្គមទូទៅ។ ចុះប្រសិនបើមានជនណាម្នាក់ដែលច្បាប់មិនបានអនុញ្ញាត ហើយបានកាន់កាប់អាវុធជាតិផ្ទុះដោយខុសច្បាប់ តើជននោះត្រូវទទួលទោសបែបណា?

ដើម្បីដឹងឲ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖

ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល កងសន្តិសុខនៃធនាគារជាតិ រួមទាំងមន្រ្តីរាជការស៊ីវិលមួយចំនួនទៀតដែលច្បាប់បានអនុញ្ញាត។ បុគ្គលទាំងអស់នេះអាចប្រើប្រាស់អាវុធជាតិផ្ទុះបាន ដោយចាំបាច់ត្រូវមានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្មរបស់ខ្លួន ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ឬក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលខ្លួនស្ថិតនៅក្រោមចំណុះ។ ប្រសិនបើការគ្រប់គ្រង ឬប្រើប្រាស់អាវុធដោយមិនគោរព តាមលក្ខខណ្ឌខាងលើនេះទេ នោះមានន័យថា ការប្រើប្រាស់នោះមិនត្រឹមត្រូវស្របតាមច្បាប់ឡើយ ហើយត្រូវទទួលទោសតាមច្បាប់។

ចំពោះច្បាប់ដែលកំណត់ពីទោសបញ្ញត្តិស្ដីពីការកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់នេះ គឺ ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ។ ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ ក្នុងមាត្រា ២០ បានបញ្ញត្តិថា ៖ ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃ តម្លើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០,០០០ (ហាសិបម៉ឺន) រៀល ដល់ ២,០០០,០០០ (ពីរលាន) រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។ ចំណែកឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ក្នុងមាត្រា ៤៩០ បានចែងថា៖ គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល។

សរុបមក អាវុធជាតិផ្ទុះគ្រប់ប្រភេទត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងតាមច្បាប់ទាំងពីរខាងលើ ហើយជាទូទៅបុគ្គលដែលបានប្រព្រឹត្តិល្មើសនឹងច្បាប់នេះ ត្រូវបានផ្តន្ទាទោសជាបន្តបន្ទាប់ដោយមិនលើកលែង ។ ការកំណត់នូវសិទ្ធិក្នុងការគ្រប់គ្រង ឬកាន់កាប់អាវុធនេះ គឺអាចជួយគ្រប់គ្រងនូវសកម្មភាពអសកម្មរបស់មនុស្សមួយចំនួន ក្នុងគោលបំណង រក្សានូវសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាទប់ស្កាត់នូវរាល់សកម្មភាពជាបទល្មើសផ្សេងៗ៕

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia