អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ប្រកាសបញ្ឈប់លែងទទួលចុះបញ្ជីឡានចង្កូតស្កាំហើយ

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​ ២១ ខែ​មករា ឆ្នាំ​ ២០១៩ ម្សិលមិញ​នេះ​ នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មាន​កិច្ចប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​ការងារ​ផ្ដល់​សេវា​សាធារណៈ​ដឹក​ជញ្ជូន​ផ្លូវគោក ដែល​មាន​ការ​ចូលរួម​ពី​លោក​អគ្គនាយក​រង លោក លោក​ស្រី​ប្រធាន​នាយកដ្ឋាន លោក​អនុ​ប្រធាន​នាយកដ្ឋាន លោក​ប្រធាន​ការិយាល័យ​ជំនាញ មន្ត្រី​ពាក់ព័ន្ធ​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ក្រោម​អធិបតី​ភាព ឯកឧត្ដម​ ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក។

អង្គ​ប្រជុំ​សម្រេច​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

១) ឯកភាព​ខិត​ខំ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ឱ្យ​បាន ៥០%

២) ទទួល​ចុះ​បញ្ជី​រថយន្ត​ចង្កូត​ស្កាំ ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស ដែល​បាន​ចុះ​បញ្ជី​បង់ពន្ធ កក់​ប្រាក់ នៅ​តាម​បណ្ដា​អង្គភាព​គយ​និង​រដ្ឋាករ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទូទាំង​ប្រទេស កាល​ពី​ឆ្នាំ ​២០១៦ តែ​ប៉ុណ្ណោះ

៣) មន្ទីរ​បញ្ឈប់​ទទួល​បេក្ខជន​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ​សណ្ដោង «ង» លើកលែង​តែ​មាន​ការ​អនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក

៤) បញ្ឈប់​ការ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស

គួរ​ដឹង​ថា​ត្រង់​ចំណុច​ទី​ពីរ​មាន​ន័យ​ថា​ រថយន្ត​ចង្កូត​ស្ដាំ​ដែល​មិន​បាន​ចុះ​បញ្ជី​បង់ពន្ធ ​​កក់​ប្រាក់ កាល​ពី​ឆ្នាំ ២០១៦ ​​ខាង​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នឹង​មិន​ទទួល​​ចុះ​បញ្ជី​​នោះ​ឡើយ។ រថយន្ត​ដែល​មិន​​បាន​ចុះ​បញ្ជី​ត្រូវ​ចាត់​ទុក​ថា​ជា​រថយន្ត​ល្មើស​ច្បាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia