សម្តេច ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះតារាចម្រៀង ខេម ទៅលើ…..

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ កោតសរសើរ ចំពោះអ្នកនិពន្ធបទចម្រៀងមួយបទ មានចំណងជើងថា «លើលោកនេះគ្មានអ្នកណាចង់ក្រ» ដែលជាបកស្រាយ ដោយតារាចម្រៀងប្រចាំក្នុងផលិតកម្មថោន គឺលោក ខេម ខណៈបទចម្រៀងនេះ បានបង្ហាញឲ្យឃើញពីជីវិតពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដើម្បីជីវភាពគ្រួសារ និងបានឆ្លុះបញ្ចាំងពីតស៊ូប្រឹងប្រែងរកប្រាក់ចិញ្ចឹមគ្រួសារ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ គឺក្នុងឱកាសដែលសម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត ជាង​១ម៉ឺននាក់ នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩​នេះ។

សម្ដេចតេជោ ​មានប្រសាសន៍ថា «បទចម្រៀងរបស់ ខេម មានមួយបទ គឺ​បទលើលោកនេះគ្មានអ្នកណាចង់ក្រ គឺវាទាក់ទងទៅនឹងជីវិកកម្មករ គឺកម្មករក្រៅស្រុក អាចដាក់បានក៏ដាក់ទៅ ឥឡូវទាន់ថ្ងៃហ្នឹងមកហើយ… ឲ្យច្រៀងឲ្យច្រើនបន្តិចទៅ..»។

សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរចំពោះទឹកដមសំឡេង របស់តារាចម្រៀង ខេម ដែលមានសំឡេងអំណោយផលពីធម្មជាតិ ពោលគឺមានសំឡេងស្អក ប៉ុន្តែពីរោះមួយបែប។

សម្ដេចតេជោបញ្ជាក់ថា «អត់ទេ..សំឡេងខេមឯងពិសេស និយាយត្រង់ សំឡេងស្អកមែន ក៏ប៉ុន្តែគឺពិសេស ហើយបើព្យាណូបាក់ខ្ទង់ (ច្រៀងបទព្យាណូបាក់ខ្ទង់) បញ្ជូនឲ្យពូ គឺអាហ្នឹងពីរោះប្លែកហ្មង.. សាកឥឡូវហ្នឹងក៏បានដែរ សាកព្យាណូបាក់ខ្ទង់មួយមើល៍…!»។

 

ដកស្រង់ដោយ លោក ប៊ុត ហេង

ប្រភព៖ khmerload