អបអរសាទរ! ពេលនេះ កម្ពុជា នាំចេញចេកអំបូងលឿងទៅចិនជាលើកដំបូង

ចេកអំបូងលឿង (Cavendish)ដែលដាំនៅខេត្តកំពត បានធ្វើការនាំចេញជាលើកដំបូង ក្នុងដំណាក់កាលសាកល្បងបានចាប់ផ្តើមនៅដើមសប្តាហ៍ទី១ ខែមករា មានចំនួនពី២០ទៅ៤០តោនជារៀងរាល់ថ្ងៃ ហើយបរិមាណនឹងកើនឡើងទ្វេរគុណ នៅពេលកម្ពុជាអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ។

កសិដ្ឋានដាំចេកអំបូងនៅខេត្តកំពតគឺជាការវិនិយោគរួមគ្នា រវាងអ្នកវិនិយោគទុនខ្មែរ និង ចិន នូវទឹកប្រាក់ចំនួន ៣២លានដុល្លារ លើផ្ទៃដីទំហំជាង ១ ០០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត ។

លោក ឧកញ៉ា ផែ ហុកឈួន ​ប្រធានក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ ដែលបានធ្វើការវិនិយោគលើដំណាំចេកនៅខេត្តកំពតនោះបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា យើងបាននាំចេញចេកអំបូងលឿង ដែលជាពូជចេកអំបូរ (Cavendish) ដែលប្រមូលផលលើកដំបូង ទៅប្រទេសចិន ជាបណ្តោះអាសន្នសិន ដោយសារតែពិធីសារដែលកម្ពុជា បានចុះហត្ថលេខារួចហើយជាមួយភាគីចិននោះ នៅរង់ចាំភាគីចិនចុះមកពិនិត្យវាយតម្លៃកសិដ្ឋានចម្ការចេក នៅខេត្តកំពត នៅពាក់កណ្តាលខែកុម្ភៈខាងមុននេះ បន្ទាប់ពីយើងទទួលបានការបញ្ជាក់ជាផ្លូវការហើយ ពេលនោះយើងអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនតែម្តង ។

លោកឧកញ៉ា មានប្រសាសន៍បន្តទៀតថា សម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុនគ្រោងនាំចេញផ្លៃចេកស្រស់ចន្លោះពី២០,០០០ ទៅ២៥,០០០តោន ដែលនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។ គោលដៅសំខាន់របស់ក្រុមហ៊ុន គឺការនាំចេញច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក។ ដោយឡែកទីផ្សារដែលគ្រោងនាំចេញមុនគេ គឺទីផ្សារប្រទេសចិន បន្ទាប់មក គឺទីផ្សារបណ្តាប្រទេសផ្សេងៗទៀត។

កសិដ្ឋានចម្ការចេកពណ៌លឿង នៅខេត្តកំពតនោះ បានស្រូបយកកម្លាំងពលកម្មប្រមាណជាង ១ ០០០នាក់ សម្រាប់បម្រើការដាំដុះ ថែទាំ ប្រមូលផល និង កែច្នៃវេចខ្ចប់ផលចេកដើម្បីធ្វើការនាំចេញនៅក្នុងឆ្នាំ ២០១៩នេះ ហើយកម្លាំងពលកម្មសម្រាប់ធ្វើការងារនេះនឹងកើនឡើងនៅឆ្នាំជាបន្តបន្ទាប់ទៀត ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular