ល្អណាស់! ជប៉ុន ប្រគល់នាវាល្បាត២គ្រឿង ដល់អង្គភាពគយកម្ពុជា ដែល….

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយ ២ គ្រឿង នៅថ្ងៃទី ២៥ ខែមករា នាកំពង់ផែអន្តរជាតិខេត្តព្រះ សីហនុ ។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអោយដឹងថា ការបំពាក់នាវាល្បាតគយ ចំនួន ២ គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធិភាព ក្នុងការបង្ការទប់ស្កាត់ និង បង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏អាចចូលរួមក្នុងការពង្រឹងសន្តិសុខលំហរសមុទ្រកម្ពុជាផងដែរ ។

បើតាម លោក គុណ ញឹម នាវាល្បាតនីមួយៗមានបំពាក់ប្រព័ន្ធរ៉ាដា វិទ្យុទាក់ទង កែវយឺត និងបរិក្ខារ ទំនើបៗ ដែលអាចបម្រើដល់ប្រតិបត្តិការលើផ្ទៃសមុទ្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានលើកឡើងថា នេះជាលើកដំបូង ដែលអាជ្ញាធរគយជប៉ុន បានផ្តល់ជំនួយជានាវាល្បាតគយ មានទឹកប្រាក់សរុប ៤ លាន ៥ សែនដុល្លាអាមេរិក ជូនរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ។

ជាមួយគ្នានេះ លោក រំពឹងថាការបំពាក់នាវាល្បាតគយចំនួន ២ គ្រឿងនេះ នឹងចូលរួមចំណែកក្នុងការបង្ក្រាបការរត់ពន្ធនៅតាមដែនសមុទ្រ និងការគ្រប់គ្រងច្បាប់នាវាចរនៅកម្ពុជា កាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងការគុណដល់រដ្ឋាភិបាលជប៉ុនចំពោះការផ្តល់ជំនួយដ៏សំខាន់នេះ ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភដល់ការស្ដារ និង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រួមទាំង ការចូលរួមចំណែកនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដល់កម្ពុជាផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ចំណូលប្រមូលដោយរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា បានកើនឡើងទ្វេរដង ។ ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តកំណែទម្រង់ និងទំនើបកម្មបន្ថែមទៀត សំដៅពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន តាមរយៈការកសាងធនធានមនុស្ស បំពាក់បរិក្ខារ និងមធ្យោបាយការងារ រួមទាំង ប្រព័ន្ធព័ត៌មានវិទ្យាឲ្យកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូរទម្រង់ និងអភិវឌ្ឍឥតឈប់ឈរនៃសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus