នេះជាមូលហេតុ ដែលនាយទាហានសកម្មធ្វើសច្ចាប្រណិធាននៅមុខ ប្រាស…..

និស្សិតនាយទាហានសកម្ម ចំនួន ១០៣នាក់ បានធ្វើសច្ចាប្រណិធាននៅមុខប្រា សាទអង្គរវត្ត នាខេត្តសៀមរាប មុនចាប់ផ្តើមបំពេញការងារ បន្ទាប់ពីពួកគាត់ បានសិក្សាអស់រយៈពេល៤ឆ្នាំ ។
ការធ្វើសច្ចាប្រណិធានរបស់និស្សិតនាយទាហានសកម្មជំនាន់ទី១៩ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើពិធីសច្ចាប្រណិធាននេះ ដោយសារទីនេះ គឺជាកន្លែងសក្តិសិទ្ធដែលដែលបុព្វបុរសបានកសាងឡើង និងជានិមិត្តរូប នៃភាពជាញជ័យរបស់ជាតិខ្មែរ ដែលប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅក្នុងដំណាក់កាលដែលខ្មែរជាអាណាចក្រដ៏ធំនៅអាស៊ី ។ ក្រៅពីនេះ អត្ថន័យមួយទៀតបង្ហាញពីកងទ័ព គឺជាឆ្អឹងខ្នងនៃអាណាចក្រខ្មែរនៅក្នុងសម័យនៃការកសាង ហើយ កងទ័ព ក៏ជាឆ្អឹងខ្នងនៅក្នុងការការពារជាតិ និងជាការពង្រឹងសក្តានុពលរបស់អាណាចក្រខ្មែរ ។

ដូច្នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើអោយនិស្សិតនាយទាហាន ត្រូវចងចាំនូវអត្ថន័យនៃការធ្វើសច្ចាប្រណិធាននៅទីនេះ នៅពេលដែលចេញ​ទៅធ្វើ​ការនៅតាមបណ្តាអង្គភាពផ្សេងៗ ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងថែរក្សាសុខសន្តិភាពស្ថិរភាពជូនប្រជពលរដ្ឋ ការពារទឹកដី ការពារជាតិ ស្មោះត្រង់ចំពោះជាតិ ដែលនេះ គឺជាអ្វី ដែលសំខាន់បំផុតសម្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ គឺ ដាច់ខាតខ្មែរដើម្បីខ្មែរ ។

ជាមួយគ្នានេះ នាយទាហាន ទាំងអស់ត្រូវគោរពលក្ខន្តិកៈ បទវិន័យផ្សេងៗ សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវតែធ្វើជាគំរូគេ ត្រូវមានការទទួលខុសត្រូវ ត្រូវមានវិន័យ និងមានភាពស្មោះត្រង់ជានិច្ច។

សូមបញ្ជាក់ថា និស្សិតនាយទាហានសកម្មជំនាន់ទី១៩ នេះ បានឆ្លងកាត់វគ្គសិក្សា ដែលមានរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៥ ហើយនឹងត្រូវបញ្ចប់ នៅខែកុម្ភៈ ឆ្នាំ២០១៩ នេះ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus