ក្រុមហ៊ុនចិន គ្រោងសង់បំពង់បង្ហូរប្រេងឬឧស្ម័នពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញ

ក្រុមហ៊ុនចិនបានបង្ហាញមហិច្ឆិតា គ្រោងសាងសង់បំពង់បង្ហូរប្រេងឬឧស្ម័នពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញជាមួយ និងគម្រោងនៃការសាងសង់ផ្លូវល្បឿ​ន​លឿនផងដែរ។

លោកShu Yinbiao ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហួរណេងគ្រុប ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅខេត្តស្ទឹងត្រែងថ្លែងនៅក្នុងជំនួបពិភា​ក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារនៅថ្ងៃទី២១ មករាកន្លងមកថា ក្រុមហ៊ុនលោកមានគម្រោងសិក្សា និងវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផងដែរ។

សម្តេចតេជោហ៊ុន សែនបានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលកំពុងបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជា។ សម្តេចតេជោ បានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលធ្លាប់បានឲ្យដឹងថា នៅចុងឆ្នាំ២០១៩ខាងមុខនេះ កម្ពុជានឹងទទួលបាននូវតំណក់ប្រេងជាលើកដំបូង ហើយនឹងផលិតជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ២០២០ផងដែរ ហើយជាមធ្យមក្នុងមួយថ្ងៃអាចផលិតប្រេងបាន៣ម៉ឺន បារ៉ែល។

 

ជាមួយនឹងកំណប់ប្រេងដែលកម្ពុជាទទួលបាននេះ វានឹងក្លាយជាកំលាំងចលករថ្មី មួយទៀត ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា ឲ្យបោះជំហ៊ានទៅមុខយ៉ាងល្អប្រសើរបន្ថែមទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ www.propertyarea.asia