ស្រាយចម្ងល់ បើមានអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខភ្នំពេញបានអត់?
ជឿជាក់ថាមហាជនមួយចំនួន នៅតែមានមន្ទិលខ្លះៗជុំវិញដំណើរការចុះបញ្ជីយានជំនិះរថយន្តនៅកម្ពុជា។ ផ្អែកតាមគេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូនបានឆ្លើយតបនូវមន្ទិលជាច្រើន ដូចខាងក្រោមនេះ ៖
១) ការចុះបញ្ជីរថយន្តត្រូវមានឯកសារអ្វីខ្លះ? និងត្រូវធ្វើនៅទីណា?
ឯកសារតម្រូវសម្រាប់ការចុះបញ្ជីរួមមាន ឯកសារអត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ) , បង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (អាចធ្វើបានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី)។ អាចចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដោយខ្លួនឯង តាមគេហទំព័រ https://vehicle.mpwt.gov.kh ឬ អាចទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឬទៅកាន់ហាងលក់យានយន្តដែលមានសិទ្ធិចុះបញ្ជីជាមួយក្រសួង។
២) ការទូទាត់តម្លៃសេវាចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មត្រូវធ្វើដូចម្ដេច?
ការទូទាត់តម្លៃសេវាចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម អាចមានជម្រើសពីរ គឺទីមួយ អាចទូទាត់តាមគណនីផ្ទាល់ចំពោះអ្នកមានគណនីរបស់ភ្នាក់ងារទូទាត់ដែលសហការជាមួយក្រសួងដូចជា វីង , លីហួរ ឬ ស្មាតលុយ និងទីពីរ អាចទូទាត់ជាមួយបញ្ជរភ្នាក់ងារដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងដូចជា វីង , លីហួរ ឬ ស្មាតលុយ។
៣) ការផ្ទេរកម្មសិទ្ធិរថយន្តត្រូវមានឯកសារអ្វីខ្លះ? និងត្រូវទៅធ្វើទីណា?
ឯកសារសម្រាប់ការផ្ទេរកម្មសិទ្ធិ រួមមាន ពាក្យសុំផ្ទេរកម្មសិទ្ធិ, លិខិតទិញលក់, ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម, អត្តសញ្ញាណប័ណ្ណរបស់ភាគីទាំងអ្នកលក់ និងអ្នកទិញ , វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងតម្រូវឲ្យភាគីទាំងពីរទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូននៃអាសយដ្ឋានអ្នកទិញដើម្បីធ្វើបែបបទផ្ទេរកម្មសិទ្ធិ។
៤) ចង់ប្ដូរផ្លាកលេខរថយន្តស៊េរីចាស់ យកផ្លាកថ្មីដែលមាន QR Code ត្រូវការឯកសារអ្វីខ្លះ?
ត្រូវមានឯកសារ ៖ ពាក្យសុំប្ដូរ, ផ្លាកលេខដែលត្រូវប្ដូរ, ប័ណ្ណសម្គាល់យានយន្ត, អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
៥) បាត់ប័ណ្ណសម្គាល់រថយន្តតើត្រូវការឯកសារអ្វីខ្លះដើម្បីធ្វើថ្មី និងត្រូវធ្វើនៅទីណា?
ការស្នើសុំទុតិយតាប័ណ្ណសម្គាល់រថយន្តត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណ, ពាក្យបណ្ដឹងបញ្ជាក់អំពីការបាត់ និងវិញ្ញាបនបត្រត្រួតពិនិត្យ។
៦) តើអត្តសញ្ញាណប័ណ្ណមានអាសយដ្ឋានខេត្ត អាចធ្វើផ្លាកលេខភ្នំពេញបានដែរឬទេ?
អាចធ្វើបានលុះត្រាតែមានសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលមានអាសយដ្ឋានភ្នំពេញ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ autobodia