ប្រសើរណាស់! ក្នុង​តំបន់​អាស៊ាន​ ​កម្ពុជា​ ​នឹង​មាន​ជើងហោះហើរ​​ត្រង់ ជាមួយ….

​នៅក្នុង​តំបន់​អាស៊ាន​ ​កម្ពុជា​ ​នឹង​មាន​ជើងហោះហើរ​ដោយ​ត្រង់​ជាមួយនឹង​ប្រទេស​ចំនួន៩​ ​គិត​ទាំង​ប្រទេស​ចំនួន២​ ​ដែល​នឹង​បើក​ជើងហោះហើរ​ដោយ​ត្រង់​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​។​ ​ដោយឡែក​ ​ប្រទេស​មួយ​ ​ដែល​មិន​មាន​ជើងហោះហើរ​ត្រង់នោះ​ ​គឺ​ ​ប្រទេស​ប្រ៊ុយណេ​ ​។​

បើ​យោង​តាម​ការ​ចេញផ្សាយ​ ​បាន​អោយ​ដឹង​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airlines​ ​(​PAL​)​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​ដំណើរការ​សេវា​ហោះហើរ​ទៅ​ទីក្រុង​ភ្នំពេញ​ ​ពីទី​ក្រុង​ម៉ានីល​នៅ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដែល​ជា​ការ​តភ្ជាប់​ការហោះហើរ​ត្រង់​ ​លើកដំបូង​រវាង​ប្រទេស​ហ្វីលីពីន​ ​និង​កម្ពុជា​ ​។​ ​ ​ក្រុមហ៊ុន​នេះ​ ​នឹង​ប្រតិបត្តិ​ការ​ ​៥​ ​ដង​ក្នុង​ ​១​ ​សប្ដាហ៍​ ​ចាប់ពី​ថ្ងៃច័ន្ទ​ ​ដល់​ថ្ងៃសៅរ៍​ ​ជាមួយ​ជើងហោះហើរ​ដំបូង​ ​PR​ ​521​ ​នឹង​ចាកចេញ​ពីទី​ក្រុង​ម៉ានីល​ ​នៅ​ម៉ោង​ ​១០​:​១០​ ​នាទី​យប់​ ​ហើយ​រំពឹង​ថា​ ​នឹង​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​នៅ​ម៉ោង​ ​១១​:​៤៥​ ​នាទី​យប់​ ​។​

ដោយឡែក​ ​កាលពី​សប្ដាហ៍​មុន​ ​ប្រតិភូ​មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ ​Citilink​ ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ក៏បាន​បង្ហាញ​ផែនការ​ ​ក្នុង​ការ​បើកផ្លូវ​ហោះហើរ​ត្រង់​ដែល​តភ្ជាប់​ប្រទេស​ទាំង២​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ ​កម្ពុជា​ ​ក្នុង​អំឡុង​ឆមាស​ទី២​ ​ឆ្នាំ២០១៩នេះ​ ​។​

​បើ​តាម​រដ្ឋមន្រ្តី​ទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ ​អ្នកដំណើរ​រវាង​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ត្រូវ​ឆ្លងកាត់​ប្រទេស​សិង្ហបុរី​ ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ​ទីក្រុង​បាងកក​ ​ឬ​ទីក្រុង​ហូជីមិញ​ ​ដើម្បី​មកដល់​កម្ពុជា​ ​។​

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​ ​បាន​បង្ហាញថា​ ​ប្រជា​ជន​ឥណ្ឌូ​នេ​ស៊ី​ ​ប្រហែល​ ​៤៧​ ​២៥៦​ ​នាក់​ ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​កើនឡើង​ ​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ​២០១៧​ ​។​ ​ដោយឡែក​ ​ប្រជាជន​ហ្វីលីពីន​ ​បាន​ទស្សនា​កម្ពុជា​ ​មាន​ចំនួន​សរុប​ ​៧៦​ ​០២៤​ ​នាក់​កាលពី​ឆ្នាំ​ ​២០១៨​ ​ធ្លាក់ចុះ​ ​១៤​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ​២០១៧​។​
​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​ ​បាន​អោយ​ដឹង​ថា​ ​ប្រទេស​ ​ហ្វីលីពីន​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​កម្ពុជា​ ​ដោយសារតែ​ភ្ញៀវ​ទេសចរ​ក្រៅ​ស្រុក​នៅក្នុង​ប្រទេស​ទាំង​ ​២​ ​កើនឡើង​ប្រចាំឆ្នាំ​ ​និង​តំណាង​ទីផ្សារ​ដ៏​ធំ​មួយ​ក្នុង​តំបន់​ ​៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus