ដល់ក! បុរសម្នាក់ពាក់មុខខ្មោចទៅយករង្វាន់ ១លានដុល្លារ ក្រោយឈ្នះឆ្នោត …

បុរសចាម៉ៃកាម្នាក់បានឈ្នះឆ្នោតរង្វាន់ធំសរុបជាង ១លានដុល្លារ ប៉ុន្តែគាត់បានសម្រេចចិត្តមិនបង្ហាញមុខជាសាធារណៈឡើយ តែគាត់ពាក់ស្រោមមុខខ្មោចទៅទទួលរង្វាន់ជំនួសវិញ។

យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩  បានឲ្យដឹងថា បុរសដែលឈ្នះឆ្នោតរង្វាន់ធំនេះមានឈ្មោះថា Campbell។ មូលហេតុដែលគាត់សម្រេចចិត្តពាក់ស្រោមមុខទៅទទួលរង្វាន់ ព្រោះគាត់មិនចង់ឲ្យសាច់ញាតិគាត់ស្គាល់ និងដឹងថាគាត់បានឈ្នះឆ្នោត។ លោក Campbell ក៏មិនចង់ឲ្យសាច់ញាតិគាត់មកសុំលុយ ឫខ្ចីលុយពីគាត់ដែរ។

គួរបញ្ជាក់ថា ទឹកប្រាក់ឆ្នោតរង្វាន់ធំដែលគាត់ទទួលបានពីក្រុមហ៊ុនឆ្នោតជាតិក្នុងប្រទេសចាម៉ៃកានេះមានចំនួនសរុប ១,១៧លានដុល្លារអាមេរិក

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា បន្ទាប់ពីដឹងថាខ្លួនឯងឈ្នះឆ្នោតហើយ លោក Campbell បានរង់ចាំអស់រយៈពេល ៥៤ថ្ងៃ មិនសុខចិត្តទៅបើកលុយនោះភ្លាមៗទេ។ ការប្រកាសឆ្នោតបានប្រព្រឹត្តិឡើងតាំងពីខែវិច្ឆិកាឆ្នាំមុន តែលោក Campbell ទើប ទៅបើកវានៅពេលថ្មីៗនេះប៉ុណ្ណោះ។

យោងតាមប្រសាសន៍របស់លោក Campbell ផ្ទាល់បានឲ្យដឹងថា “ជាទូទៅខ្ញុំតែងតែសរសេរលេខឆ្នោតដែលគេប្រកាសក្នុងទូរទស្សន៍ទុក។ ពេលហូបបាយហើយ ខ្ញុំនឹងផ្ទៀងវាមើល”។ 

គាត់បន្តថា “មានយប់មួយ ខ្ញុំបានមើលលេខឆ្នោតដែលខ្ញុំបានទិញ។ ហើយវាត្រូវម៉ាច់ជាមួយនឹងលេខឆ្នោតរង្វាន់ធំដែលក្រុមហ៊ុនបានប្រកាស។  ខ្ញុំបានប្រញាប់រត់ចូលក្នុងបន្ទប់ទឹក ហើយនិយាយប្រាប់ខ្លួនឯងថា ខ្ញុំឈ្នះហើយៗ”។

បន្ទាប់ពីត្រូវឆ្នោតនេះហើយ លោក Campbell បាននិយាយថា “ខ្ញុំគ្រោងយកលុយទាំងអស់ទៅទិញផ្ទះល្អសមរម្យមួយនៅ។ ខ្ញុំមិនទាន់អាចរកវាបានទេ ប៉ុន្តែខ្ញុំនឹងរកវាក្នុងពេលឆាប់ៗនេះ។ ខ្ញុំចូលចិត្តរក្សាទុកលុយរបស់ខ្ញុំ។ ខ្ញុំមិនខ្ចីគេ ក៏មិនចង់ឲ្យគេខ្ចីដែរ”។ នេះតាមការបញ្ជាក់របស់ម្ចាស់ឆ្នោតផ្ទាល់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload