ទីបំផុត! អគារពាណិជ្ជកម្មភ្លោះ«Royal One» ៦២ជាន់ បានបើកការដ្ឋានសាង…

គម្រោងអគារពាណិជ្ជកម្មភ្លោះ«Royal One»ដែលមានកម្ពស់ ៦២ជាន់ មានតម្លៃប្រមាណជា ២៣០លានដុល្លោរនោះ បានបើកការដ្ឋានសាងសង់ហើយ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ។ អគារ «Royal One » នេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ាគិត ម៉េង និង អ្នកវិនិយោគមកពីប្រទេសចិន ។

អគារ Royal One នេះ នឹងសាងសង់​ដោយក្រុម​ហ៊ុន​សំណង់​ចិន Huashi Group ជាក្រុម​ហ៊ុន​សំណង់​ធំ​មក​​ពីប្រទេស​ចិន ។ តាមគម្រោងនៃការសាងសង់អគារភ្លោះកម្ពស់ ៦២ជាន់នេះនឹងត្រូវចំណាយពេលសាងសង់៥ឆ្នាំ ទើបបញ្ចប់គម្រោងទាំងមូល ។ តាមពិតទៅអគារ Royal One នេះ មាន៦៨ជាន់គឺក្រោមដីចំនួន ៦ជាន់ និង ឡើងលើមានកម្ពស់ ៦២ជាន់ ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤ ០៣៦ ម៉ែត្រការ៉េ ។

អគារ​ភ្លោះនេះ ជា​​ប្រភេទ​អគារ​ពាណិជ្ជកម្ម​ចម្រុះ ​ខុនដូ ផ្សារទំនើប សណ្ឋាគារ ក្លិបកំសាន្ត ក្លិបហាត់ប្រាណ ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ។ អគារនេះ មានទីតាំងនៅតាមដង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​កែង​គ្នានឹង​មហាវិថី​ព្រះមុនីវង្ស ស្ថិតនៅក្នុង​តំបន់​​​ពាណិជ្ជ​កម្ម​​ប្រជុំដោយអគារខ្ពស់ ៗ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular