អុញនោះ! រាជវង្សអារ៉ាប់មួយអង្គចង់ជះ លុយទិញក្លិប Manchester United

ព្រះអង្គម្ចាស់ Mohammad Bin Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត កំពុងចាប់អារម្មណ៍ចង់ទិញយកក្លិប Manchester United ដើម្បីប្រជែងជាមួយក្លិប Manchester City ដែលកាន់កាប់ដោយក្រុមហ៊ុន Abu Dahbi។

យោងតាម The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed Bin Salman កំពុងសម្លឹងរកមើលឱកាសនៃការចរចាទិញយកក្លិប Manchester United ពីគ្រួសារ Glazer នារដូវក្តៅខាងមុខ ដោយព្រះអង្គបានត្រៀមកញ្ចប់លុយយ៉ាងមហាសាលចំនួនជាង ៥ពាន់លានដុល្លារដើម្បីដាក់សំណើលើតុចរចា។ បើគ្រួសារ Glazer ពិតជាយល់ព្រមលក់ក្លិប Manchester United មែននោះ ពួកគេនឹងចំណេញប្រាក់ជាង ២,៨ពាន់លានដុល្លារ បន្ទាប់ពីគ្រួសារ Glazer បានទិញយកក្លិបនេះកាលពីឆ្នាំ ២០០៥ ក្នុងតម្លៃមិនដល់ ១ពាន់លានដុល្លារផង។

តាមពិតទៅ ព្រះអង្គម្ចាស់ Mohammed Bin Salman បានចាប់អារម្មណ៍ចង់ទិញយកក្លិប Manchester United តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគ្រួសារ Glazer ហាក់ដូចជាមិនទាន់មានចំណាប់អារម្មណ៍ចង់លក់ក្លិបនេះឡើយ។ ទោះបីជាបែបណាក៏ដោយ កញ្ចប់លុយយ៉ាងសម្បើមនេះ អាចនឹងបន្ទន់ចិត្ត ក៏ដូចជាមានភាគរយខ្ពស់សម្រាប់ការចរចានេះ។

ដោយឡែកគេជឿថា តម្លៃ ៤,៨ពាន់លានដុល្លារអាចនឹងត្រូវពិចារណាសាជាថ្មី បើសិនជា Manchester United មិនមានកៅអីសម្រាប់ UEFA Champions League រដូវកាលក្រោយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload