គន្លឹះចំនួន ២០ ចំនុច ដើម្បីប្រឡងយកពិន្ទុ IELTS ខ្ពស់បំផុត

តើអ្នកធ្លាប់មានក្តីស្រមៃចង់ទៅបន្តការសិក្សានៅបរទេសដែរឬទេ? បើសិនជាចង់ តើអ្នកបានត្រៀមអ្វីខ្លះហើយឬនៅ? ជាការពិតណាស់ បើសិនជាអ្នកមានបំណងទៅសិក្សានៅក្រៅប្រទេស អ្នកត្រូវតែមានលក្ខណៈសម្បត្តិមួយចំនួនដូចជាមានថវិកាសំរាប់ទ្រទ្រង់ការសិក្សាក៏ដូចជាសំរាប់ជីវភាពរស់នៅប្រចាំថ្ងៃ (បើសិនជាអ្នកមិនទទួលបានអាហារូបករណ៏ពីស្ថាប័នណាមួយទេ) និងប្រវត្តិការសិក្សាល្អជាដើម។ ប៉ុន្តែអ្វីដែលមិនអាចខ្វះបាននោះគឺ ចំនេះដឹងភាសាអង់គ្លេស (លើកលែងតែប្រទេសឬ សាកលវិទ្យាល័យដែលអ្នកចង់ទៅនោះមិនប្រើប្រាស់ភាសាអង់គ្លេសជាយាន)។ ចំនែកកំរិតនៃសមត្ថភាពភាសាអង់គ្លេសដែលគេទាមទារទៀតសោត គឺអាស្រ័យទៅតាមសាកលវិទ្យាល័យ ឬក៏មុខជំនាញដែលអ្នកជ្រើសរើស ហើយដើម្បីវាស់ស្ទង់សមត្ថភាពភាសារបស់អ្នក គឺគេតំរូវឲ្យអ្នកធ្វើការប្រលងតេស្ត៍ស្តង់ដាដូចជា IELTS ឬ TOEFL iBT។ ថ្ងៃនេះគេហទំព័រអាឡាដាំង សូមធ្វើការបកស្រាយតែលើតេស្ត៍  IELTS ប៉ុណ្ណោះ ចំនែកឯតេស្ត៍TOEFL iBT វិញ យើងខ្ញុំនឹងលើកមកពិភាក្សានាឱកាសក្រោយទៀត។

តើតេស្ត៍ IELTS ជាអ្វី?

IELTS ជាពាក្យកាត់មកពី International English Language Testing System ដែលជាប្រភេទតេស្ត៍ភាសាអង់គ្លេសដ៏ពេញនិយមមួយ។ យោងតាមគេហទំព័រ British Council មានបេក្ខជនដល់ទៅជាង២លាននាក់បានធ្វើការប្រលងតេស្ត៍នេះកាលពីឆ្នាំមុន។

តេស្ត៍ IELTS ធ្វើការវាយតំលៃទៅលើបំនិនសំខាន់ៗទាំងបួន (អាន ស្តាប់ និយាយ និងសរសេរ)។ ក្នុងផ្នែកនីមួយៗមានលក្ខណៈពិសេសផ្សេងៗគ្នា ហើយក៏ទាមទារឲ្យអ្នកគួរយល់ដឹងពីវិធីសាស្ត្រដើម្បីទទួលបានពិន្ទុខ្ពស់ផងដែរ។ ខាងក្រោមនេះជាគន្លឹះទាំង២០ចំណុចដែលអ្នកគួរតែដឹងមុននឹងដាក់ពាក្យប្រលងតេស្ត៍ IELTS:

A) ផ្នែកស្តាប់ (Listening Section)

  • ប្រើឧទាហរណ៏ដែលគេផ្តល់អោយនៅក្នុងផ្នែកស្តាប់ដើម្បីអោយស៊ាំទៅនឹងសំនួរនៅក្នុងផ្នែកនេះ។
  • ស្តាប់រហូតដល់ចប់ ហើយមើលតែសំនួរណាដែលទាក់ទងនឹងប្រធានបទដែលគេកំពុងតែចាក់។
  • ជាទូទៅ តែងតែមានពេលទំនេរក្នុងរវាងពីអត្ថបទស្តាប់មួយទៅអត្ថបទស្តាប់មួយទៀត ដូច្នេះគប្បីប្រើពេលវេលានោះដើម្បីត្រៀមខ្លួនឆ្លើយសំនួរបន្ទាប់ទៀត។
  • គប្បីឆ្លើយសំនួរទៅតាមលំដាប់លំដោយ ហើយត្រូវចងចាំថាសំនួរទាំងអស់នៅក្នុងអត្ថបទស្តាប់តែងតែត្រូវបានតម្រៀបទៅតាមលំដាប់លំដោយនៃអ្វីដែលមាននៅក្នុងអត្ថបទ។
  • នៅចុងបញ្ចប់នៃផ្នែកស្តាប់ អ្នកមានពេលវេលាដើម្បីផ្ទេរចំលើយរបស់អ្នកទៅក្នុងតារាងចំលើយ (Answer Sheet)។ អ្នកគប្បីពិនិត្យវេយ្យាករណ៏និង អក្ខរាវិរុទ្ធអោយបានច្បាស់ដើម្បីជៀសវាងកំហុសដោយអចេតនាដែលអាចធ្វើអោយអ្នកបាត់បង់ពិន្ទុ។
B) ផ្នែកអំនាន (Reading Section)

  • ក្នុងផ្នែកអំនាន គប្បីចាប់ផ្តើមអានអត្ថបទអោយបានរហ័ស (scanning) ដើម្បីកត់សំគាល់ចំណុចសំខាន់ៗរបស់អត្ថបទ មានជាតួយ៉ាងដូចជា ប្រធានបទ (Topic) បែបបទនៃការសរសេរ  (Style) ប្រភពនៃអត្ថបទ : កាសែត ទស្សនាវត្តី ប្រវត្តិវិទ្យា វិទ្យាសាស្រ្ត រឺក៏អ្វីផ្សងទៀត (likely source) និងគោលបំនងនៃអត្ថបទ (purpose)។
  • នៅពេលដែលកំពុងអានអត្ថបទ សូមកុំព្យាយាមយល់លំអិតគ្រប់ពាក្យឬឃ្លានៅក្នុងអត្ថបទ។ អ្នកមិនមានពេលគ្រប់គ្រាន់សំរាប់ធ្វើដូច្នេះទេ ហើយម្យ៉ាងវិញទៀត ចំនុចទាំងអស់នោះក៏ប្រហែលជាមិនត្រូវបានដាក់បញ្ចូលក្នុងសំនួរផងដែរ។
  • ក្នុងផ្នែកអំនាននេះផងដែរ ពេលខ្លះអាចនឹងមានចំលើយគំរូ ដូច្នេះបើសិនជាមាន គប្បីសិក្សាពីចំលើយគំរូនោះ ហើយធ្វើការស្វែងយល់ថាហេតុអ្វីបានជាចំលើយនោះត្រឹមត្រូវ។
  • សំនួរខ្លះទាមទារឲ្យអ្នកប្រើប្រាស់ពាក្យដែលមាននៅក្នុងអត្ថបទ ខណៈដែលសំនួរខ្លះឲ្យអ្នកប្រើប្រាស់ពាក្យដោយខ្លួនឯងដើម្បីឆ្លើយនឹងសំនួរ។ ដូច្នេះអ្នកគួរអានការណែនាំដោយប្រុងប្រយ័ត្ន។
  • ការណែនាំខ្លះក៏មានប្រាប់ពីចំនួនពាក្យដែលត្រូវប្រើដែរ។ ឧទាហរណ៏ ប្រើមិនឲ្យលើសពី៣ពាក្យ (Use no more than three words)។ ដូច្នេះនៅពេលដែលអ្នកឆ្លើយនឹងសំនួរ គប្បីជៀសវាងពាក្យណាដែលមិនសំខាន់។
C) ផ្នែកសំណេរ (Writing Section)

  • នៅក្នុងផ្នែកសរសេរ អ្នកត្រូវតែគោរពទៅតាមប្រធានបទដែលគេដាក់ឲ្យ។ ជៀសវាងធ្វើពង្រាង (សរសេរព្រាង) មុននឹងការប្រលងចាប់ផ្តើម។
  • ក្នុងតេស្ត៍ IELTS ផ្នែកសំណេរតំរូវឲ្យអ្នកសរសេរពីរសំណេរ។ អញ្ចឹងអ្នកត្រូវគោរពទៅតាមពេលវេលាដែលគេស្នើឲ្យសរសេរ ពីព្រោះគ្មានផ្នែកណាមួយបានពិន្ទុច្រើនជានផ្នែកមួយទៀតនោះទេ។
  • រៀបចំ (organize) និង ភ្ជាប់ (link) គំនិតនិងឃ្លាឃ្លោងរបស់អ្នកឲ្យបានសមរម្យ ដោយប្រើវាក្យស័ព្ទ និងសំណង់ប្រយោគផ្សេងៗចំរុះគ្នា និងដោយបង្ហាញពីសមត្ថភាពក្នុងការសំដែងមតិនិងពិភាក្សាគំនិតរបស់អ្នកតាមរយៈសំណេរ។
  • បើសិនជាអ្នកសរសេរតិចជាង១៥០ពាក្យក្នុងសំណេរទីមួយ ឬក៏តិចជាង ២៥០ពាក្យក្នុងសំណេរទីពីរ អ្នកនឹងបាត់បង់ពិន្ទុ ប៉ុន្តែក៏មិនមានកំណត់ចំនួនអតិបរមានៅក្នុងសំណេរនីមួយៗដែរ។ មានន័យថាបើអ្នកសរសេរបានកាន់តែប្រហាក់ប្រហែលនឹងចំនួនពាក្យដែលគេណែនាំ កាន់តែល្អ។
  • នៅពេលដែលអ្នករៀបចំក្នុងការសរសេរសំណេររបស់អ្នក គប្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់នៅខាងចុងបញ្ចប់នៃផ្នែកសំណេរនេះ ដើម្បីត្រួតពិនិត្យកិច្ចការរបស់អ្នកឡើងវិញ។
D) ផ្នែកនិយាយ (Speaking Section)

  • ក្នុងផ្នែកនិយាយ ចូរកុំព្យាយាមនិយាយពីអ្វីដែលអ្នកបានរៀបចំទុកជាមុន ឬក៏និយាយអ្វីដែលចាកប្រធានបទដែលគេដាក់ឲ្យ។
  • អ្នកត្រូវនិយាយទៅកាន់គណមេប្រយោគ ជាជាងនិយាយទៅកាន់ម៉ាស៊ីនថតសំលេង។
  • រាល់ពេលដែលអ្នកឆ្លើយ Yes ឬ No តបទៅនឹងសំនួរ គប្បីផ្តល់នូវពត៍មានបន្ថែមឲ្យបានក្បោះក្បាយ។
  • គួរចងចាំថាអ្នកមិនមែនកំពុងតែត្រូវបានគេធ្វើតេស្ត៏លើសមត្ថភាពចំនេះដឹងទូទៅទេ ប៉ុន្តែទៅលើសមត្ថភាពក្នុងការទំនាក់ទំនងដោយមានប្រសិទ្ធភាព។
  • រៀបចំ (organize) និង ភ្ជាប់ (link) គំនិតនិងឃ្លាឃ្លោងរបស់អ្នកឲ្យបានសមរម្យ ដោយប្រើវាក្យស័ព្ទ និងសំណង់ប្រយោគផ្សេងៗចំរុះគ្នា និងដោយបង្ហាញពីសមត្ថភាពក្នុងការសំដែងមតិនិងពិភាក្សាគំនិតរបស់អ្នកតាមរយការនិយាយ។

 

សរុបសេចក្តីមក បើសិនជាអ្នកបានត្រៀមខ្លួនគ្រប់គ្រាន់ អ្នកប្រាកដជាបានពិន្ទុខ្ពស់ជាក់ជាមិនខាន។ “Practice makes perfect”.

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ahladang