ប្រសើរណាស់! កម្ពុជា នឹងមានព្រ​លាន​យន្តហោះ​ស្តង់ដារមិន​ចាញ់​សិង្ហ​បុរី និង..

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ខ្នាត​4F លាតសន្ធឹង​នៅ​លើ​ផ្ទៃដី​ទំហំ​២,៦០០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ៗ​បាន ពោល​គឺ​មាន​ស្តង់ដារ​ប្រហាក់ប្រហែល​នឹង​អាកាសយានដ្ឋាន​របស់​ប្រទេស​មួយ​ចំនួន ក្នុង​អាស៊ាន ។ ឯកឧត្តម ជា អូន អ្នកនាំពាក្យ​អាកាស​ចរ​ស៊ី​វិល បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៩ នេះ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ មាន​ទំហំ​ប្រហាក់ប្រហែល នឹង​អាកាសយានដ្ឋាន នៅ​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី។

ដែល​អាច​ប្រើប្រាស់​សម្រាប់​ឱ្យ​យន្តហោះ​ធុន​ធំ ដែល​ហោះហើរ​ផ្លូវ​ឆ្ងាយ​ហោះ​ចេញ ឬ​ចុះ​ចត​បាន ។ អ្នកនាំពាក្យ​បានដឹង​ទៀត​ថា យន្តហោះ​ខ្នាត​ធំ​ហោះហើរ​ចន្លោះ​១២ ទៅ​១៦​ម៉ោង ដូច​ជា​ទៅ​បារាំង ឬ​សហរដ្ឋអាមេរិក ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ទោះ​ទៅ​ទិស​ខាង​ណា​ក៏​ដោយ គឺ​ស្មើ​ពាក់កណ្តាល​ផែនដី​ដែរ ហើយ​អ្នកដំណើរ​មក​កម្ពុជា​ដោយ​ផ្ទាល់​បាន ដោយ​មិនបាច់​ចុះ​ចត​នៅ​ប្រទេស​ណា មួយ មុន​មក​ដល់​កម្ពុជា​នោះ​ទេ ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ស្តង់ដារ​ព្រ​លាន​យន្តហោះ​ថ្មី​យើង​អត់​ចាញ់​គេ​ទេ អត់​ចាញ់​ព្រ​លាន​យន្តហោះ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី ឬ​ក៏​សិង្ហ​បុរី​នោះ​ទេ បើ​ធ្វើ​ទំហំ​២,៦០០​ហិ​កតា​នេះ គឺ​សើ្ម​សិង្ហ​បុរី និង​ថៃ​ហើយ វា​ទៅ​ជា​ការ​ប្រឡងប្រណាំង​ផ្នែក​អាកាស​ចរ​ស៊ី​វិល យើង​ប្រឡងប្រណាំង​ជាមួយ​គេ​បាន​ហើយ​» ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​គ្រោង​ធ្វើ​ឡើង នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មាន លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ជា​អនុប្រធាន​។ គណៈកម្មការ​នេះ មាន​សមាសភាព​២៣​រូប ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ amm.news