ប្រវត្តិរូបព្រះមហាក្សត្រខ្មែរទាំង ៦អង្គ តាំងពីសម័យអាណានិយមបារាំង មកដល់សព្វថ្ងៃនេះ

គ្រប់គ្នាប្រហែលជាធ្លាប់ស្គាល់ព្រះមហាក្សត្រខ្មែរ ដែលសោយរាជ្យតាំងពីសម័យយូរណាស់មកហើយ តែមានមនុស្សតិចណាស់បានស្គាល់ពីប្រវត្តិរបស់ទ្រង់ រួមទាំងប្រវត្តិសិក្សា និងស្នាដៃកសាងជាតិ។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញពីប្រវត្តិសង្ខេបរបស់ព្រះមហាក្សត្រខ្មែរ ៦ព្រះអង្គ តាំងពីសម័យអាណានិគមបារាំង រហូតមកដល់សព្វថ្ងៃនេះ ដើម្បីឱ្យបងប្អូនបានស្គាល់ពីប្រវត្តិខ្លះដូចខាងក្រោមនេះ៖

១) ព្រះមហាក្សត្រខ្មែរព្រះបាទ អង្គឌួង

រជ្ជកាលរបស់ព្រះអង្គឌួងបានចាប់ផ្តើមនៅក្នុងចន្លោះឆ្នាំ ១៨៤០ – ១៨៥៩ ព្រះបាទអង្គឌួងទ្រង់ប្រសូតនៅថ្ងៃទី៩ ខែអាសាធ ឆ្នាំរោង អដ្ឋស័កព.ស ២៣៤០ ត្រូវនឹងគ.ស ១៧៩១ នៅទីក្រុងឧដុង្គ។ជាបុត្រពៅរបស់ព្រះអង្គអេង និងមានមាតានាម អ្នកម្នាងរស់ មានព្រះរាម៤អង្គគឺ អង្គចន្ទ អង្គភឹម អង្គស្ងួន និងព្រះអង្គអ៊ឹម ។

ព្រះអង្គចូលទីវង្គត នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំវក ទោស័កព.ស២៤០៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស១៨៦០ នៅវេលាម៉ោង ៤:១៥នាទី ដោយរោគមនោបាតក្នុងព្រះជន្មាយុ ៦៥វស្សា។ ព្រះបាទអង្គឌួងមានរាជបុត្របីព្រះអង្គ គឺ ព្រះនរោត្តម ព្រះស៊ីវត្ថា និង ព្រះស៊ីសុវត្ថិ។ នៅឆ្នាំ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមជាព្រះរាជាដែលគិតដល់ អាយុ ជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅពេលទ្រង់ជ្រាបថា មានទឹកដីខ្មែរជាច្រើនបាត់ បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយនិងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុងទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀតដើម្បី រំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួននិងសៀម គឺមានតែមធ្យោបាយមួយ ត្រូវពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។

នៅឆ្នាំ១៨៥៤ ព្រះអង្គបានចាត់ទូតខ្មែរម្នាក់ឱ្យទៅទាក់ទងជាមួយទូតបារាំងដែលតាំងនៅសិង្ហបុរី ក្នុងគោលបំណងឱ្យបារាំងជួយការពារខ្មែរ ប៉ុន្តែគម្រោងការនេះបានត្រូវបរាជយ័ ដោយសាររឿងនេះលេចឭដល់ស្តេចសៀម ហើយស្តេចសៀមក៏បានគម្រាមព្រះបាទអង្គឌួងថា បើព្រះអង្គហ៊ានចុះសន្ឋិសញ្ញាចងសម្ពន្ឋ័ភាពជាមួយបារាំង សៀមនឹងលើកទព័ចូលមកកំទិច ខ្មែរជាមិនខាន។ ពេលឃើញបែបនេះ ព្រះបាទអង្គឌួងក៏មិនហ៊ានឱ្យលោក ដឺមុងទីញ៉ី ( De Montingny) ដែលជាតំណាងរបស់បារាំងចូលគាល់ឡើយ។ ឃើញដូច្នេះបារាំងក៏ផ្អាកការចុះសន្ឋិសញ្ញាសម្ពន្ឋ័ភាពបារាំងខ្មែរនេះទៅ។

ព្រះបាទអង្គឌួងលើកិច្ចអភិវឌ្ឍន៏ប្រទេស

នៅក្នុងរជ្ជកាលព្រះបាទអង្គឌួង ព្រះអង្គបានចាត់ឱ្យមានការបោះពុម្ពប្រាក់ថ្មី ឈ្មោះថា “ប្រាក់បាត” ដែលមានបួនប្រភេទ។ប្រាក់បាតមានរូបម្ខាងហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរ។

នៅឆ្នាំ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង៦៤០០ម៉ែត្រ។ នៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើន សម្រាប់ឲ្យប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយ។ ដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកលើកនៅកំពង់ផែក្រុងភ្នំពេញ ព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេសខ្មែរក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះ ត្រូវគេបោះបង់ចោលមិនបានថែរក្សា។ ចាប់ពីឆ្នាំ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពត ដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយគ្នានេះដែរព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពត ដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ និងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក។

ព្រះរាជនិពន្ធរបស់ព្រះអង្គឌួង ក្នុងអក្សរសិល្ប៍ខ្មែរមាន៖

១. រឿងចម្ប៉ាថោង និពន្ឋនៅឆ្នាំ១៨១០

២. រឿងព្រះវេស្សន្តរកម្រងកែវ (មិនចាំឆ្នាំ)

៣. រឿងកាកី និពន្ឋនៅឆ្នាំ១៨១៥

៤. ច្បាប់ស្រី និពន្ឋនៅឆ្នាំ១៨៣៧

២) ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម

ព្រះបាទនរោត្តម បានប្រសូត្រនៅខែកុម្ភៈ ឆ្នាំ១៨៣៤ ហើយបានសោយរាជ្យ​ជាស្តេច​នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងឆ្នាំឆ្នាំ១៨៥៩ ដល់​ឆ្នាំ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួង ហើយ​ជា​ព្រះរៀម​នៃ ព្រះអង្គ​ម្ចាស់ស៊ីវត្ថា និង ព្រះបាទស៊ីសុវត្ថិ ដែល​ឡើង​សោយ​រាជ្យ​បន្ត​ពី​ព្រះអង្គ។ នរោត្តម ជា​ពាក្យ​មកពីភាសាបាលី សំស្រ្តឹត កើត​ចេញពីពាក្យ នរ ប្រែថា មនុស្ស/បុរស និង​ ឧត្តម ប្រែថា​កំពូល​ ខ្ពង់ខ្ពស់ មានន័យ​ កំពូល​បុរស ឬកំពូលមនុស្ស។

ព្រះ​បាទ​នរោត្តម​ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ស្តេច​​ខ្មែរ​ទី១​នៃ​សម័យ​ខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់​ត្រូវ​បាន​គេស្គាល់​ច្បាស់​ដោយ​សារ​ការ​ការពារ​ប្រទេស​កម្ពុជា​កុំឲ្យ​បាត់​បង់​ទៅក្នុងការដណ្ដើមគ្នារវាងប្រទេសសៀម និងយួន។ នៅ​ឆ្នាំ​១៨៦៣​ ដើម្បី​រារាំង​ប្រទេស​ជិតខាង​ដ៏ខ្លាំង​ទាំងពីរ​ គឺ​យួន​ និង​សៀម កុំ​ឲ្យ​លេប​យក​ទឹក​ដី​កម្ពុជា​បាន​ ទ្រង់​បាន​អញ្ជើញ​បារាំង​ឲ្យ​មក​ធ្វើ​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា។

នៅ​ពេល​ដែល​ទ្រង់​ប្រសូត ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ យួន​និងសៀម នៅ​ឡើយ​ទេ។ ប្រទេសទាំង​ពីរ​នោះ​បាន​ចែក​គ្នា​កាន់​កាប់​ប្រទេស​កម្ពុជា​ដោយ​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ខ្សែ​បន្ទាត់ ប៉ុន្តែ​ព្រះរាជវង្ស​ខ្មែរ​ស្ថិត​នៅ​តំបន់​សៀម​ត្រួតត្រា បើ​ទោះ​ជា​យួន​មាន​អំណាច​ខ្លាំង​ជាង​សៀម​យ៉ាង​ណាក្តី។ យួន​ និងសៀម​តែង​តែ​ច្បាំង​គ្នា​លើ​ដី​ខ្មែរ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខូតខាត​យ៉ាង​ខ្លាំង​ព្រោះ​ក្លាយ​ជា​សមរ​ភូមិរបស់​ប្រទេស​ជិត​ខាង ហើយរាជ​ធានី​វិញ ​គឺ​ស្ថិតនៅតំបន់ឧត្តុង្គ ប៉ុន្តែ​រដ្ឋបាល​ខ្មែរ​បែ​រជា​នៅ​ឯប្រទេស​សៀម​ ទីក្រុងបាងកកទៅវិញ។

ព្រះ​អង្គ​ម្ចាស់​នរោត្តម​ ត្រូ​វបាន​ព្រះ​បិតា​ព្រះ​អង្គ​បញ្ជូន​ទៅ​រៀន​សូត្រ​នៅវត្តបវរនិវេសមហាវិហារ នៅក្រុង​បាង​កក ដែល​ព្រះ​អង្គ​សិក្សា​ព្រះពុទ្ធសាសនា និងភាសាបាលី បុរាណ។ នៅឆ្នាំ១៨៥៩ ក្រោយវេលា​ដែល​ព្រះបាទ​អង្គ​ឌួង​សោយ​ទីវង្គត ព្រះ​បាទ​នរោត្តម​គឺ​ជា​ព្រះ​បុត្រា​ស្នង​រាជ្យ ប៉ុន្តែ​មិនទាន់​បាន​ឡើង​សោយ​រាជ្យ​ដោយ​សារ​តែ​ស្តេច​សៀម​​មិន​ប្រគល់​មកវិញ​នូវ​គ្រឿង​សម្រាប់​រាជ្យ ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្លាយ​ជា​ស្តេច​ត្រាញ់​របស់​ស្តេច​សៀម​ ទោះ​ចង់​ឬ​មិនចង់​ក្តី។

នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​គ្រប់​គ្រង​ប្រទេស​ឡាវ​ និង​ច្បាំង​ឈ្នះ​យក​ប្រទេស​យួន។ ​សង្រ្គាម​បារាំង​សៀម​ (១៨៩៣) បាន​បញ្ចប់​ដោយ​សន្ធិសញ្ញា​មួយ​ដែល​កាត់​ប្រទេស​ឡាវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​វិញ​ ក្រោយ​ពី​បារាំង​បាន​បិទ​ផ្លូវ​ទឹក​នៅ​បាងកក។

នៅ​មុន​ពេល​ដែល​ព្រះអង្គ​សោយព្រះទិវង្គត​នៅ​ឆ្នាំ​១៩០៤ ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ​គឺ​ ព្រះអង្គ​ម្ចាស់យុគន្ធរ​ឲ្យ​ឡើង​ជា​ព្រះ​រាជ​ទាយាទ។ ប៉ុន្តែ​ព្រះអង្គ​ម្ចាស់​យុគន្ធរ​បាន​​បដិសេធ​ជាមួយបារាំង​ និង​មិន​បាន​ទទួល​ព្រះសិរីរាជសម្បត្តិ​នោះ​ទេ។ ពួក​អាណានិគម​បាន​ប្តូរ​រាជធានី​ពី​ឧត្តុង្គ​មក​ភ្នំពេញ ដោយ​ហ្លួង​នរោត្តម​មិន​មាន​ចំណាត់ការ​អ្វី​ទាំង​អស់​ដើម្បី​រារាំង​ទង្វើ​នេះ រួច​មក​ព្រះអង្គ​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ​១៩០១។ ពួក​អាណានិគម​បារាំង​បាន​ចាត់ចែង​ដំណើរការ​រដ្ឋ​មិន​ផ្លូវការ​ជាបណ្តោះ​អាសន្ន​ជំនួស​ទ្រង់ ព្រះអង្គ​ស្តេច​យាង​ទៅ​សម្រាក​ព្រះកាយ​នៅ​ស្រុក​សៀម​ និង​បាន​សោយទិវង្គត​នៅ​រាជធានីបាងកក ក្នុង​ឆ្នាំ​១៩០៤។ ព្រះបរមសព​ព្រះអង្គ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ និង​ត្រូវ​បាន​ប្រារព្ធ​ព្រះរាជពិធី​ថ្វាយ​ព្រះភ្លើង​តាម​បែប​ផែន​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ឆ្នាំ​១៩០៦។

៣) ព្រះមហាក្សត្រខ្មែរព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ (សុីសុវត្ថិ)

ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (សុីសុវត្ថិ) ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះ​រាជ​បុត្រា​ នៃ​ព្រះករុណា ព្រះ​បាទសម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គ​ឌួង​ ព្រះបរមកោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង​សម្ដេច​ព្រះ​វររាជិនីនាថ ពៅ​ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញការសិក្សានៅទីក្រុងបាងកកនាព្រះរាជាណាចក្រថៃ។

នៅឆ្នាំ ១៨៧០ ព្រះអង្គ ទទួលបានគោរមងារជា សម្តេចព្រះឧបរាជ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា បន្ទាប់ពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ បានយាងចូលព្រះទីវង្គិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤ ដោយមានព្រះបរមនាមក្នុងព្រះបរមសិរីរាជសម្បត្តិថា ព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី។

ទោះបីកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៏ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ផ្នែកសិក្សាធិការព្រះអង្គបានកសាង វិទ្យាល័យព្រះ សុីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរព និងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួលមកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមាន បាត់ដំបង សៀមរាប មង្គលបុរី និងសុីសុផុន ពីប្រទេសសៀមបន្ទាប់ពីការត្រួតត្រារបស់ពួកគេអស់ជាច្រើនឆ្នាំ។

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គិតនាព្រះបរមរាជវាំង ក្នុងព្រះជន្ម ៨៧ ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ »។

៤) ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្ដម សុរាម្រឹត

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ស្ដេច​ព្រះរាជ​សម្ភព នា​​ថ្ងៃ​ទី​០៦​ ខែ​មីនា​ គ.ស.​១៨៩៦ និង​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះជន្ម​៦៤​វស្សា នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​​ព្រះករុណា​ «ព្រះ​​មហា​កាញ្ចន​កោដ្ឋ»។ ព្រះ​អង្គ​​ជា​ព្រះ​មហាក្ស័ត្រិយ៍​អង្គ​ទី​៦​​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ឯករាជ្យ។

ព្រះ​អង្គ​បាន​ចូល​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​នៅ​ទី​សំណាក់​នួនមុនីរាម, សាលា François Garnier, អនុ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ភ្នំពេញ និង​នៅ​សាលា Lycée Chasseloup-Laubat នៃ​ឯ​ព្រៃ​នគរ។

មុន​ពេល​ឡើង​គ្រង​រាជ្យ​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ពី​ឆ្នាំ​១៩១៨ ដល់ ១៩២៥។ ពី​ឆ្នាំ​១៩២៧ ដល់ ១៩២៩ ព្រះ​អង្គ​បាន​ធ្វើ​ជា​ប្រធាន​តុលាការ​នៃ​ព្រះ​បរម​រាជ​វាំង។ កាលពីថ្ងៃ ១២ ខែសីហា ឆ្នាំ១៩៣១ ព្រះ​អង្គ​បាន​ឡើង​ជា ស្ដេច​ក្រុម​ឃុន វិសុទ្ធ​ខត្តិយ​វរ្ម័ន ហើយនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ១៩៤១ ព្រះ​អង្គ​បាន​ឡើង​ជា សម្ដេច​ព្រះ​បរម​រាជ​វិសុទ្ធ​ខត្តិយ​វរ្ម័ន ជយ​មហារាជ បតមាសា។

ការគ្រងរាជ្យសម្បត្តិ៖

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា ព្រះ​បាទ សម្ដេច​ព្រះ នរោត្តម សីហនុ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ដាក់​រាជ្យ​សម្បត្តិ​នា​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥។

ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម សុរាម្រឹត វិសុទ្ធ​មហា​ខត្តិយ​វង្ស វិសិដ្ឋ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះរាជ​អាណាចក្រ​កម្ពុជា»

គ្រឿង​ឥស្សរិយយស៖

  • គ្រឿង​រាជ​ឥស្សរិយយស​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ១៩៤១
  • មេដាយ​នានា​នៃ​រជ្ជកាល​ព្រះ​ករុណា​ព្រះ សិរីសុវត្ថិ និង​ព្រះ សិរីសុវត្ថិ មុនីវង្ស​ ថ្នាក់​ទី​១
  • គ្រឿង​រាជ​ឥស្សរិយយស​រាជវង្ស​ចក្រី នៃ​រាជ​អាណាចក្រ​ស្យាម
  • គ្រឿង​រាជ​ឥស្សរិយយស​ដំរី​រាប់​លាន និង​ដំរី​ស​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ
  • គ្រឿង​រាជ​ឥស្សរិយយស​នៃ​ប្រទេស​អណ្ណាម
  • គ្រឿង​​ឥស្សរិយយស​អគ្គ​មហា​ធិរិ​ធោមា នៃ​ប្រទេស​ភូមា
  • គ្រឿង​​ឥស្សរិយយស​នៃ​ប្រទេស​វៀតណាម
  • គ្រឿង​​ឥស្សរិយយស Legion of Honour នៃ​ប្រទេស​បារាំង ១៩៣៩

ការរៀងអភិសេក៖

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​បាន​រៀប​អភិសេក​ជាមួយ សម្ដេច​ព្រះមហាក្សត្រយានី ព្រះ​ស៊ីសុវត្ថិ មុនីវរ្ម័ន កុសុមនារីរតន៍ សិរីវឌ្ឍនា ដែល​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស នៅ​ឯ​ប្រាសាទ​ខេមរិន្ទ្រ ព្រះ​បរមរាជវាំង​ក្រុង​ចតុម្មុខ នា​ឆ្នាំ​១៩២០។ ដោយទទួលបានបុត្រមួយព្រះអង្គព្រះនាម ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម សីហនុ (ប្រសូត ៣១ តុលា ១៩២២)។ ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​មាន​ព្រះ​ជាយា​ចំនួន​ពីរ​ព្រះ​អង្គ​ទៀត​គឺ អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ដួង មធួរេត (ប្រសូត ១៨៩៦) (មិន​មាន​ព្រះ​រាជ​បុត្រ) និងឃុន​ទេព​កញ្ញា​សោភា យ៉េប គឹមអាន (ប្រសូត ២៥ ឧសភា ១៩២៥) ដោយមាន​ព្រះរាជ​បុត្រ​ចំនួន​បី​ព្រះ​អង្គ​ព្រះនាម ព្រះ​អង្គ​ម្ចាស់ នរោត្ដម វេជ្ជរ៉ា (ប្រសូត ១៧ សីហា ១៩៤៦), ស្ដេច​ក្រុម​ឃុន នរោត្ដម សិរីវុឌ្ឍ (ប្រសូត ០៨ មិថុនា ១៩៥១) និងព្រះ​អង្គ​ម្ចាស់ នរោត្ដម ប្រៃយ៉ាសុភណ្ឌ (ប្រសូត ១៨ វិច្ឆិកា ១៩៥៤)។

ការសុគត៖

ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​ព្រះ​សុវណ្ណគត​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា។ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ត្រូវ​បាន​ប្រារព្ធ​យ៉ាង​អធិក​អធម​តាម​បូរាណ​រាជ​បវេណី​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ ដោយ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ស្រាពណ៍ ដល់​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព.ស.​២៥០៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ដល់​២៧ ខែ​សីហា គ.ស.​១៩៦០។

តាម​រូប​ភាព​ឯកសារ​មួយ​ចំនួន យើង​ឃើញ​ថា ព្រះរាជ​ពិធី​​ព្រះ​បរម​សព​ព្រះ​អង្គ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គន្លង​រាជ​បវេណី​បុរាណ​រៀង​មក ស័ក្ដិសម​ព្រះកិត្តិយស​ជា​ស្ដេច​ផែន​ដី ដោយ​មាន​ពិធី​ដង្ហែ​ព្រះ​កោដ្ឋ​ព្រះ​បរម​សព​ទៅ​ដាក់​នៅ​ទី​ព្រះមេរុ ដើម្បី​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម។ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ “ព្រះ​​មហា​កាញ្ចន​កោដ្ឋ”

៥) ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ

ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​របស់​ប្រធានា​ធិបតី FELIX GOUIN និង​ឧត្តម​សេនីយ៍ សាល​ដឺ​ហ្គោល (CHARLES de GAULE) នៅ​COLOMBEY។ នៅ​ឆ្នាំ​១៩៤៦​ដល់​១៩៤៨ ព្រះ​អង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាស​ដែក​នៅ​សូមៀរ​(SAUMURE)​ប្រទេស​បារំាង។

វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដែលសម្តេចតា បានសិក្សា

ក្នុងឆ្នាំ ១៩៤៧ ព្រះ​ករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​មាន​មហា​ជោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​ឲ្យ​រាជា​ណា​ចក្រ​ថៃ​ឡង់ដ៍ សង​មក​កម្ពុជា​វិញ​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ​ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកល លោក​លើក​ទី២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ​គឺ ខេត្ត​បាត់​ដំបង សៀមរាប កំពង់​ធំ ស្ទឹង​ត្រែង។ ឆ្នាំ​១៩៤៩ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារំាង​បញ្ឈប់​នូវ​សន្ធិ​សញ្ញា​អាណា​ព្យាបាល​ដែល​បាន ចុះ​ព្រះ​ហស្ដ​លេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិ​សញ្ញា ឯករាជ្យ​ដែល​ប្រទេស​បារំាង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ សន្និសញ្ញា​ឆ្នាំ​១៩៤៩​នេះ​លុប​ចោល​នូវ​សន្ធិសញ្ញា​អាណា​ព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ ពី​ឆ្នាំ​១៩៥២​ដល់​១៩៥៣ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ទាមទារ​កេតន​ភណ្ឌ​ឯករាជ្យ ១០០%​ជូន​ជាតិ​មាតុ​ភូមិ។

នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​ព្រះ​រាជា ណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណ​រដ្ឋ​បារំាង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស​សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះ​អង្គ ជា «ព្រះ​មហា​វីរ​បុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ»។ ឆ្នាំ​១៩៥៤​ព្រះ​អង្គ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជា​តំណាង​របស់​ព្រះ​អង្គ​ទៅ ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូ​ចិន​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដែល​មាន​ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ។

វិមានឯករាជ្យ ត្រូវបានសាងសង់ឡើងក្រោយទទួលបានឯករាជ្យពីបារាំង

នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ដាក់​រាជ​ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោ​ត្តម សុរាម្រិត​ជា​ព្រះរាជ​បិតា។ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព្រះ​អង្គ​បាន​ប្រទាន​ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នូវ​ព្រះ​គោរម​​ងារ​ជា «សម្តេច​ព្រះ​ឧបយុវរាជ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ថ្ងៃទី​២៣ ខែ​មីនាឆ្នាំ​១៩៥៥​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បង្កើត​ចលនា​សង្គម​រាស្ត្រ​និយម​ដែល​មាន​គណ​បក្ស​ជា​ច្រើន ចូល​រួម​ក្នុង​ចលនា​នេះ។

ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អា្រហ្វិក-អាស៊ី​លើក​ទី​១​ នៅ​ទី​ក្រុង​បាន់ឌុង (​ប្រទេស​ឥណ្ឌូ​នេស៊ី) ហើយ​នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ប្រកាស​ពី​នយោបាយ​អព្យាក្រឹត​ក្នុង​ឯករាជ្យ ទាំង​ស្រុង និង​សន្តិសហ​វិជ្ជមាន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ទាំង​អស់​ដោយ​មិន​គិត​ពី​មនោគម​វិជ្ជា​ឡើយ។ ព្រះអង្គ​បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​នឹង​លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា, លោក ហ្គាម៉ាល់ អាប់​ដែល ណាស៊្សែរ (GAMAL ABDEL NASSER) ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានាធិបតី​ឥណ្ឌូនេស៊ី, លោក ជូ អេន ឡាយ (ZHOU EN LAI)​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

រោត្តម សីហនុ ជួបជាមួយ លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា

ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ទទួល​មហា​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាតិ​ដោយ​ទទួល បាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើស​លប់។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី ហើយ​ក្នុង​ព្រះ​រាជ​ឋានៈ​ជា​ប្រមុខ​នៃ​ប្រជា​រាស្ត្រ​ខ្មែរ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ដឹក​នាំ​ដើម្បី​អភិវឌ្ឍ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ទូទៅ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ការ​កសាង​ជាតិ របស់​ព្រះ​អង្គ ជា​ពិសេស​ការ​លើក​ស្ទួយ​នារី​ឲ្យ​មាន​សិទ្ធិ​ស្មើ​ភាព​នឹង​បុរស​ក្នុង ការងារ។

ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ

នៅឆ្នាំ១៩៥៦ នៅ​ប្រ៊ីយ៉ូនី (BRIONI)​នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោ​ស្លាវី ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ក្លាយ​ជា​បិតា​ស្ថាបនិក​ទី៥ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ធម្មនុញ្ញ​នៃ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ បន្ទាប់​ពី​អ្នក​ផ្តួច​ផ្តើម​គំនិត​ដ៏​សំខាន់​៤​រូប​ទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOIP BROZ TITO) ប្រធានា​ធិបតី​យូហ្គោស្លាវី, លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រីឥណ្ឌា​, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និង​លោក ហ្គាម៉ាល់ អាប់​ដែល​ណា​ស៊្សែរ (GAMAL ABDEL NASSER)​ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម។

នៅខែ​កុម្ភៈ ឆ្នាំ​១៩៥៦ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ព្រះ​អង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន​ជា​ច្រើន​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជា​ដើម។ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដលេខា​លើ​សេចក្តី​ប្រកាស​​រួម​ស្តី​ពី​មិត្ត​ភាព ​កម្ពុជា​-ចិន​។

ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ និងលោក ម៉ៅ​សេទុង

នៅ​ឆ្នាំ​១៩៦០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត​ទ្រង់​សោយ​ទិវង្គត ពេល​នោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​សមាជិក​សភា​ខ្មែរ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​ព្រះ​អង្គ ជា​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កសាង​ជាតិ​មាតុភូមិ​យ៉ាង​ សកម្ម​ជាទី​បំផុត។

ខែ​កញ្ញា ឆ្នាំ​១៩៦០ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​លើក​ឡើង​នូវ​ផែន​ការ​បង្កើត​នៅ​អាស៊ីអាគ្នេយ៍​ជា​តំបន់​ អព្យាក្រឹត​រវាង​ប្លុក​មហា​អំណាច​ទាំង​ពីរ​។

នៅ​ខែឧសភា ឆ្នាំ​១៩៦១ តាម​ព្រះរាជ​តម្រិះ​ផ្តួច​ផ្តើម​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ សន្និសីទ​អន្តរជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដើម្បី​ដោះ​ស្រាយ​ទំនាស់​រវាង​ភាគី​៣​នៅ​ប្រទេស​ឡាវ​។

ចាប់​ពី​ ខែ​ឧសភា ឆ្នាំ ១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​មក​វិញ​ពី​ ប្រទេស​ថៃ​ដោយ​តុលាការ​ក្រុង​ឡាអេ (LA HAYE)​បាន​សម្រេច​ប្រគល់​មក​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​នា​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​

នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី១​នៃ​ចលនា​មិន​ចូល បក្ស​សម្ព័ន្ធ​នៅ​បែល​ក្រាដ (BEGRADE)​នៃ​ប្រទេស​យូហ្គោស្លាវី​ដែល​មាន​២៩​ប្រទេស​ចូល​រួម។

នៅទីនោះ​ព្រះអង្គ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​របស់​ពួក​អាណា​និគម​និយម​ចក្រ​ពត្តិ​និយម និង​ការ​ប្រកាន់​ពូជ​សាសន៍។

នៅខែមិថុនា ឆ្នាំ​១៩៦៤ ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARES de GAULLE) ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​បាន​រៀបចំ​បដិសណ្ឋារ​កិច្ច​ជា​ឧឡារិក ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​នៅ​ទី​ក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី​បាន​ទទួល​ដោយ​ស្មោះសរ​នូវ​សំណើ​របស់​ភាគី​កម្ពុជា​ស្តីពី ការ​ទទួល​ស្គាល់​អព្យាក្រឹត​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

នៅចុងខែ សីហា និង​ដើម​ខែ​កញ្ញា ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE)​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច ជា​ផ្លូវ​រដ្ឋ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​

ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​១៩៦៦ នៅ​ក្នុង​សុន្ទរ​កថា​ដែល​ថ្លែង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ លោក​ប្រធានា​ធិបតី​បាន​គាំទ្រ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ការពារ ឯករាជ្យ បូរណ​ភាព​ទឹក​ដី អព្យាក្រឹត សន្តិភាព​នៃ​ខ្លួន។

ពីថ្ងៃទី២៦ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​បាន​យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ឱកាស​ព្រះ រាជ​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា GANEFO អាស៊ី​លើក​ទី១។

ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ប្រជា​រាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​នាម ព្រះ​អង្គ​ថា​ជា ព្រះ​បិតា​ឯករាជ​ជាតិ ព្រះ​បិតា​សិក្សា​ធិការ​ជាតិ ព្រះ​បិតា​សុខាភិបាល​ជាតិ ព្រះ​បិតា​កីឡា​ជាតិ ព្រះ​បិតា​ស្ថាបនា​ជាតិ សមិទ្ធ​ផល​នានា​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្ត​បន្ទាប់​សម្រាប់​ប្រជា​រាស្ត្រ ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​ជា​ពិសេស​មាន​សមិទ្ធ​ផល​ធំៗ ដូចជា៖

  • វិមាន​ឯករាជ្យ
  • វិ​មាន​រដ្ឋ​ចំការមន
  • ចំណត​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ពោធិ៍ចិន​តុង
  • ចំណត​អាកាស​យាន​ដ្ឋាន​សៀមរាប
  • ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន ខេត្ត​បាត់ដំបង
  • ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-​ក្រុង​ព្រះ​សីហនុ
  • ផ្លូវ​ដែក​ក្រុង​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ
  • កំពង់​ផែ​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ
  • សណ្ឋាគារ «ឯករាជ្យ»​ក្រុង​ព្រះ​សីហនុ
  • សាល​មហោ​ស្រព​ជាតិ «ព្រះ​សុរា​ម្រិត» ភ្នំពេញ
  • សាល​សន្និសីទ «ចតុមុខ»
  • ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ

ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ក្នុងឆ្នាំ១៩៦៤

  • ស្ពាន​ព្រះ​មុនីវង្ស​ទី២
  • ស្ពាន«សង្គម​រាស្រ្ដ​និយម»​ឆ្លង​កាត់​ទន្លេ​សាប
  • សាកល​វិទ្យាល័យ «សង្គម​រាស្ដ្រ​និយម»​ភ្នំពេញ
  • សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស
  • មហា​វិទ្យា​ល័យ​នីតិ​សាស្ដ្រ និង​វិទ្យា​សាស្ដ្រ​សេដ្ឋកិច្ឋ
  • មហា​វិទ្យា​ល័យ​គរុកោសល្យ
  • ពុទ្ធិក​សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជ
  • មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា
  • មហា​វិទ្យា​ល័យ​សិល្បៈ​និង​មុខរបរ
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​ក្សេត្រ​សាស្ត្រ
  • សាកល​វិទ្យា​ភូមិន្ទ​កំពង់​ចាម សាកល​វិទ្យា​ល័យ​ភូមិន្ទ​បាត់ដំបង
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​តាកែវ-​កំពត
  • រោងភាព​យន្ត​រដ្ឋ ស្ថានីយ​ទូរទស្សន៍​ខេម​រភូមិន្ទ
  • មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត
  • រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះ​សីហនុ
  • រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ
  • រោងចក្រ​«ព្រះ​នរោត្តម»​ដំឡើង​ត្រាក់​ទ័រ និង​រថយន្ត​ធំ​ក្រុង​ព្រះ​សីហនុ
  • រោង​ចក្រ​ស្ករស​កំពង់ត្រាំ​ខេត្ត​កំពង់​ស្ពឺ
  • រោងចក្រ​វាយន​ភ័ណ្ឌ​ខេត្ត​កំពង់​ចាម
  • រោងចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់​ដំបង
  • រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្ត​បាត់​ដំបង
  • រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង​ខេត្ត​កំពត
  • រោងចក្រ​កែវ​ជើង​ឯក​រាជធានី​ភ្នំពេញ
  • រោង​ចក្រ​ក្ដារ​បន្ទះ​ដីឥដ្ឋ​ខេត្ត​កណ្ដាល
  • រោងចក្រ​ក្រដាស​ឆ្លូង​ខេត្ត​ក្រចេះ
  • រោង​ចក្រ​ជីហ្វូស​ស្វាត​ទូក​មាស​ខេត្ត​កំពត
  • រោងចក្រ​កង់​ឡាន​តាខ្មៅ​ខេត្ត​កណ្ដាល
  • រោងចក្រ​ត្រី​ខ​ប្រអប់​កោះកុង
  • រោង​ចក្រ​ផលិត​ជ័រ​កៅ​ស៊ូ​ជប់​ខេត្ត​កំពង់​ចាម
  • រោងចក្រ​វារី​អគ្គិសនី​គិរីរម្យ​ខេត្ត​កំពង់​ស្ពឺ
  • និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ទៀត នៅ​តាម​បណ្ដា​ស្រុក​-ខេត្ត-ក្រុង ដូច​ជា​សាលា​រៀន​មន្ទីរពេទ្យ ទំនប់​ទឹក ស្រះ​ទឹក​ ប្រឡាយ​ ផ្លូវ​ថ្នល់​ ស្ពាន​ជា​ដើម។ល។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​បំពេញ​ព្រះ​រាជ​ជា​ផ្លូវ​ការ​នៅ​សហ​ភាព សូវៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម សី​ហនុ ត្រូវ​បាន​ទទួល​រង​គ្រោះ​ដោយ​រដ្ឋ​ប្រហារ​មិន​ស្រប​ច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋ​ប្រហារ​យោធា​ដែល​មាន​លន់ នល់ ជា​មេ​ខ្លោង។ សាធារណ​រដ្ឋ​ខ្មែរ​របស់​លន់ នល់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​១៩៧០។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​ចលនា​តស៊ូ​កម្ពុជា «រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា» (FUNC) ព្រម​ជាមួយ​នោះ ក៏​មាន​បង្កើត​នូវ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (GRUNK)។

នៅខែមេសា ឆ្នាំ​១៩៧០ នៅកង់​តុង (សាធារណរដ្ឋ​ប្រជាមានិត​ចិន) ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូ​ចិន ដែល​នៅ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ដោយ​អ្នក​ដឹក​នាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​វៀតណាម​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាង​ត្បូង​ដឹក​នាំ​ដោយ​លោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និង​ពី ណេវ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ប្រធាន​សុផានុវង្ស (SOUPHANOUVONG)។ ភាគី​សាធារណ រដ្ឋ​ប្រជាធិប​តេយ្យ​វៀតណាម​រណសិរ្ស​រំដោះ​វៀត​ណាម​ខាង​ត្បូង និង​ភាគី ណេវ ឡាវ ហាក់​សាត បាន​ប្រកាស​ជា​ឱឡា​រិក​ថា​ប្រទេស​របស់​ខ្លួន​ទទួល​ស្គាល់​និង​គោរព​ជា​ដរាប បូរណ​ភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និងលោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​

ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ កង​ទ័ព​ប្រជាជន​រំដោះ​ជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដណើ្ដម​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិប​តេយ្យ» ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រធាន។ ប៉ុន្ដែ​នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ បាន​សព្វ​ព្រះ​រាជ​ហឫទ័យ លា​លែង​មុខ​ងារ​ជា​ព្រះ​ប្រធាន​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​នេះ ហើយ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ឃុំឃាំង​ព្រះ​អង្គ និង​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី ព្រម​ទាំង​ធ្វើ​គុត​ព្រះ​រាជ​បុត្រា​បុត្រី​មួយ​ចំនួន​ផង។

ពីឆ្នាំ១៩៨២ ដល់​១៩៩០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។

ចាប់តាំង​ពី​ឆ្នាំ​១៩៨៧ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ពល​ដើម្បី​បង្រួប​បង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំង​អស់​រិះ​រក​នូវ​ដំណោះ​ស្រាយ​នយោបាយ​សម​ស្រប​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា។ ព្រះ​អង្គ​តែង​តែ​ប្រទាន​ចំពោះ​ឯក​ឧត្តម ហ៊ុន សែន និង​គណៈ​ប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ក្រាប​ថ្វាយ​បង្គំ​គាល់​ជា​បន្ត​បន្ទាប់ នៅ​ប្រទេស​បារំាង​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដូច​ខាង​ក្រាម៖

  • ពីថ្ងៃទី​០២​ដល់​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​១៩៨៧ ជំនួប​លើក​ទី១នៅ Fére-ren Tardenois។
  • ពី​ថ្ងៃ​ទី​២០​-២១ ខែ​មករា ឆ្នាំ​១៩៨៨ ជំនួប​លើក​ទី​២​នៅ Saint Germain-en-Laye។

នៅថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៩១ ព្រះ ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទទួល​ពី​មេដឹក​នាំ​នៃ​កម្ពុជា​ទាំង​៤​ភាគី​ដើម្បី​ប្រកាស​ជា​ឧឡារិក នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ហើយ​ទទួល​ស្គាល់​ការ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បាញ់​គ្នា​នៅ​ក្នុង ប្រទេស​កម្ពុជា​ទាំង​មូល និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា «អាវុធ…»​ពី​បណ្តា​ប្រទេស​ដទៃ​ដល់​កង​ទ័ព​កម្ពុជា​ទាំង៤។ ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា(SNC)​ក្រោម​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះ បាទ​សម្តេច​ព្រះ នរោត្តម សីហនុ​ជា​ទី​ស្នាក់​ការ​ផ្លូវ​ការ​អចិន្រៃ្តយ៍ និង​លេខា​ធិការដ្ឋាន​របស់​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​(SNC)។

នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចាក​ចេញ​ពី​ប្រធាន​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា​(CNR)​ដើម្បី​ដាក់​ព្រះ​កាយ​ព្រះ​អង្គ​នៅ​ពី​លើ ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុជា​នានា។ ព្រះ​អង្គ​ត្រូវ​បាន​សមាជិក​ទាំង​១១​រូប​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា​(CNC)ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន «អព្យាក្រឹត»​នៃ​ក្រុម​ប្រឹក្សា​នេះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា «លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា» ជាមួយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា​១១​រូប​ទៀត​ជាមួយ​តំណាង​រដ្ឋាភិបាល​១៨​ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិ​ការ​នៃ​អង្គការ​សហ​ប្រជាជាតិ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នៅអង្គការសហប្រជាជាតិនាពេលកន្លងមក

នៅថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ យាង​និវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ប្រកប​ដោយ​ជោគ​ជ័យ​និង​សុវត្ថិភាព។ ក្រោយ​ពី​មាតុភូមិ​និវត្តន៍​របស់​ព្រះ​អង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដែល មាន​ឯក​ឧត្តម ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី និង​ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ដែល​មាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ជា​ប្រធាន គណបក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​ដែល​មាន​សម្តេច​បវរ សេដ្ឋា សឺន សាន ជា​ប្រធាន និង​ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​មាន​លោក​ខៀវ សំផន​ជា​ប្រធាន បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ជា​ផ្លូវ​ការ និង​ជា​លាយ​លក្ខណ៍​អក្សរ​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​នៅ​តែ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ពេញ​លក្ខណៈ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល។ ម្យ៉ាង​ទៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ផ្លូវ​ការ​នៅ​តែ​រក្សា​ទុក​តួនា​ទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​រហូត​ដល់​មាន ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​១៩៩៣។

នៅថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​ទ្បាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រម​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា ដែល​សភា​ធម្មនុញ្ញ​កម្ពុជា​បាន​អនុម័ត។

នៅ​ថ្ងៃ​ទី​ ២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ មហា​មិទិ្ទញ​មហា​ជន​មួយ ក៏​ត្រូវ​បាន​រៀបចំ​ទ្បើង​ដោយ​មាន​មហាជន​យ៉ាង​ច្រើន​កុះករ​ចូល​រួម ដើម្បី​សម្ដែង​មនោ​សញ្ចេតនា​អបអរ​សាទរ​គាំទ្រ សា្វគមន៍​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​ថ្មី និង​ព្រះ​អង្គជា “ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា”។

ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្ដម​ជា​ទី​បំផុត ក្នុង​ការ​បង្រួប​បង្រួម ផ្សះ​ផ្សា​ជាតិ តាំង​ពី​ដើម​រហូត​មក។ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សហ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៣ ហើយ​ជា​ពិសេស ព្រះ​អង្គបាន​បំពេញ​ព្រះរាជ​កិច្ច​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជន​កម្ពុជា និង គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​អំពី​គោល​ការណ៍​ប្រតិបត្តិ​ការ​ដែល​បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រោម​ព្រះ​រាជា ធិបតី​ភាព​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នៅ​មហា​ប្រាសាទ ខេមរិន្ទ ព្រះ​បរម​រាជ​វាំង​នា​ថ្ងៃទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨។

សម្តេច ហ៊ុន សែន ជួបជាមួយ ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ នាពេលកន្លងមក

ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សូម​ថ្វាយ​អំណរ​គុណ​ដ៏​ជ្រាល ជ្រៅ​បំផុត​ចំពោះ​ព្រះ​រាជ​កិច្ច ព្រះ​រាជ​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តុម​របស់​អង្គ​សម្តេច​ឪ​នៃ​យើង។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ជា​ទី​សក្ការ​ជា​ព្រះ​មហាវីរ​ក្សត្រ​មួយ​ព្រះ​អង្គ​ដែល​តែង​តែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះ​រាជ​កិច្ច​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ តាំង​ពី​ដើម​រៀង​រហូត​ដល់​បច្ទុប្បន្ន ព្រះ​អង្គ​តែង​តែ​បំពេញ​ព្រះ​រាជ​សកម្មភាព​សង្គម​កិច្ច​ដូច​ជា​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលា​រៀន មន្ទីរ​ពេទ្យ ផ្ទះ​សម្បែង ផ្លូវ​ថ្នល់ ទំនប់ ប្រឡាយ អណ្តូង​ទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះ​សង្ឃ និង​ជូន​ប្រជា​នុរាស្ត្រ។ ព្រះ​អង្គ​បាន​ប្រោស​ព្រះរាជ​ទាន និង​បន្ត​នូវ​ព្រះ​រាជ​សកម្មភាព​ទាំង​នេះ (រៀងរាល់​សប្តាហ៍) ដោយ​ព្រះ​ប្រទាន​នូវ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័ល​ក្រ និង​ជីវភាព​ខ្វះ​ខាត​ខ្លាំង។

ព្រះរាជសកម្មភាព​ដ៏​ថ្លៃថ្លា​ខាង​លើ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធ​រាជ​ធម៌​របស់​ព្រះ​ករុណា​ជា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​សក្ការ​ដែល​ព្រះ​អង្គ​បាន និង​កំពុង​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យ​ដល់​ប្រជារាស្ត្រ​ដោយ​មិន​ប្រកាន់ ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ។ ដោយ​សារ​សច្ចភាព​នេះ​ហើយ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស​បាន​គាំទ្រ ដោយ​ឥត​សំចៃ​ថ្វាយ​ព្រះអង្គ​ចំពោះ​ការ​យាង​គ្រង​រាជ្យ​សម្បត្តិ​សាជា​ថ្មី នៅ​ឆ្នាំ​១៩៩៣ ហើយ​ដែល​ការ​វិល​មក​គ្រង​រាជ្យ​ជាថ្មី​ដូច​ព្រះ​អង្គ​បែប​នេះ គឺ​ពុំ​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​នា​ពេល​កន្លង​មក​នេះ។

១១ឆ្នាំ ក្រោយ​ការ​ឡើង​គ្រង​រាជ្យ​លើក​ទី២ សម្ដេច​ព្រះ​នរោត្តម​សីហនុ ក៏​បាន​ប្រកាស​ដាក់​រាជ្យ​នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០០៤ ហើយ​ចាប់​ពី​ពេល​នោះ​មក​ព្រះ​អង្គ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​គង់​នៅ​ទី​ក្រុង ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​ព្រះ​រាជ​សុខភាព​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ព្រះ​អង្គ បាត់​ព្រះភក្ត្រ ឃ្លាត​ព្រះ​កាយ​ពី​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ។ ក៏​ប៉ុន្ដែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំង​អស់ គ្រប់​គណបក្ស និង​និន្នាការ​នយោបាយ​តែង​តែ​ចាត់​ទុក​ព្រះ​អង្គ នៅ​តែ​ជា​និមិត្តរូប​នៃ​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ខ្មែរ​ជាប់​ជានិច្ច។

ជាអកុសល ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ភទ្របទ​ឆ្នាំ​រោង ចត្វាស័ក វេលាម៉ោង​១​និង​២០​នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា។

៦) ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហ​មុនី

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសូត្រ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ជា​រាជ​បុត្រា​របស់​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ​ ឡើង​គ្រង​រាជសម្បត្តិ នា​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ​២០០៤។​

ខាងក្រោមនេះ ជា​ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់​ព្រះអង្គ៖

១៩៥៩-១៩៦២ -សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

១៩៦២-១៩៦៧ -សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)

១៩៦៧-១៩៧១ -សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្រ្តី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

១៩៧០ -មធ្យមសិក្សាប័ត្រ នៅប្រាគ (និទ្ទេសល្អណាស់)

១៩៧១ -ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

១៩៧១-១៩៧៥ -សិក្សានៅសកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ

១៩៧៥ -បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី ប្រាគ

១៩៧៥ -ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា

១៩៧៥-១៩៧៦ -ឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)

១៩៧៦-១៩៧៩ -ជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស

១៩៧៩-១៩៨០ -ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន

១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស

១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ “DEVA” ។

១៩៨៨-១៩៩៣ -អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីរ រឿង១.”សុបិន្ត” ២. “ ធាតុទាំង៤”។

១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា

១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ

២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ -ព្រះមហាក្សត្រប្រោសប្រទានដំឡើង​ព្រះគោរម្យងារជា សម្តេចក្រុមឃុន

ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០៤ -ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះបរមនាថ

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ -ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី២៩ តុលា ២០០៤ – ឡើង​គ្រង​រាជសម្បត្តិ

ភាសា៖

ក្រៅពីភាសាជាតិ​ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចេះ​ភាសាឆេក បារាំង និងអង់គ្លេស​ យ៉ាង​ស្ទាត់ជំនាញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sopheak.wordpress, postkhmer