កូនខ្មែរ៣រូប អាចបង្កើតរថយន្ត, បណ្តាញសង្គម និងលក់អនឡាញ ល្បីពេញពិភពលោក

មានកំពូលមហាសេដ្ឋីច្រើនណាស់នៅលើពិភពលោក កើតចេញពីការខិតខំប្រឹងប្រែងលើវិស័យបច្ចេកវិទ្យា ជាក់ស្តែងសេដ្ឋី Jeff Bezos, Bill Gates, Mark Zuckerberg, Jack Ma និងសេដ្ឋីជាច្រើនរូបទៀត។ ដោយសារវិស័យបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងទើបធ្វើឱ្យប្រទេសជាច្រើនការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ខណៈកម្ពុជាកំពុងតែផ្តោតខ្លាំងទៅលើវិស័យមួយនេះផងដែរ។

(ឆ្វេងមកស្តាំ) លោក ស៊ាន វណ្ណារិទ្ធិ (អ្នកបង្កើតបណ្តាញសង្គម), លោក ទី រ៉ា​ឌី (អ្នកបង្កើតគេហទំព័រអនឡាញ) និងលោក ញាន ផល្លឹក (អ្នកបង្កើតឡាន)

ជាក់ស្តែង មានកូនខ្មែរ ៣រូប មានសមត្ថភាពខ្លាំងរហូតដល់អាចបង្កើតរថយន្ត និងបណ្តាញសង្គមឱ្យមនុស្សទូទៅបានប្រើប្រាស់ ដើម្បីជាប្រយោជន៍ក្នុងការងារ និងការរកស៊ី។ ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញបុគ្គលខ្មែរបីរូប ដែលល្បីល្បាញខ្លាំង និងអាចបង្កើតវត្ថុ ដើម្បីឱ្យមនុស្សទូទៅបានប្រើប្រាស់ដូចខាងក្រោម៖

១) លោក ញាន ផល្លឹក ជាអ្នកផលិតរថយន្តអង្គរ

លោក ញាន ផល្លឹក មាន​វ័យ​៥៣​ឆ្នាំ ដែល​ជា​ស្ថាបនិក​រថ​យន្ត​អង្គរ ដោយបង្កើតរថយន្ត​ដ៏​តូច​ច្រឡឹង​​​ដំណើរការ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ អាចដំណើរការយ៉ាងល្អ​​។ សូមបញ្ជាក់ថា ការ​ផលិត​នោះ​ទៀត​សោត ជា​ការ​ដំឡើង​ដោយ​ដៃ​ផ្ទាល់ គ្មាន​រោង​ចក្រ​ដំឡើង​នោះ​ទេ។

លោក ញាន ផល្លឹក បានកើត​នៅ​ក្នុង​ភូមិ​បន្ទ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ​ក្នុង​គ្រួសារធូធារម្នាក់ដែលមាន​ឪពុក​ជា​ម្ចាស់​រោង​ពុម្ព​ក្នុង​ឆ្នាំ​១៩៦០ និង​ម្តាយ​ជា​អ្នក​ធ្វើ​ការ​ក្នុង​វាំង។ សូមបញ្ជាក់ថា កាលពី​វ័យ​១២​ឆ្នាំ លោក​ចូល​ចិត្ត​លេង​អ្វី​ដែល​ទាក់​ទង​និង​ការ​ជួស​ជុល ដូច​ជា​ ដើរ​ប្រមូល​របស់​របរ​ចាស់​ៗ មក​កែ​ច្នែ​ដើម្បី​ឲ្យ​ប្រើ​ប្រាស់​បាន​ឡើង​​វិញ​មាន ធុង​បាស តុ ទូ កៅអី ជា​ដើម។

​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ លោក​បាន​ទៅ​ធ្វើ​ស្រែ​ចំការ​ជាមួយ​សាច់​ញតិ​នៅ​ឯ​ស្រុក​កំណើត​។ លុះ​ឆ្នាំ​១៩៨៥ លោក​ក៏​បាន​មក​រស់​នៅ​ភ្នំពេញ ដោយ​ស៊ី​ឈ្នួល​ក្នុង​ហាង​ជួស​ជុល​ម៉ូតូ ដើម្បី​ដូរ​យក​បាយ​ហូប​។ លោក​បាន​បន្ថែម​ថា ក្រោយ​រស់​នៅ​ជាមួយ​គេ និង​បាន​ចេះ​ដឹង​ជំនាញ​ខ្លួន​ឯង លោក​ក៏​មាន​គំនិត​បើក​របរ​ផ្ទាល់​ខ្លួន ដោយ​បាន​ចាប់​យក​អាជីព​ជា​អ្នក​រត់​តាក់ស៊ី។ លុះ​នៅ​ក្នុង​ឆ្នាំ ១៩៩២ លោក​​ឈប់​រត់​តាក់​ស៊ី និង​មក​បើក​យាន​ដ្ឋាន​លាង​រថយន្ត​នៅ​ម្តុំ​ខណ្ឌ​៧​មករា ភ្នំពេញ ហើយ​បាន​ចាប់​ផ្តើម​ផលិត​រថយន្ត​នៅ​ក្នុង​ឆ្នាំ​២០០២​។

លោក ញាន ផល្លឹក បានប្រកាសថា លោកបាន​បង្កើត​រថយន្ត​អង្គរ​បាន ៥ ជំនាន់​មកហើយខណៈមានដូចជា រថយន្ត​អង្គរ ២០០៣, រថយន្ត​អង្គរ ២០០៤ , រថយន្ត​អង្គរ ២០១០, រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ ២០១៨ ដោយមានម៉ូដែលម៉ាក Golf car ដោយ​​មាន​តែ​កៅ​អី​សម្រាប់​អង្គុយ​ពីរ រត់​ដោយ​ថាមពល​អគ្គិសនី មិនប្រើ​សោរ (​ប្រើកាត) ដើម្បី​បញ្ឆេះ និង​​​មាន​កន្លែង​សម្រាប់​ដាក់​ឥវ៉ាន់​ខាងក្រោយ​មួយ​។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោក មិនត្រឹមតែលក់នៅក្នុងប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅលក់នៅក្រៅប្រទេសថែមទៀតដែលមានកង់បី ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​មាន​តម្លៃ ៣៨៨,៨៨៨.០០ បេសូ​(ឈ្មោះ​រូបិយ​ប័ណ្ណ​ហ្វីលីពីន) ដែល​ស្មើនឹង​ចំនួន ៧ ២៦៧ ដុល្លារ​អាមេរិក។

២) លោក ស៊ាន វណ្ណារិទ្ធិ អ្នក​បង្កើតបណ្តាញសង្គម Like Cambodia

លោក ស៊ាន វណ្ណារិទ្ធិ អ្នក​បង្កើតបណ្តាញសង្គម Like Cambodia

លោក ស៊ាន វណ្ណារិទ្ធិ គឺជាអ្នក​បង្កើត Like Cambodia ដោយមានមុខងារដូចទៅនឹងហ្វេសប៊ុកផងដែរ ហើយសព្វថ្ងៃនេះកំពុងកើនឡើងនៃការប្រើប្រាស់របស់ពលរដ្ឋខ្មែរផងដែរ និងអាចនឹងប្រើប្រាស់កាន់តែច្រើននៅពេលអនាគត ខណៈសព្វថ្ងៃនេះមានយុវវ័យសម្រុកចូលប្រើប្រាស់ច្រើនគួរសម។

គួរបញ្ជាក់ផងដែរថា Like Cambodia មានមុខងារ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្ដាញ​សង្គម​យក្ស Facebook, twitter ផងដែរ ដូចជា មុខងារ Reaction លើ Post នីមួយៗ Tag Friend និង Check-in ដូចហ្វេសប៊ុកផងដែរ ខណៈ មានការ Like និង Comment លើ Post ដោយលោតចេញនៅលើ Notification លើ​ទូរសព្ទផងដែរ៕

៣) លោក ទី រ៉ា​ឌី ស្ថាបនិក​វិបសាយ​ទិញ​លក់​អនឡាញ​ដំបូង​គេ

អ្នកលេងហ្វេសប៊ុកជាច្រើនប្រហែលជាកំពុងប្រើប្រាស់ និងបានស្គាល់គេហទំព័រដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Khmer24 ហើយ ដោយគេហទំព័រនេះ មានការដាក់លក់លផលិតផលស្ទើរគ្រប់មុខ ដោយអ្នកប្រើប្រាស់គ្រាន់តែបង្កើតអាខោនមួយសម្រាប់បង្ហោះប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លោកបានបង្កើតគេហទំព័រលក់ផលិតផលអនឡាញដំបូងគេនៅកម្ពុជា ដោយមានទុនត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ ខណៈមានអ្នកប្រើប្រាស់ច្រើនខ្លាំងរហូតដល់មានអ្នកទិញ និងលក់ ផ្ទះ ដី ឡាន និងទំនិញផ្សេងៗរហូតដល់ជាង ៥០ម៉ឺននាក់ឯណោះក្នុងមួយខែៗ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង