ប្រវត្តិដ៏អាថ៌កំបំាងរបស់តារាចម្រៀងសំឡេងមាស ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា

បើនិយាយពីអធិរាជសំឡេងសម័យដើមពីររូប គ្រប់គ្នាពិតជាដឹងច្បាស់ជាក់ជាមិនខាន បើទោះបីបាត់រូបកាយក៏ពិតមែន តែសំឡេងពួកលោកទាំងពីរនៅតែបំពេរ និងកំដរអារម្មណ៍មហាជនគ្រប់ពេលវេលា។ អធិរាជសំឡេងជើងចាស់ លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា ជាកំពូលតារាចម្រៀងដ៏ល្បីល្បាញជំនាន់មុន ដែលលោកទាំងពីរបានស្លាប់ទៅហើយក្នុងរបបដ៏ឃោឃៅមួយ។

ចង់ដឹងច្បាស់ពីប្រវត្តិលោកទាំងពីរយ៉ាង សូមតាមដានជាមួយ ដែនដីនៃការចែករំលែក ទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) ប្រវត្តិតារាចម្រៀងដ៏ល្បីល្បាញ ស៊ីន ស៊ីសាមុត

លោក ស៊ីន ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ឆ្នាំ ១៩៥០-១៩៧០ ដែលមានរហ័សនាមថា “អធិរាជ​សំឡេង​មាស“។ លោកតាកើតនៅថ្ងៃទី ២៣ សីហា ១៩៣២ និងស្លាប់ទៅវិញនៅថ្ងៃទី ១៨ ឧសភា ១៩៧៦ ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ ដោយលោកតាមានបង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) លោកតាជាកូនពៅ ហើយលោកតាមានឪពុកឈ្មោះ ស៊ីន-លាង ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង និងម្តាយឈ្មោះ ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន។

ប្រវត្តិការសិក្សា

  • លោកតាបាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ
  • លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុ​មួយ​អង្គ
  • ​នៅ​ឆ្នាំ ១៩៥១ បានបញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក។ 
  • លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យព្រះកេតុមាលា

ជីវិតសិល្បះ

  • តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូតទ្រដេញ​ម៉ង់ដូលីន និង​ចាប៉ី ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា។ ​ទោះ​ជា​មមា​ញឹក​ការសិក្សា​សាលា​វេជ្ជសាស្ត្រ លោកតាឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ។លោក​តាចាប់​ផ្តើម​ល្បី​នៅ​សាលា​ ពីព្រោះលោកតាជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​ និងចម្រៀង ហើយ​លោក​តាត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា។ ពេល​ទំនេរ​ លោកតាសិក្សា​បទ​ភ្លេង​ និង​ហាត់​ច្រៀង។
  • នៅឆ្នាំ ១៩៥១ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ ព្រះច័ន្ទស្មី  ដែលមានសមាជិក ៩ នាក់។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោកតា ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ។
  • នៅឆ្នាំ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះ រាជសីហ៍។ លោក​តាចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយ ៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ​​ និង​ពិធី​មង្គលការ​ផ្សេងៗ។ 
  • ដើម​ទសវត្សរ៍ ៥០ លោក​តាបាន​ត្រូវ​ម្ចាស់​ក្សត្រី កុសុមៈនារីរ័ត្ន សព្វ​ព្រះ​រាជ​ហឫទ័យ​អនុញ្ញាត​​អោយ​លោក​ចូល​ក្នុង​វង់ភ្លេងព្រះរាជទ្រព្យ ដែល​ក្នុង​នោះមាន​លោក សុះ ម៉ាត់ ដែរ ដើម្បី​សម្តែង​ក្នុង​ពិធី​គារវកិច្ច ក៏​ដូច​ជា​​លៀង​សាយភោជន៍​ផ្សេងៗ ​រហូត​ដល់​ឆ្នាំ ១៩៧០។ 
  • ១៩៦៣ បានចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ នៅឆ្នាំ ១៩៧១ ទូរទស្សន៍សាធារណរដ្ឋ  បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នូវបទ “ចំប៉ាបាត់ដំបង” ដែលជាបទដំបូងគេបង្អស់ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ 
  • នៅចុងទសវត្សរ៍ ៦០ និងដើមទសវត្សរ៍ ៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង
  • ១៩៦៦ លោកតា​ បានចាប់ផ្តើមថតចម្រៀង ជាមួយអ្នកស្រី ប៉ែន-រ៉ន និងឆ្នាំ ១៩៦៧ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករជាមួយនឹងបទស្ទឹងខៀវ។ នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង
  • រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង ១ ពាន់បទ​អោយផលិតកម្មនានា ហើយរហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀង ប្រហែល ១ ពាន់ បទទៀត។ លោក​បាន​ប្រើ​ប្រាស់​វចនានុក្រម​ដល់​ទៅ ៣ ដោយ​គ្រាន់​តែ​ចង់​មើល​តើ​ពាក្យ​​មួយ​សរសេរ​ត្រឹម​ត្រូវ​ឬ​អត់ដូចជា៖  ភាសាខ្មែរ, ភាសាសំស្ក្រឹត និងភាសាបាលី។

ចំណង់ចំណូលចិត្ត និងមិនចូលចិត្ត

  • ចូលចិត្តអាន​សៀវភៅ ទាត់បាល់  ល្បែងជល់មាន់ ​បង្ហោះ​ខ្លែង ហាត់លើកទម្ងន់រាល់ព្រឹក និងមើលកុនបារាំង នៅ​រោងភាពយន្តលុច្ស និងរោងភាពយន្តព្រហ្មបាយ័ន
  • ចូលចិត្តញុំាម្ហូបឡាវ  និងញ៉ាំ​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ  ហើយពងទា​ចៀន​​ជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ ​​ ម្យ៉ាងវិញទៀត ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ តែលោកមិនចូលចិត្តពិសារស្រាភេសជ្ជៈ​ ម្ទេស ​ម្រេច ​និងបារីទេ។

ច្រៀងនៅភោជនីយដ្ឋាន និងទ្រព្យសម្បត្តិ

  • លោកតាច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល ១ ទៀតនៅក្បែរក្រសួងមហាផ្ទៃ ដោយច្រៀង ២-៣ បទ តម្លៃ ១៥០០រៀល
  • សង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត និងរថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)​ ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)​ពណ៌ខៀវ។

២) ប្រវត្តិតារាចម្រៀងដ៏ល្បីល្បាញ រស់ សេរីសុទ្ធា

លោកស្រី រស់ សេរីសុទ្ធា កើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ដែលមានស្រុកកំណើតភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង រួចបានបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៧ (ពត៌មានមិនផ្លូវការ)។ លោកស្រីមានឪពុកឈ្មោះ រស់ ប៊ុន​ ជា​លោក​គ្រូ​ភ្លេង​ខ្មែរ​ផង និងជា​គ្រូ​ស្តោះ​ផ្លុំផង និងម្តាយឈ្មោះ ណាត់ សាមៀន ហើយលោកស្រីមានបងប្អូនចំនួន ៥ នាក់ (ស្រី ០៤ នាក់) ហើយលោកស្រីជាកូនទី ៤។

ប្រវត្តិការសិក្សា៖

  • ​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ទក្ខិណសាលា​ រួច​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុវិទ្យាល័យ​នារី​ នេត​យ៉ង់​​​ នៅ​ឆ្នាំ ១៩៦២ រួចឈប់​រៀន ដើម្បីចាប់​អាជីព​ជា​អ្នក​ចម្រៀង។

ប្រវត្តិសិល្បះ៖

  • ដោយមានឪពុកជាគ្រូភ្លេងខ្មែរ ដូចនេះលោកស្រី រស់ សេរីសុទ្ធា តែងតែទៅហាត់ភ្លេង និង​ហាត់​ច្រៀង​​ភ្លេង​ការជាមួយឪពុករបស់លោកស្រី។ នៅឆ្នាំ១៩៦៣ នៅ​ក្នុង​វ័យ​ជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏​បាន​ទទួល​រង្វាន់​ពាន​មាស លេខ​មួយ ប្រចាំខេត្ត​ ក្នុង​ឱកាស​ពិធី​ប្រឡង​ចម្រៀងពេល​បុណ្យ​ចូល​ឆ្នាំ។ មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង ក៏​មាន​គេ​មក​អញ្ជើញ​កញ្ញា សុទ្ធា អោយ​ទៅ​ច្រៀង​កំដរ​ក្នុង​ពិធី​ស្វាគមន៍​កូន​កំលោះ​របស់​លោក​ គី ស៊ាន​ហូ (ដែលជាកូនលោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ថៅកែ​រោង​ចក្រ​អារ​ឈើ​ធំ​ជាង​គេ​ នៅ​ក្រុង​បាត់ដំបង) អាយុ​ប្រមាណ ២៤ ឆ្នាំ ដែល​ទើប​បញ្ជប់ ការ​សិក្សា​ផ្នែក​វិស្វកម្មមក​ពី​ទីក្រុងប៉ារីស​​។ 
  • លោក​សាស្ត្រាចារ្យ ប៊ុន ថង បាន​នាំ​យក​ សេរីសុទ្ធា ទៅ​ផ្ញើ​នឹង​លោក សុខ ​ឌីណារី និងលោក ឌី​ កាណាល់ ដែល​ជា​អ្នក​ចាត់​ចែង​នៅ​ក្នុង​វង់​តន្រ្តី លំហែ​យោធា ជា​វង់​ភ្លេង​ប្រគំ​ប្រចាំ​រង្គសាល ស្ទឹង​ខៀវ ក្រុង​បាត់ដំបង​ ដើម្បី​ជួយ​អោយ​នាង​បាន​ទទួល​មុខ​របរ ដែល​មាន​ប្រាក់​ចំណូល​ទៀង​ទាត់។
  • លោក​សាស្ត្រាចារ្យ ប៊ុន ថង បាន​ណែ​នាំ ​សុទ្ធា អោយ​ស្គាល់​អ្នក​ចម្រៀង​ប្រចាំ​ខេត្ត​បាត់ដំបង​ជា​ច្រើន ដូច​ជា លោក អ៊ឹម សុង​សឺម ជា​អតីត​គ្រូ​បង្រៀន នៅ​ភូមិ​កំពង់​ព្រះ បាត់ដំបង, អ្នក​ស្រី ប៉ែន រ៉ន និង អ្នក​ស្រី ហួយ មាស ដែល​ច្រៀង​នៅ​រង្គសាល​ស្ទឹង​ខៀវ​ដែរ ហើយ​ក៏​ជា​អតីត​សិស្ស​របស់​លោក​ផ្ទាល់​ ដែល​ក្រោយ​មក បាន​ទៅ​ចេញ​ច្រៀង មាន​ឈ្មោះ​បោះ​សំឡេង នៅ​រាជធានី​ភ្នំ​ពេញ
  • នៅឆ្នាំ១៩៦៧  យុវតី សុទ្ធា បាន​ចូល​បម្រើ​ជា​អ្នក​ចម្រៀង ជាមួយ​ក្រុម​តន្រ្តី យោធា​ភិរម្យ ក្រសួង​ឃោសនាការ ហើយ​បាន​ចេញ​សម្តែង ជា​សាធារណៈ​ជា​ញឹក​ញាប់
  • ដោយ​ទេពកោសល្យ​ដ៏​លេច​ធ្លោ​របស់​នាង យុវតី​បាន​ត្រូវ​គេ​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​ប្រចាំ​ការ នៅ​រង្គសាល​មេគង្គ រង្គសាល​បែល​អ៊ែរ នៅ​ពោធិ៍​ចិន​តុង ហើយមាន​ទំនាក់​ទំនង​ជាមួយ​តារា​ចម្រៀង​មក​ពី​បាត់ដំបង​ដូច​គ្នា អ្នក​ចម្រៀង​នៅ​ភ្នំ​ពេញ​ ​ និង​អ្នក​ចម្រៀង​ពី​តាម​ខេត្ត​នានា និងបាន​ទទួល​ប្រិយភាព និង​ការ​គាំ​ទ្រ​ពេញ​ប្រទេស រួម​ទាំង​មហាក្សត្រ នាម៉ឺន​មុខ​មន្រ្តី និង​ប្រជា​ពលរដ្ឋ​ខែ្មរ​ទាំង​មូល
  • នៅឆ្នាំ១៩៦៩ អ្នក​ចម្រៀង​វ័យ​ក្មេង​គឺលោកស្រី រស់ សេរីសុទ្ធា បាន​ទទួល​គោរម​ងារ​ពី​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ សម្តេច​ព្រះ​ឧបយុវរាជ នរោត្តម សីហនុ ថា ជា​ រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា។

ជីវិតរៀបការ៖

  • នៅឆ្នាំ១៩៦៨ លោកស្រី រស់ សេរីសុទ្ធា បានសម្រេច​ចិត្ត​រៀប​ការ​ ជាមួយ​លោក សុះ ម៉ាត់ ដែល​ជា​អ្នក​ចម្រៀង​បុរស​ ដែល​មាន​រូប​សង្ហា និងសម្បូរ​ស្នេហ៍​ ។ ក្រោយ​ពី​រៀប​ការ​ហីយ​បាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បាន​ស្ទុះ​ឡើង​ទៅ​​ទះ​តប់​​វាយ​ធ្វើ​បាប​ភរិយា​​យ៉ាង​ដំណំ នៅ​លើ​វេទិកា​ចម្រៀង ក្នុង​ចំណោម​ភ្ញៀវ​កំពុងជប់លៀងអ៊ូអរ ដោយ​សារ​ក្តី​ប្រច័ណ្ឌ​ចំពោះ​ភ្ញៀវជាមួយនាង។ ពេលនោះលោកស្រី រស់ សេរីសុទ្ធា បានត្រឡប់ទៅបាត់ដំបងវិញ ដោយបាត់បង់ទារកក្នុងផ្ទៃ ពីព្រោះតែការវាយតប់របស់ សុះ ម៉ាត់ រួចបានចែកផ្លូវគ្នា តែនាងត្រឡប់មកច្រៀងនៅភ្នំពេញវិញ ដោយសារការធានាពីលោកតា ស៊ិន ស៊ីសាមុត។
  • ចុង​ឆ្នាំ១៩៦៩ អ្នក​ស្រី សុទ្ធា បាន​ជួប​នឹង​កំលោះ​មួយ​រួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជា​កូន​ប្រុស​របស់​ថៅកែ វណ្ណ ច័ន្ទ ម្ចាស់​ផលិតកម្ម​ថាស​ចម្រៀង​ដ៏​ល្បី​ល្បាញ​ជំនាន់​នោះ​ រួចហើយ​ក៏​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​នោះ រហូត​ដល់​បាន​កូន​ប្រុស​មួយ
  • នៅ១៩៧១ មាន​ក្រុម​ទាហាន​មួយ​ហ្វូង បើក​ឡាន​ហ្ស៊ីប​ចូល​មក​អញ្ជើញ​អ្នក​ស្រី​ចេញ​ពី​ផ្ទះ នាំ​ខ្លួន​អ្នក​ស្រីទាំង​កណ្តាល​យប់ ទៅ​ជូប​លោក​ឧត្តមសេនីយ ស្រី យ៉ា​​ ហើយ​បាន​ត្រូវ​ឃាត់​ខ្លួន​ទុក​នៅ​ទី​នោះ មិន​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ។ ភរិយា​ដើម​របស់​លោក ស្រី យ៉ា មាន​រោគ​ស្រ្តី មិន​អាច​មាន​បុត្រ​បាន​ ទើប​លោក ស្រី យ៉ា​ បាន​ប្រើ​អំណាច​បង្ខំ​ចាប់​យក​អ្នក​ស្រី សុទ្ធា មក​ធ្វើ​ជា​ភរិយា​ចុង​តែ​ម្តង​ទៅ  និងនៅ​អំឡុង​បួន​ឆ្នាំ ដែល​អ្នក​ស្រី សុទ្ធា រស់​នៅ​ជាមួយ​លោក ស្រី យ៉ា លោកស្រី​មាន​បុត្រ​បួន​នាក់។ 
  • នៅ១៩៧៧ វេលា​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី សុទ្ធា បាន​ត្រូវ​អង្គការ​បដិវត្តន៍ ចាប់​បង្ខំ​អោយ​រៀប​ការ ជាមួយ​យោធា​មួយ​រូប​ ដែល​ពិការ​ដៃ​ម្ខាង មាន​ឈ្មោះ​ថា សមមិត្ត ត្រោក ជា​កង​កម្មាភិបាល​ជាន់​ខ្ពស់ មួយ​រូប របស់​អង្គការ។

ខ្សែជីវិតចុងក្រោយ៖

  • ដោយ​ជម្លោះ​ក្ឌុង​ក្ឌាំង​ញឹក​ញាប់​ពេក អង្គការ​ខាង​លើ​បាន​ហៅ​អ្នក​ស្រី ទៅ​កសាង​អប់​រំ​​ ដោយ​រំលឹក​អោយ​អ្នក​ស្រី គោរព​ស្វាមី​ មិន​អោយ​ឆ្លើយ​តប​ត​ មាន​មាត់​ក​ មាន​ហិង្សា ជាមួយ​លោក​យោធា​​កម្មាភិបាល​នោះ​ត​ទៅ​ទៀត ។ ប៉ុន្តែ អ្នក​ស្រី​តាំង​ចិត្ត​អត់​ធ្មត់​មិន​បាន ត្បិត​ត្រូវ​ស្វាមី​វាយ​ដំ​ជេរ​ប្រទេច​ច្រើន​ហួស​ប្រមាណ ក៏​តប​ត​ដោយ​សំដី​ខ្លះ ៗ ត្រឡប់​ទៅ​វិញ ដែល​ជា​ហេតុ​បណ្តាល​អោយ​អង្គការ​លើ ចាប់​ដាក់​ទោស បញ្ជូន​ខ្លួន អោយ​ទៅ​ធ្វើ​ការ នៅ​ភូមិ​មួយ​ផ្សេង​ទៀត​ នៅ​រវាង​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ ។ ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​នរណា​ម្នាក់​បាន​ដឹង​ដំណឹង​ពីអ្នក​ស្រី​ទៀត​ឡើយ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia