កាន់តែទំនើប! ជប៉ុនបង្កើត ប្រព័ន្ធស្កេនមុខចាប់ចោរលួចអីវ៉ាន់នៅតាមហាង

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងទីក្រុងតូក្យូ បានបង្កើត AI (Artificial Intelligence ឬប្រាជ្ញាសិប្បនិម្មិត) យ៉ាងវិសេសវិសាលបំផុត ដើម្បីស្កេនមុខចោរលួចអីវ៉ាន់ក្នុងហាងលក់ទំនិញ។

ក្រុមហ៊ុន Vaak បានបង្កើតកម្មវិធីម្យ៉ាងឈ្មោះ «Vaak Eye» មានសមត្ថភាពពិសេសអាចចាប់យករូបភាពជនសង្ស័យដែលបម្រុងនឹងលួចអីវ៉ាន់បានយ៉ាងអស្ចារ្យបំផុត។ វាបានរៀនសូត្រយ៉ាងលម្អិតពាក់ព័ន្ធទៅនឹងទិន្នន័យកាមេរ៉ាសុវត្ថិភាពជាង ១០០,០០០ម៉ោង។

 

ដូច្នេះវាពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការចាប់ចោរលួចអីវ៉ាន់បានយ៉ាងល្អបំផុត។ ជាក់ស្តែងកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ វាជួយម្ចាស់ហាងម្នាក់ចាប់បានបុរសចំណាស់ម្នាក់ដែលបម្រុងនឹងលួចមួកនៅក្នុងហាងលក់ទំនិញមួយកន្លែងនៅក្នុងទីក្រុងយូកូហាម៉ា។

ស្ថាបនិកក្រុមហ៊ុន Vaak លោក Ryo Tanaka បានប្រាប់អ្នកសារព័ត៌មានថា៖

«ខ្ញុំគិតថា យ៉ាងហោចណាស់យើងបានដើរដល់ជំហានមួយទៀត ក្នុងការប្រើប្រាស់ AI ដើម្បីទប់ស្កាត់ និងការពារពីបទល្មើសនានានៅក្នុងសង្គម។»

បន្ថែមពីនេះទៀត កម្មវិធី «Vaak Eye» នឹងធ្វើការស្កេនកាយវិការមនុស្សជាង ១០០ រួមមានដូចជាផ្ទៃមុខ, សំលៀកបំពាក់, សកម្មភាព, ការបោះជំហាន, ទិសដៅ និងគោលបំណង។

យោងតាមវីដេអូខាងក្រោមបានឱ្យដឹងថា កម្មវិធីនេះថែមទាំងចាប់យក និងកំណត់អត្តសញ្ញាណរបស់មនុស្សទៀតដូចជា ភេទ, អាយុ, ទីតាំង, របស់ដែលភ្ញៀវចាប់កាន់ និងសកម្មភាពនានាដើម្បីធ្វើការគណនាអត្រាភាគរយសង្ស័យថាបុគ្គលម្នាក់នោះបម្រុងនឹងលួចអីវ៉ាន់ឬក៏អត់។ លើសពីនេះទៅទៀត វាក៏បានបង្ហាញឱ្យយើងឃើញទំនិញដែលបុគ្គលម្នាក់នោះចាប់កាន់ ក៏ដូចជារយៈពេលដែលបុគ្គលនោះចាប់កាន់ទំនិញនីមួយៗផងដែរ។

ចៀសជាងទៅចាប់ចោរនោះយកតែម្តង កម្មវិធី Vaak Eye នឹងជូនដំណឹងអាសន្ន ដល់ម្ចាស់ហាងតាមរយៈកម្មវិធីនៅក្នុងទូរស័ព្ទដៃជាមុនសិន។ ដូច្នេះបើតាមទ្រឹស្តី ក្នុងករណីដែលមានសកម្មភាពបែបនេះកើតឡើង ម្ចាស់ហាងអាចទៅក្បែរភ្ញៀវម្នាក់នោះដើម្បីផ្តល់ជាជំនួយនានាដូចជាការសួរនាំថា ភ្ញៀវគាត់ត្រូវការអ្វី ដូច្នេះភ្ញៀវម្នាក់នោះក៏មិនហ៊ានលួចអីវ៉ាន់នៅក្នុងហាងដែរ។

ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ កម្មវិធីនេះបានចាប់ចោរលួចអីវ៉ាន់នៅក្នុងហាងលក់ទំនិញបានជាង ៧នាក់ ក្នុងប្រទេសជប៉ុន ហើយរូបភាពធ្វើសកម្មភាពរបស់ពួកគេត្រូវបានបញ្ជូនទៅប៉ូលិសដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។ បច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះត្រូវបានគេជឿជាក់ថានឹងអាចជួយកាត់បន្ថយករណីចោរលួចអីវ៉ាន់នៅក្នុងហាងលក់ទំនិញបានដល់ទៅ ៧៥%។ នេះបើយោងតាមសារព័ត៌មាន IT Media បានចុះផ្សាយ។

សម្រាប់នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Vaak បាននិងកំពុងតែបន្តធ្វើការសាកល្បងកម្មវិធី Vaak Eye នៅក្នុងហាងជាង ១៦កន្លែងក្នុងទីក្រុងតូក្យូ។ ប្រសិនបើបច្ចេកវិទ្យានេះទទួលបានជោគជ័យជាស្ថាពរមែននោះ វានឹងផ្លាស់ប្តូរពិភពលោកទាំងមូល ពោលគឺវានឹងជួយកាត់បន្ថយករណីចោរលួចអីវ៉ាន់នៅក្នុងហាងលក់ទំនិញឱ្យមកនៅត្រឹមកម្រិតតិចបំផុតតាមដែលអាចធ្វើទៅបាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload