ទីបំផុត! រកឃើញអ្នកទិញឡានថ្លៃជាងគេបំផុត និងមានតែមួយគត់លើលោកហើយ
រថយន្ត Bugatti La Voiture Noire បានក្លាយជារថយន្តថ្មីលក់បានថ្លៃជាងគេក្នុងលោក ដោយមានអ្នកហ៊ានចំណាយប្រមាណ ១៨ លានដុល្លារ ធ្វើជាម្ចាស់រថយន្តមានតែមួយក្នុងលោកនេះ។
រថយន្ត Bugatti La Voiture Noire
គេជឿជាក់ថា ម្ចាស់របស់រថយន្តនេះគឺជាលោក Ferdinand Piëch ចៅប្រុសរបស់លោក Ferdinand Porsche ដែលជាអ្នកបង្កើតក្រុមហ៊ុនរថយន្ត Porsche ផ្ទាល់។ លោក Ferdinand Piëch ដែលមានវ័យ ៨១ ឆ្នាំ បានចាប់ផ្ដើមការងារដំបូងនៅក្នុងក្រុមហ៊ុន Porsche រួចផ្លាស់ទៅក្រុមហ៊ុន Audi ក្រោយពីមានកិច្ចព្រមព្រៀងថាមិនឲ្យសមាជិកគ្រួសារលោក Porsche ឬលោក Piëch ជាប់ទាក់ទងនឹងកិច្ចការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Porsche នោះឡើយ។
រថយន្ត Bugatti La Voiture Noire
ក្រោយមកទៀតលោក Ferdinand Piëch បានក្លាយជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសម្ព័ន្ធ Volkswagen នៅឆ្នាំ ១៩៩៣ ដល់ ២០០២ និងនៅឆ្នាំ ២០០២ ដល់ ២០១៥ បានកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
គួរដឹងរថយន្ត La Voiture Noire បានបំពាក់ម៉ាស៊ីនប្រចាំត្រកូល ចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៤៧៩ សេះ អនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
លោក Ferdinand Piëch ម្ចាស់រថយន្ត Bugatti La Voiture Noire
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ autobodia