ពិតជាមិនធម្មតា! ចិន​ផ្តល់ជំនួយ​អភិវឌ្ឍ ទៅកាន់ ១៤០ ប្រទេស រយៈពេល​ ១៥ ឆ្នាំ ចំនួនទឹកប្រាក់ ៣៥៤​ពាន់​លាន​ដុល្លារ

របាយការណ៍​ថ្មី​មួយ​ស្តីពី​ជំនួយ​អភិវឌ្ឍ​បាន​បង្ហាញថា មហា​យក្ស​ចិន​បាន​ចំណាយ​ថវិកា​សរុប ៣៥៤,៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១៥ ឆ្នាំ ចន្លោះ​ពី​ឆ្នាំ ២០០០​ដល់​ឆ្នាំ ២០១៤ ក្នុង​ជំនួយ​អភិវឌ្ឍ​ទៅកាន់​ប្រទេស ១៤០ ទូទាំង​ពិភពលោក​។​

ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ ចិន​បន្ត​បង្កើន​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​កាន់តែច្រើន​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ទូទាំង​ពិភពលោក​។ របាយការណ៍​ថ្មី​មួយ​នៃ​ស្ថាប័ន​ស្រា​ជ្រាវ AidData  ដែល​ចេញផ្សាយ​សប្តាហ៍​នេះ​បង្ហាញថា ចិន​បាន​ផ្តល់ជំនួយ​អភិវឌ្ឍ​ក្នុង​ទំហំ ៣៥៤,៣​ពាន់​លាន​ដុល្លារ​ឯណោះ​។​


​របាយការណ៍​ថ្មី​នេះ​បង្ហាញថា ចិន​ព្យាយាម​ផ្លាស់ប្តូរ​ខ្លួន​ពី​ប្រទេស​ទទួល​ជំនួយ​ទៅជា​ប្រទេស​ផ្តល់ជំនួយ​ដល់​ប្រទេស​ដទៃ​ដែល​កំពុង​អភិវឌ្ឍ​វិញ​ផងដែរ​។ ជំនួយ​ហិរញ្ញវត្ថុ ៣៥៤,៣ ពាន់​លាន​ដុល្លារ​នេះ​ត្រូវបាន​ផ្ដល់​ឲ្យ​ប្រទេស ១៤០ លើ​ពិភពលោក​ចន្លោះ​ពី​ឆ្នាំ ២០០០ ដល់​២០១៤​។ ជំនួយ​ទាំងនេះ​ភាគច្រើន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ 

​គេ​កត់សម្គាល់ថា កន្លងមក គេ​មិនអាច​ដឹង​ច្បាស់​ពី​ទំហំ​ជំនួយ​អភិវឌ្ឍ​ផ្លូវការ និង​ប្រទេស​នានា​ដែល​ទទួល​ជំនួយ​ពី​ចិន​នេះឡើយ ដោយសារ​កង្វះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការផ្តល់​ជំនួយ​នេះ​។​

 បើតាម AidData រដ្ឋាភិបាល​ចិន​មិន​បោះ​ពុ​ម្ភ​ផ្សាយ​ទិន្នន័យ​ពាក់ព័ន្ធ​ជំនួយ​ហិរញ្ញវត្ថុ​របស់ខ្លួន​តាម​ប្រទេស​នីមួយៗ​ឡើយ ហើយ​ចិន​ក៏​មិន​ផ្សាយ​ទិន្ន័យ​ពាក់ព័ន្ធ​គម្រោង​នានា​ដែល​ត្រូវ​ស្ថិតក្រោម​ជំនួយ​របស់​ខ្លូន​ដែរ​។​នេះ​ក៏​ព្រោះថា ចិន​ចាត់ទុក កម្មវិធី​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ ជា​កិច្ចការ​សម្ងាត់​របស់រ​ដ្ឋ ហើយ​ចិន​មិន​ចង់​បញ្ចេញ​ព័ត៌មាន​នេះ​ឲ្យ​គេ​ដឹង​ឡើយ​។   

​ត្រឡប់មកវិញ ថ្វីបើ​ចិន​ចំណាយ​រហូតដល់ ៣៥៣​ពាន់​លាន​ដុល្លា​ក្តី ក្នុង​រយៈពេល​ដូចគ្នា សហរដ្ឋអាមេរិក​នៅ​នាំមុខ​ចិន​ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ច្រើនជាងគេ​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ដដែល​។ ក្នុង​រយៈពេល ១៥​ឆ្នាំ ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៤ សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​អភិវឌ្ឍ​ក្នុង​ទំហំ ៣៩៤, ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey