ដំណឹងរីករាយ! ក្រុង​សៀមរាប​នឹង​មាន​ខ្សែ​ រថយន្តក្រុង​សាធារណៈ ​ឆាប់នេះៗ

ក្រុង​សៀមរាប​នឹង​មាន​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​នា​ពេល​ខាងមុខ​ ដោយ​ខណៈនេះ​ អាជ្ញាធរ​ខេត្តសៀមរាប​កំពុង​រៀបចំ​ខ្សែ​រត់​រថយន្តក្រុង​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ទេសចរណ៍​ និង​កាត់បន្ថយ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​សៀមរាប​។

លោក​ ម៉ឹង​ ឈុន​ហេង​ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​សាធារណៈ​ក្រុង​សៀមរាប​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការសិក្សា​និង​អង្កេត​មើល​លទ្ធភាព​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង​នៅក្នុង​ទីក្រុង​សៀមរាប​កាលពី​ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០១៩​ កាលពី​ម្សិល​នេះ​ថា​ ដោយ​មើលឃើញ​ការ​រីកចម្រើន​ខ្លាំង​របស់​ខេ​ត្ដ​សៀមរាប​ ពិសេស​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ និង​ការ​កើនឡើង​នៃ​បរិមាណ​យានយន្ត​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​ ខេ​ត្ដ​សៀមរាប​គឺជា​អថិរភាព​ទី​មួយ​​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​នេះ​ឡើង​។

លោក​បញ្ជាក់​ថា​ គម្រោង​ជំនួយ​បច្ចេកទេស​នេះ​ នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ទម្រង់​ជា​ឥណទាន​ឥត​សំណង​ពី​ មូលនិធិ​ជប៉ុន​សម្រាប់​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ជា​អ្នកគ្រប់គ្រង​ចាត់ចែង​ ។ បច្ចុប្បន្ន​នេះ​ ស្ថានភាព​ចរាចរណ៍​តាម​បណ្តាញ​ផ្លូវជាតិ​ មាន​ភាព​មមាញឹក​ និង​កកស្ទៈ​ជា​រៀងរាល់ថ្ងៃ​ ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​បរិមាណ​យានយន្ត​ និង​ពុំ​មាន​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​សមស្រប​។

ការ​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង​ (Intercity​ Bus​) ក្នុង​គោលដៅ​ផ្ដល់​ផលប្រយោជន៍​ ដល់​ប្រជាពលរដ្ឋ​ រួមមាន​៖ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ មាន​សុវត្ថិភាព​ និង​ផាសុកភាព​ សន្សំសំចៃ​ពេលវេលា​ និង​ថវិកា​ កាត់បន្ថយ​ការប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​ កាត់បន្ថយ​ភាព​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ កាត់បន្ថយ​ការប្រើ​ប្រាស់​ប្រេង​ឥន្ទ​នៈ​ កាត់បន្ថយ​ឧស្ម័ន​បំពុលបរិស្ថាន​ កាត់បន្ថយ​ផល​ប៉ះពាល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ និង​បង្កើន​ភាព​ស៊ី​វី​ល័​យក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​…៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ propertyarea