ក្រុមគ្រួសារសព ឌុំ រីដា យល់ព្រមទទួលសំណងចំនួន៧ម៉ឺនដុល្លារតែប៉ុណ្ណោះ

នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា បានយល់ព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិច ដែលបើករថយន្ដបុកកញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ។

បើយោងតាមប្រភពក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន បានបញ្ជាក់ជូនសាធារណជនឲ្យបានដឹងថា ការទទួលយកប្រាក់ចំនួន៧ម៉ឺនដុល្លារនេះគឺជាសំណងផ្នែករដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែកករណីព្រហ្មទណ្ឌ ភាគីបង្ក នៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដដែល។

ដោយឡែកភាគីជនរងគ្រោះបានបញ្ជាក់ច្បាស់ថា ការទទួលយកសំណងនេះ គឺជាការព្រមព្រៀង ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ឬក្រោមការបង្គាប់បញ្ជារ ណាមួយឡើយ។

ភាគីរងគ្រោះ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលសម្តេចបានជួយគិតគូរ បង្កើតមេធាវីសម្រាប់ជួយការពារដល់អ្នកក្រីក្រ ទន់ខ្សោយ ឲ្យទទួលបានសិទ្ធិ ស្មើរៗគ្នា ចំពោះមុខច្បាប់ ។

គួរបញ្ជា្កក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលអោយអតីតសិស្សពូកែទូទាំងប្រទេសកញ្ញា ឌុំ រីដា ស្លាប់ភ្លាមមួយរំពេចនៅកន្លែងកើតហេតុ។ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អ្នកស្រី ផាត់ ពៅ ជាម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer.social