កូនខ្មែរគួរយល់ដឹង! នេះជាប្រវត្តិដ៏អស្ចារ្យរបស់ ល្បែងអុកខ្មែរ «ចត្រង្គ»

ដើម្បី​ដុសខាត់​គំនិត និង​ធ្វើ​ឱ្យ​ខួរក្បាល​មាន​ភាព​ឆ្លាត​វៃ​រហ័សរហួន​ជាង​មុន ភាគច្រើន​មនុស្ស​ជំនាន់​មុន​បាន​ជ្រើស​រើស​យក​ល្បែង «អុក» ឬ ហៅ​ម្យ៉ាង​ទៀត​ថា «ចត្រង្គ» មក​លេង​កម្សាន្ត ដែល​បន្ត​មាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។

«អុក ឬ ចត្រង្គ» ជា​ល្បែង​កម្សាន្ត​មួយ​ប្រភេទ ដែល​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​សព្វ​ថ្ងៃ។ ល្បែង​មួយ​ប្រភេទ​នេះ​បាន​ចាប់​កំណើត​ឡើង នៅ​ក្នុង​សម័យ​អង្គរ នា​ឆ្នាំ​៨០០ នៃ​គ្រឹស្តសករាជ។ ប្រជាជន​ខ្មែរ​និយម​ចូល​ចិត្ត​លេង​អុក​នេះ​ខ្លាំង​ណាស់ ព្រោះ​ថា​ការ​លេង «អុក» គឺ​មិន​ខុស​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​រៀប​ចំ​ក្បួន​ទ័ព​ធ្វើ​សឹក​សង្គ្រាម​នោះ​ឡើយ។ ល្បែង «អុក» អាច​លេង​ដោយ​មនុស្ស​២​នាក់ ឬ​ដោយ​មនុស្ស ២​ក្រុម ដែល​ធ្វើ​ឲ្យ​ការ​លេង​កាន់​តែ​ជក់​ចិត្ត និង​អស្ចារ្យ។

ការ​លេង «អុក» អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ឈ្លាស​វៃ​ជាង​មុន ព្រោះ​ត្រូវ​រៀប​ចំ​ក្បួន​ប្រយុទ្ធ​នឹង​ស​ត្រូវ វាយ​ប្រហារ រត់​គេច និង​ការ​ការពារ​ជាដើម ដែល​តម្រូវ​ឲ្យ​មនុស្ស​ប្រើ​ខួរ​ក្បាល​គិត​ច្រើន លើ​ការ​ដើរ​ម្តងៗ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ទទួល​យក​ជ័យ​ជម្នះ។ ដូច្នេះ អ្នក​ដែល​មាន​ប្រាជ្ញា​អន់​ជាង​ស​ត្រូវ អ្នក​នោះ​នឹង​ត្រូវ​ចាញ់​ក្នុង​ល្បែង​មួយ​នេះ​ពុំ​ខាន។

ពាក្យ “ចត្រង្គ” មក​ពី​ពាក្យ​សំស្ក្រឹត មាន​ន័យ​ដូចគ្នា​នឹង​ពាក្យ​ខ្មែរ​ថា “អុក”។ ពាក្យ “ចត្រង្គ” ដែល​បាន​ឲ្យ​កំណើត​មក​ជា​ពាក្យ «អុក» របស់​ខ្មែរ​បច្ចុប្បន្ន តាម​វចនានុក្រម​ខ្មែរ មាន​ន័យ​ថា ទ័ព​ទាំង​៤​គឺ «ទ័ព​សេះ, ទ័ព​ដំរី, ទ័ព​ថ្មើរ​ជើង និង​ទ័ព​ជើង​ទឹក»។ វា​អាច​ជា​សញ្ញា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ការ​រៀបចំ​ទ័ព​ទាំង​៤​ប្រភេទ​នេះ គឺ​ជា​កាតព្វកិច្ច​របស់​មេទ័ព។ រីឯ​ពាក្យ​ «អុក» វិញ ដែល​ជា​ពាក្យ​ខ្មែរ​សុទ្ធសាធ មាន​ន័យ​ថា «ដាក់​កូន​អុក​នៅ​ត្រង់​ក្រឡា​សម្លាប់​ដោយ​ធ្ងន់​ដៃ ហើយ​ថែម​ទាំង​ប្រាប់​ដៃគូ​ឲ្យ​ដឹង​ខ្លួន​ថា​ខ្លួន​កំពុង​អុក​ផង»។

ដូនតា​ខ្មែរ​បាន​និយម​ល្បែង​ចត្រង្គ ឬ​អុក​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉េ្លះ នេះ​បើ​យោង​លើ​រូប​ចម្លាក់​តាម​ប្រាង្គ​ប្រាសាទ​បុរាណ​នា​សម័យ​អង្គរ។ នៅ​តាម​ប្រាង្គ​ប្រាសាទ​សិលា​ខ្មែរ​មួយ​ចំនួន មាន​តឹកតាង​បញ្ជាក់​ពី​ល្បែង «អុក» នេះ​​ដូច​ជា​នៅ ប្រាសាទ​បាពួន អង្គរវត្ត បាយ័ន និង ព្រះខ័ន នា​តំបន់​សៀមរាប​អង្គរ។ លើ​នោះ យើង​អាច​មើល​ឃើញ​មាន​ចម្លាក់​មនុស្ស​អង្គុយ​លេង​ល្បែង​ «អុក ឬ​ចត្រង្គ» ដោយ​មាន​វត្តមាន​របស់​អ្នក​មើល​ជា​ច្រើន​នាក់ នៅ​ជុំវិញ​គូ​បដិបក្ខ។
តាម​ការ​ស្រាវជ្រាវ ថ្វី​ត្បិត​តែ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​វត្តមាន​របស់​ល្បែង​ចត្រង្គ​នេះ​នា​សម័យ​បុរេ​អង្គរ​ក្ដី ក៏​ប៉ុន្តែ​​គេ​បាន​សន្និដ្ឋាន​​​ថា ល្បែង​ដ៏​ឧត្តុង្គឧត្តម​នេះ ត្រូវ​បាន​នាំចូល​មក​ជ្រោយ​សុវណ្ណភូមិ ឬ​សុវណ្ណ​ទ្វីប​ដោយ​ជនជាតិ​ឥណ្ឌា នា​ដើម​ស.វ​ទី​១ តាម​រយៈ​វិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ។ ល្បែង​ឥណ្ឌា​នេះ បាន​ទៅ​ដល់​ប្រទេស​ពែស្ស៍ ហើយ​ក៏​បាន​បន្ដ​ដំណើរ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ខាង​លិច និង​ប្រទេស​រុស្សី​ផង​ដែរ តាម​រយៈ​វិស័យ​ពាណិជ្ជកម្ម ចាប់​តាំង​ពី​សតវត្ស​ទី​៩។ ល្បែង​ចត្រង្គ​ខ្មែរ​ក៏​ដូច​ជា ឥណ្ឌា​ដែរ គឺ​មាន ៦៤ ក្រឡា ហើយ​ចែក​ចេញ​ជា​កូន​ខុន(ស្ដេច), កូន​នាង(អគ្គមហេសី), កូន​សេះ(មេទ័ព), និង​កូន​គោល(ទ័ពស្រួច) ហើយ​កូន​ទូក និង​ត្រី (សេនា)។
ជាក់ស្ដែង​នៅ​ក្នុង​រឿង​មហាភារតៈ​ឥណ្ឌា យើង​បាន​ឃើញ​មាន​ការ​ពិពណ៌នា​អំពី ការ​ភ្នាល់​លេង​អុក​រវាង​ក្រុម​បាណវៈ និង​កៅរវៈ។ យ៉ាង​ណា​មិញ យើង​ក៏​បាន​ដឹង​ដែរ​ថា ព្រះ​គ្រិស្ណៈ ក៏​បាន​លេង​ល្បែង​ចត្រង្គ​ជាមួយ​ព្រះ​នាង រធា ផង​ដែរ ដោយ​ល្បែង​នោះ​មាន ៦៤ក្រឡា ដូច​ល្បែង​អុក​សព្វថ្ងៃ​នេះ​ដែរ។ ចំណុច​សំខាន់​នៃ​ទេវកថា​នេះ ត្រូវ​បាន​ឆ្លាក់​នៅ​តាម​ប្រាង្គ​ប្រាសាទ​សិលា​ខ្មែរ ហើយ​មាន​ការ​ភ្នាល់​ដាក់ នគរ ប្រពន្ធ កូន ដោយ​ការ​លេង​អុក ដែល​ជា​មូលហេតុ​នៃ​សង្គ្រាម​ស៊ី​សាច់​ហុត​ឈាម​គ្នា​ផង។

ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ យើង​ក៏​ឃើញ​មេ​ទ័ព​ស្វា គឺ​សត្វ​ហនុមាន​លេង​អុក​ចត្រង្គ​បណ្ដើរ លើក​ជើង​ទទួល​ថ្ម​បណ្ដើរ រួច​បោះ​ទៅ​ក្នុង​ទឹក​មហា​សមុទ្រ ដើម្បី​ធ្វើ​ជា​ស្ពាន​ទៅ​កាន់​កោះ​លង្កា។ ក្នុង​រឿង​កាកី ដែល​ជា​ស្នា​ព្រះ​ហត្ថ​របស់ ព្រះ​បាទ​អង្គឌួង ក៏​យើង​ឃើញ​មាន​លេង​ល្បែង​អុក​ដែរ។ ស្ដេច​គ្រុឌ​ប្រែ​ក្រឡា​ជា​កំលោះ មក​លេង​អុក​ជាមួយ​ព្រះ​បាទ​ព្រហ្មទត្ត រួច​ហើយ​ក៏​ឆក់​យក​នាង​កាកី​ហោះ​បាត់​ទៅ។ នេះ​ឥត​និយាយ​ដល់​រឿង​ធនញ្ជ័យ ដែល​លេង​អុក​ផង។

ដូចនេះ ការ​លេង​អុក​នៅ​ប្រទេស​ខ្មែរ​មាន​អត្ថន័យ​ដូច​គ្នា នឹង​ការ​លេង​អុក​នៅ​ប្រទេស​ឥណ្ឌា និង​បាន​ប្រសូត​ចេញ​ពី​ប្រភព​តែ​មួយ។ ដោយ​ភាព​វិសេសវិសាល​នេះ​ហើយ ទើប​មាន​ការ​ឲ្យ​ន័យ​ថា “ល្បែង​អុក​ចត្រង្គ” ពី​ដើម​ពិត​ជា​សំដៅ​ដល់​ការ​រៀបចំ​ទ័ព​ទាំង​៤ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​យុទ្ធសាស្ត្រ មុន​ពេល​ចេញ​ទៅ​ច្បាំង​នៅ​សមរភូមិ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង